Register Already an agent ? Login

កម្ពុជា នឹងទទួលហិរញ្ញប្បទានឥតសំណងពី អាមេរិក ៣០០លានដុល្លារ អភិវឌ្ឍវិស័យសំខាន់ៗចំនួន៤ រយៈពេល ៥ឆ្នាំ

ភ្នំពេញ៖ អាមេរិក នឹងផ្ដល់ហិរញ្ញប្បទានឥតសំណងដល់កម្ពុជាប្រមាណ ៣០០លានដុល្លារ សម្រាប់អភិវឌ្ឍវិស័យសំខាន់ៗមានដូចជា៖ សុខាភិបាល អប់រំ កសិកកម្ម និងបរិស្ថាន រយៈពេល ៥ឆ្នាំ។ បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបញ្ជាក់ថា ជំនួយឥតសំណងនេះ នឹងចុះហត្ថលេខទទួលក្នុងអំឡុងឆមាសទី១ ឆ្នាំ២០២២។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបន្តឱ្យដឹងថា ជំនួយឥតសំណងទឹកប្រាក់ប្រមាណ ៣០០លានដុល្លារនេះ ជាកិច្ច​ព្រមព្រៀងស្ដីពីហិរញ្ញប្បទានសហប្រតិបត្តិការអភិវឌ្ឍន៍ឆ្នាំ២០២១-២០២៥​ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអាមេរិក ដែលគ្រោងនឹងបញ្ចប់ការចរចារខាងមុខនេះ។

កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ លោក ឈៀង យ៉ាណារ៉ា រដ្ឋ​មន្ដ្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ដ្រី និង​ជា​អគ្គលេខា​ធិការ​គណៈ​កម្មាធិការ​នីតិ​សម្បទា និង​អភិវឌ្ឍន៍​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (គ.ជ.នា/ក.អ.ក) បាន​ទទួល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ជាមួយ លោក W. Patrick Murphy ឯកអគ្គ​រដ្ឋ​ទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​សហរដ្ឋ​អាមេរិក ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា។ ​បើតាមការបន្តនៅក្នុងសេចក្ដីប្រកាសព័ត៌ CDC។

បើតាមសេចក្ដីប្រកាសព័ត៌មាននេះបានបន្តទៀតថា គោល​បំណង​ចម្បង​នៃ​ជំនួប​នេះ​គឺ ដើម្បី​សម្តែង​ការ​គួរ​សម និង​ធ្វើការ​ណែនាំ​សមាស​ភាព​ប្រធាន​បេសកកម្ម​ថ្មីនៃ​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​ដើម្បី កិច្ច​អភិវឌ្ឍន៍​អន្តរជាតិ (USAID) ព្រម​ទាំង​ពិភាក្សា​លើ​អាទិភាព​ការងារ​នៃ​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​ទេ្វភាគី ក៏​ដូចជា​ផ្លាស់ប្តូរ​យោបល់​លើ​ប្រធាន​បទ​ពាក់ព័ន្ធ​ផ្សេង​ទៀត។

នៅក្នុងជំនួបនោះ ភាគីទាំងពីរបានពិភាក្សាគ្នាលើវឌ្ឍនភាពសម្រេចបាននៃកិច្ចសហប្រតបត្តិការអភិវឌ្ឍនទ្វេភាគី និងសេចក្តីព្រាងកិច្ចព្រមពៀងស្តីពីហិរញ្ញប្បទានសហប្រតិបត្តិការអភិវឌ្ឍន៍ឆ្នាំ២០២១-២០២៥។ ជាមួយគ្នានេះ ភាគីទាំងពីរ នឹងជំរុញវិស័យពាណិជ្ជកម្ម និងការនាំចេញ-ចូលរវាងប្រទេសទាំងពីរ។

​គូសបញ្ជាក់ថា កន្លងអាមេរិក បានផ្តល់ការគាំទ្រទាំងផ្នែកបច្ចេកទេសនិងហិរញ្ញវត្ថុដល់កម្ពុជា លើវិស័យសុខាភិបាល អប់រំ កសិកម្ម បរិស្ថាន និងអភិបាលកិច្ច ហើយនិងអន្តរវិស័យ និងផ្តល់ថវិកាឥតសំណងប្រមាណ ១៥លានដុល្លារ និងវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ប្រភេទ Johnson&Johnson ចំនួន ១,០៦លានដូស ដល់កម្ពុជា ដើម្បីឆ្លើយតបនឹងជំងឺកូវីដ-១៩ និងវិធានការស្តារសង្គម-សេដ្ឋកិច្ចកម្ពុជាឡើងវិញផងដែរ៕

ដោយ៖ មឿន ​ឌីណា (Moeun Dyna)