Register Already an agent ? Login

វឌ្ឍនភាព ធ្វើអគារមនី្ទរពេទ្យកម្ពុជា-ចិន ព្រះកុសុមៈកម្ពស់ ១១ជាន់ ក្នុងថវិកា ៨១លានដុល្លារ សម្រេចបាន ៩០%

ភ្នំពេញ៖ វឌ្ឍនភាព សាងសង់អគារមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ នាពេលនេះសង្កេតឃើញថា ការងារសឹងតែចប់សព្វគ្រប់ហើយប្រមាណ ៩០% ដែលនឹងអាចបញ្ចប់ការសាងសង់ទាំងស្រុង នៅចុងខែមករា ឆ្នាំ២០២២ខាងមុខ។ បើតាមការបញ្ជាក់របស់ លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្ដិ រដ្ឋលេខាធិការក្រសួងសុខាភិបាល។

ចុះពិនិត្យ និងវាយតម្លៃគម្រោងសាងសង់មន្ទីរពេទ្យ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ លោកស្រី យក់ សម្បត្ដិ បានថ្លែងថា ក្រោយពីបញ្ចប់ការងារទាំងស្រុង នឹងគោរពស្នើសុំការអញ្ជើញដ៏ខ្ពង់ខ្ពស់បំផុត ពីសម្តេចតេជោ ហ៊ុន សែន ដើម្បីមកសម្ពោធបើកឱ្យដំណើរការអគារមនី្ទរពេទ្យដ៏ធំស្គឹមស្គៃនេះ។

លោកស្រី វេជ្ជបណ្ឌិត បានថ្លែងបន្តថា អគារមនី្ទរពេទ្យនេះ គឺជាស្នាដៃមួយដ៏ធំធេង និងជាការប្តេជ្ញាចិត្តរបស់ប្រមុខរាជរដ្ឋាភិបាល ដែលតែងតែយកចិត្តទុកដាក់ក្នុងការបង្កើន និងពង្រីកនូវហេដ្ឋារចនាសម្ព័ន្ធ ដើម្បីផ្តល់នូវការព្យាបាលសុខភាពជូនប្រជាពលរដ្ឋ។ លោកស្រី បានបន្តទៀតថា អគារដ៏ស្គឹមស្គៃនេះ បានសហការជាមួយក្រុមហ៊ុននៅប្រទេសចិន ចាប់តាំងពីខែតុលា ឆ្នាំ២០១៨ រហូតមកដល់បច្ចុប្បន្ន។

អគារមនី្ទរពេទ្យកម្ពុជា-ចិន ព្រះកុសុមៈ ដែលមានកម្ពស់ ១១ជាន់ មាន ១៣២បន្ទប់ ឬស្មើនឹង ៤០០គ្រែ ទំហំ ២៨,៩០០ម៉ែត្រការ៉េ លើផ្ទៃដីសរុប ១៣,៧៤០ម៉ែត្រការ៉េ ដោយចំណាយថវិកាប្រមាណ ៨១លានដុល្លារ ក្រោមជំនួយឥតសំណងរបស់មិត្ដចិន។ បើតាមការថ្លែងបន្ថែមទៀតរបស់ លោកស្រី យក់ សម្បត្ដិ។

នាឱកាសចុះពិនិត្យនោះ រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រី យក់ សម្បត្ដិ បានថ្លែងថា ក្រសួងសុខាភិបាល មានមោទនភាពដោយទទួលបាននូវសមិទ្ធផល ដ៏ធំធេងជាជំនួយឥតសំណង របស់ចិន ដែលជាមិត្តដែកថែប និងជាភស្តុតាងបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជា-ចិន និងបន្តរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរ ឱ្យបានស្អិតល្មួត និងកាន់តែយូរអង្វែង ព្រោះថាមិត្តចិន តែងតែយកចិត្តទុកដាក់មកលើកម្ពុជា ជាពិសេសក្នុងវិស័យសុខាភិបាល ក្នុងដំណាក់កាលនៃការរាតត្បាតនៃជំងឺឆ្លងកូវីដ-១៩។

លោក Shi Xiaoguang ប្រធានក្រុមបច្ចេកទេសនៃគម្រោងសាងសង់ បានប្រាប់សារព័ត៌មាន Xinhua ថា អគារនេះនឹងក្លាយជាមន្ទីរពេទ្យដំបូងគេក្នុងប្រទេសកម្ពុជាដែលមានប្រព័ន្ធវេជ្ជសាស្រ្តទំនើប ប្រើប្រាស់ថាមពលទាប និងគុណភាពខ្ពស់។

គួបញ្ជាក់ថា អគារមន្ទីរពេទ្យនេះ ក៏មានសាងសង់មានព្រលានឧទ្ធម្ភាគចក្រ (Helicopter) ទម្ងន់មធ្យមពី ៣ ទៅ៥តោននៅលើដំបូលអគារ ស្របតាមការស្នើសុំបន្ថែមពីភាគីកម្ពុជា។ អគារនេះ ត្រូវចែកចេញជាផ្នែកៗសម្រាប់មុខងារមួយចំនួនដូចជា៖ ផ្នែកពិគ្រោះជំងឺក្រៅ ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកបច្ចេកវិទ្យាវេជ្ជសាស្ដ្រ ផ្នែកជំងឺទូទៅ ផ្នែកជំងឺវះកាត់ព្រមទាំងសេវា ជំនួយផ្សេងៗទៀត៕

ដោយ៖ មឿន ឌីណា (Moeun Dyna)