Register Already an agent ? Login

សម្ដេច តេជោ ហ៊ុន សែន គាំទ្រគម្រោងសាងសង់ស្ពានចេញ ពីតំបន់វត្តព្រែកប្រា ឆ្ពោះទៅកាន់ផ្លូវ ៦០ម៉ែត្រ

ភ្នំពេញ៖ សម្ដចតេជោ នាយករដ្ឋមន្រ្តី ហ៊ុន សែន បានគាំទ្រគម្រោងសាងសង់ស្ពានមួយកន្លែងទៀត ឆ្លងកាត់ទន្លេបាសាក់នៅចាក់អង្រែក្រោម រាជធានីភ្នំពេញ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ ឆ្លងកាត់ស្ពានព្រះមុនីវង្សសព្វថ្ងៃ។ បើតាមការបញ្ជាក់របស់ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន។

ការថ្លែងបញ្ជាក់ខាងលើរបស់ លោក ស៊ុន ចាន់ថុល នាឱកាសជួបសំណេះសំណាលជាមួយនិស្សិតថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ២០២០-២០២១ នៃវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន ដែលត្រូវប្រឡងបញ្ចប់ឆមាសទី២ ជំនាន់ទី១ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១។

តាមការថ្លែងកន្លងមក របស់ លោក វ៉ាស៊ីម សូរិយា អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូនថា ស្ពាននេះនឹងចេញពីតំបន់វត្តព្រែកប្រា ឆ្ពោះទៅកាន់ផ្លូវ ៦០ម៉ែត្រ ប៉ុន្តែគម្រោងនេះស្ថិតក្រោមរដ្ឋបាលរាជធានីភ្នំពេញ ឬយ៉ាងណានោះ លោកមិនដឹងនោះទេ។ លោកបន្តថា តាមធម្មតាគម្រោងស្ថិតក្នុងដែនសមត្ថកិច្ចរបស់បាលរាជធានីភ្នំពេញ យើងមិនដឹងលំអិតនោះទេ។

«យ៉ាងណាក៏ដោយស្ពាននេះ មានប្រវែងវែងប៉ុណ្ណា និងចំណាយទឹកប្រាក់ប៉ុន្មានក្នុងសាងសង់ មិនមានព៌តមានលំអិតជូននោះទេ។ បើតាមការបញ្ជាក់របស់ លោក វ៉ាស៊ីម សូរិយា បានបន្តថា ស្ពាននេះនឹងជួយសម្រូលចរាចរណ៍ យ៉ាងល្អប្រសើរនៅតំបន់នេះ ព្រោះបច្ចុប្បន្ននៅតំបន់សងខាងទន្លេនេះ មិនមានច្រកចេញ ដែលអាចសម្រួលការកកស្ទះចរាចរណ៍នៅឡើយទេ ក្រៅពីស្ពានមុនីវង្ស និងស្ពានព្រែកសំរោង។ ជាក់ស្តែងការកកស្ទះចរាចរណ៍បច្ចុប្បន្ន ពិសេសរៀងរាល់ម៉ោងចូល និងចេញពីធ្វើការ បាននិងកំពុងកើតមានលើផ្លូវជាតិលេខ២ ចេញពីស្តុបវត្តចក្រអង្រែក្រោម រហូតដល់មុខក្រសួងមហាផ្ទៃ។

នាឱកាសជួបសំណេះសំណាលនោះ លោក រដ្ឋមន្រ្តី បានថ្លែងបញ្ជាក់ថា «ចង់ឃើញនិស្សិតជំនាន់ក្រោយរបស់យើងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកសាង ប្រទេសជាតិមាតុភូមិ ជាពិសេស កសាងវិស័យសាធារណការ និងដឹកជញ្ជូនដែលជាវិស័យមួយដ៏មាន សារសំខាន់ឱ្យមានការរីកចម្រើន»។

