Register Already an agent ? Login

សម្ដេចតេជោ ហ៊ុន សែន ស្វាគមន៍ក្រុមហ៊ុន តូយ៉ូតាជប៉ុន ចង់បង្កើតរោងចក្រគ្រឿងបង្គុំ នៅក្នុងប្រទេសកម្ពុជា

ភ្នំពេញ៖ ប្រមុខរាជដ្ឋាភិបាលកម្ពុជា សម្ដេច តេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា «ទាក់ទងទៅនឹងបំណងមកវិនិយោគរបស់ ក្រុមហ៊ុនតូយ៉ូតា មកកាន់ប្រទេសកម្ពុជា ក៏ដូចជាក្រុមហ៊ុនផលិតអគ្គិសនី និងការគាំទ្រកំពង់ផែក្រុងព្រះសីហនុរបស់កម្ពុជា ខ្ញុំសូមបានស្វាគមន៍ និងសូមឱ្យបន្តធ្វើការងារនេះជាមួយនឹងស្ថាប័នពាក់ព័ន្ធជាបន្តបន្ទាប់ទៀត»។

ការថ្លែងស្វាគមន៍របស់ សម្ដេចតេជោ ហ៊ុន សែន ខាងលើនៅក្នុងជំនួបពិភាក្សាការងារជាមួយ ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា លោក Masahiro Mikami នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ នៅភូមិគ្រឹះក្រុងតាខ្មៅ ខេត្តកណ្ដាល។

បើតាមជំនួបនេះ លោក Masahiro Mikami បានលើកឡើងអំពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាង កម្ពុជានិងជប៉ុន ដែលក្នុងនោះមានលើវិស័យសុខាភិបាល ដែលជប៉ុនបានផ្ដល់វ៉ាក់សាំង Astrazeneca មកដល់កម្ពុជាហើយ ចំនួន៣០ម៉ឺនដូស និងការត្រៀមផ្ដល់ជំនួយដល់កម្ពុជា ជាបន្តទៀតដែលនឹងត្រូវចុះហត្ថលេខានៅពេលខាងមុខនេះ ដែលមានទឹកប្រាក់ប្រមាណ ១៤៥លានដុល្លារ។

ទាក់ទងទៅនឹងវិស័យការពារជាតិ លោក Masahiro Mikami បានជម្រាបជូន សម្តេចតេជោ ថា ឆ្នាំ២០២២ គឺជាខួប ៣០ឆ្នាំ នៃប្រតិបត្តិការរក្សាសន្តិភាព (PKO) ដោយជប៉ុននឹងត្រៀមបញ្ជូននាវាស្វ័យការពារជើងទឹកមកចុះចតនៅកម្ពុជា នៅកំពង់ផែរាម ក៏នឹងអញ្ជើញ លោក ហ៊ុន ម៉ាណែត ទៅទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុនផងដែរ។

បើតាមជំនួបដដែល ទាក់ទងទៅនឹងវិស័យកិច្ចសហប្រតិបត្តិការក្នុងតំបន់ ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យអាស៊ាន លោក Masahiro Mikami បានលើកឡើងបន្តថា ជប៉ុនបានផ្ដល់រថយន្តមួយចំនួនជូនដល់ក្រសួងការបរទេស និងផ្តល់នូវសម្ភារៈមួយចំនួនដែរ ហើយជប៉ុនក៏នឹងត្រៀម ផ្ដល់នូវកិច្ចសហប្រតិបត្តិការលើការគាំទ្រដល់កម្ពុជា ធ្វើយ៉ាងណាឱ្យកម្ពុជាទទួលបាននូវភាពជោគជ័យក្នុងនាមជាប្រធានអាស៊ាននាពេលខាងមុខ។

ចំពោះ វិស័យវិនិយោគវិញ លោកទូត ក៏បានបញ្ជាក់ទៅ សម្តេចតេជោថា ក្រុមហ៊ុន តូយ៉ូតា កំពុងតែរៀបចំស្នើសុំបង្កើតរោងចក្រគ្រឿងបង្គុំនៅក្នុងប្រទេសកម្ពុជា ហើយក៏មានក្រុមហ៊ុនដទៃទៀតកំពុងតែស្នើសុំបង្កើតរោងចក្រផលិតអគ្គិសនីដោយឧស្ម័នធម្មជាតិ និងពន្លឺព្រះអាទិត្យនៅកម្ពុជាផងដែរ។ ជាមួយគ្នានោះផងដែរ លោក ក៏បានបញ្ជាក់ទៅការលើការគាំទ្ររបស់ជប៉ុនធ្វើយ៉ាងណាជំរុញកំពង់ផែក្រុងព្រះសីហនុឱ្យទៅជាកំពង់ផែស្នូលរបស់ព្រះរាជាណាចក្រកម្ពុជា។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន  សែន បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានជួយដល់កម្ពុជា នារយៈពេលកន្លងមក ជាពិសេសថ្មីៗនេះដែលបានជួយលើការផ្ដល់វ៉ាក់សាំងកូវីដ-១៩ មកដល់កម្ពុជា និងជំនួយដទៃទៀតជាបរិក្ខាផ្សេងៗ ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ សម្ដេចតេជោក៏ បានថ្លែងអំណរគុណផងដែរចំពោះការផ្ដល់ជារថយន្ត ការផ្ដល់ជាសម្ភារៈ កិច្ចសហប្រតិបត្តិការក៏ដូចជាការគាំទ្រដើម្បីធ្វើយ៉ាងណាឱ្យកម្ពុជាទទួលបាននូវភាពជោគជ័យនៃកិច្ចប្រជុំអាស៊ាននាពេលខាងមុខ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)