លោក មានសុទិដ្ឋិនិយមថា វិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន ជាថ្នាលបណ្តុះបណ្តាលតែមួយគត់នៅកម្ពុជាក្នុងការផ្ដល់ចំណេះដឹង ចំណេះធ្វើដល់និស្សិតឱ្យក្លាយជា វិស្វករ អាចកសាងផ្លូវ ស្ពានប្រកបដោយគុណភាពជូនប្រទេសជាតិមាតុភូមិយើង ដូនតាយើងបានសាង សង់ប្រាង្គប្រាសាទអង្គរវត្ត និងប្រាសាទផ្សេងទៀត មានអាយុកាលរាប់ពាន់ឆ្នាំ មិនទាន់ខូចនៅឡើយ ដូច្នេះយើងមនុស្សជំនាន់ក្រោយគួរតែអាចកសាងស្ពានឆ្លងទន្លេមេគង្គបានដោយខ្លួនឯង។

លោក រដ្ឋមន្ត្រី ក៏បានជំរុញលើកទឹកចិត្តផងដែរដល់និស្សិតជំនាន់ទី១ ឱ្យខិតខំប្រឹងប្រែងរៀនសូត្រ ឱ្យពូកែមានឆន្ទៈខ្ពស់ក្នុងការសិក្សា ដើម្បីមានសមត្ថភាពបច្ចេកទេស ចំណេះដឹង និងជំនាញអាចកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និងយកចំណេះវិជ្ជាទៅជួយកសាងប្រទេសជាតិមាតុភូមិឱ្យបានរុងរឿងថែមទៀត ដើម្បីមោទនភាពថ្នាក់ដឹកនាំនៅក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាថ្នាក់ដឹកនាំប្រទេសជាតិ យើងផងដែរ។

លោក ស៊ុន ចាន់ថុល បានសន្យាថា នឹងនាំយកនិស្សិត ទៅកាន់ការដ្ឋានសាង សង់នានាដូចជា៖ ការដ្ឋានផ្លូវល្បឿនលឿន កំពង់ផែ គម្រោងសាងសង់ផ្លូវមួយចំនួនទៀតរួមមានគម្រោង សាងសង់ស្ពាននៅក្រចេះ គម្រោងពង្រីកផ្លូវពីស្គន់ទៅកំពង់ចាមពីពីរគន្លងទៅបួនគន្លង គម្រោងពង្រឹង គុណភាពផ្លូវជាតិលេខ៣១ ៣៣ និង៤១ រួមទាំងព្រលានយន្តហោះភ្នំពេញថ្មីផងដែរទោះបីគម្រោងនេះ មិនស្ថិតនៅក្នុងក្របខណ្ឌក្រសួងសាធារណការ និងដឹកជញ្ជូនការក៏ដោយ ដើម្បីស្វែងយល់ពីបទ ពិសោធន៍ និងការអនុវត្តជាក់ស្តែងលើការងារសាធារណការ។

សូមបញ្ជាក់ថា គម្រោងសាងសង់ស្ពានចេញ ពីតំបន់វត្តព្រែកប្រា ឆ្ពោះទៅកាន់ផ្លូវ៦០ម៉ែត្រ គម្រោងទី១៖ តភ្ជាប់ត្រង់ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម និងភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា។ ស្ថាននេះ ចាប់បន្តពីមហាវិថីអ្នកឧកញ៉ា ហ៊ុន នាង ឆ្លងកាត់ផ្លូវជាតិលេខ២ ផ្លូវទទឹង៧ម៉ែត្រ ជាប់ខាងជើងវត្តចាក់អង្រែក្រោម ទន្លេបាសាក់ ផ្លូវលេខ៣៦៩ និងតភ្ជាប់ គម្រោងផ្លូវ៣០-៥០ម៉ែត្រ មានប្រវែងសរុបប្រមាណ៨៨៧ម៉ែត្រ។

គម្រោងទី២៖ តភ្ជាប់ត្រង់ភូមិព្រែកតាឡុង២ សង្កាត់ចាក់អង្រែក្រោម និងភូមិអូអណ្តូង សង្កាត់ព្រែកប្រា។ ស្ពាននឹងត្រូវស្ថាបនាចាប់បន្តពីគម្រោងផ្លូវ ៥០-៦០ម៉ែត្រ ផ្លូវអ្នកឧកញ៉ា ហ៊ុន នាង ឆ្លងកាត់ផ្លូវជាតិលេខ២ ទន្លេបាសាក់ ផ្លូវលេខ៣៦៩ និងតភ្ជាប់ទៅគ្រោងផ្លូវ៥០-៦០ម៉ែត្រ ដែលមានប្រវែង៩០០ម៉ែត្រ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)