Register Already an agent ? Login

រយៈពេល ១០ខែ ឆ្នាំ២០២១ ពាណិជ្ជកម្ម កម្ពុជា-ចិន សម្រេចបានជិត ១១ប៊ីលានដុល្លារ កើនឡើង ៤៥.៩%

ភ្នំពញ៖ ក្នុងរយៈពេល ១០ខែឆ្នាំ២០២១ ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសកម្ពុជានិងចិន សម្រេចបានប្រមាណ ១០.៩៨ ប៊ីលានដុល្លារ កើនឡើង ៤៥.៩% ប្រៀបធៀបនឹងឆ្នាំ២០២០ ដែលលើសពីការកំណត់របស់ប្រមុខដឹកនាំនៃប្រទេសទាំងពីរ ឱ្យសម្រេចបាន ១០ប៊ីលានដុល្លារ ត្រឹមឆ្នាំ២០២៣។ យោងតាមនិន្នន័យរបស់ចិន ដែលក្រសួងពាណិជ្ជកម្មកម្ពុជា ផ្សាយនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១។

ក្រសួងពាណិជ្ជកម្មកម្ពុជា បានស្រង់និន្នន័យរបស់ចិនបន្តឱ្យដឹងថា គិតត្រឹមខែតុលា ឆ្នាំ២០២១ ក្រុមហ៊ុនចិនបានវិនិយោគនៅកម្ពុជាប្រមាណ ៩.៣៥ប៊ីលានដុល្លារ ក្នុងនោះរួមមាន៖ វិស័យកសិកម្ម អគ្គិសនី សំលៀកបំពាក់ និងគមនាគមន៍។

ក្រសួងបន្តទៀតថា បើតាមទិនិន្នន័យដដែល បានបញ្ជាក់ឱ្យដឹងទៀតថា «លើសពីនេះ គិតត្រឹមខែតុលា ឆ្នាំ២០២១ ក្រុមហ៊ុនចិនបានចុះហត្ថលេខាលើកិច្ចសន្យាទទួលសាងសង់ស្ថាបត្យកម្មក្នុងចំនួនទឹកប្រាក់សរុប ៣៤.១៥ប៊ីលានដុល្លារ និងបានបញ្ចប់ក្នុងចំនួនទឹកប្រាក់ ២១.៣ប៊ីលានដុល្លារ ក្នុងនោះរួមមាន៖ គម្រោងពហុកីឡាដ្ឋានជាតិមរតកតេជោ ដែលជាជំនួយបរទេសដ៏ធំបំផុតរបស់ចិនមានតម្លៃប្រមាណ ១៥០លានដុល្លារ»។

បើតាមរបាយការណ៍ផ្ទាល់របស់ក្រសួងពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា ជាមួយគ្នានេះ ក្នុងរយៈពេល ១០ខែនៃឆ្នាំ២០២១ ចិនបាននាំចូលផលិតផលកសិកម្មពីកម្ពុជាប្រមាណ ៣៨០លានដុល្លារ កើនឡើងប្រមាណ ៣៩.៨% ទោះបីប្រៀបធៀបនឹងតម្លៃក្នុងរយៈពេលពេញមួយឆ្នាំនៃឆ្នាំ២០២០ ក៏ដោយ។

ក្រសួងបានបន្ថែមថា ភាគីចិនសន្យា នឹងជំរុញការនាំចូលដោយផ្ទាល់នូវផលិតផលកសិកម្មរបស់កម្ពុជាដែលមានគុណភាពទៅចិន ដោយត្រូវស្របតាមវិធានការអនាម័យនិងភូតគាមអនាម័យ (SPS) ដើម្បីនាំមកនូវផលប្រយោជន៍ដោយផ្ទាល់ដល់សហគ្រាសរបស់កម្ពុជា ព្រមទាំងធានាថាផលិតផលដែលផលិត និងនាំចេញទៅចិន ត្រូវបានត្រួតពិនិត្យនិងធានាថាមានគុណភាពល្អ និងគ្មានសត្វល្អិតចង្រៃ ដែលអាចប៉ះពាល់ដល់ផលិតកម្ម និងសុខភាពមនុស្សនិងសត្វនៅប្រទេសចិន។

ទន្ទឹមនេះដែរ ភាគីចិនបានឯកភាពនឹងពិចារណាពង្រីកកូតានាំចូលអង្ករពីកម្ពុជាដល់ ៥០០,០០០តោន ក្នុង១ឆ្នាំ បន្ទាប់ពីកម្ពុជានាំចេញអង្ករទៅចិនគ្រប់កូតា ៤០០,០០០តោន ក្នុងរយៈពេល ១៧ខែ ដូចបានឯកភាពគ្នាក្នុងអនុស្សរណៈយោគយល់គ្នាស្តីពីពាណិជ្ជកម្មអង្ករដែលទើបនឹងចុះហត្ថលេខាកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅនេះ។ បើតាមការបន្ថែមទៀតរបស់ក្រសួងពាណិជ្ជកម្ម។

ក្រសួងពាណិជ្ជកម្មកម្ពុជា បានបញ្ជាក់ទៀតថា ជារួមភាគីទាំងពីរបានអបអរចំពោះការដែលកម្ពុជាបានទាញយកអត្ថប្រយោជន៍ជាច្រើនក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធ វារីអគ្គិសនី ផ្លូវស្ពានថ្នល់ ព្រលានយន្តហោះ និងកំពង់ផែ ការបង្កើតតំបន់សេដ្ឋកិច្ចពិសេស និងកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី។ ភាគីទាំងពីរនឹងរៀបចំផែនការដើម្បីទាញយកប្រយោជន៍ឱ្យបានកាន់តែច្រើនពីគំនិតផ្តួចផ្តើមនេះ។

បើតាមក្រសួងពាណិជ្ជកម្មបានឱ្យដឹងទៀតថា លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម  តំណាង លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូអន្តរក្រសួង ចូលរួមកិច្ចប្រជុំគណៈកម្មការស្តីពីសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជា-ចិនលើកទី៦ (6th CCETCC) តាមរយៈប្រព័ន្ធវីដេអូ ជាមួយលោក Ren Hongbin អនុរដ្ឋមន្ត្រីពាណិជ្ជកម្មចិន កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១។

កិច្ចប្រជុំនេះ មានការចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធរបស់ភាគីទាំងពីរ ដើម្បីពិនិត្យវឌ្ឍនភាពលើកិច្ចសហប្រតិបត្តិការតាមវិស័យពាក់ព័ន្ធនីមួយៗ ដែលសម្រេចបានក្នុងរយៈកាលកន្លងមក រិះរកវិធីនិងមធ្យោបាយអនុវត្តសេចក្តីណែនាំរបស់ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរដែលបានជួបគ្នាកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ និងពិភាក្សាដើម្បីកំណត់ទិសដៅសម្រាប់បង្កើនកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែមទៀតក្នុងបរិបទថ្មី។

បើតាមកិច្ចប្រជុំខាលើ ភាគីទាំងពីរថា នឹងរៀបចំសិក្ខាសាលាដើម្បីជំរុញការអនុវត្ត CCFTA សំដៅបង្កើតការធ្វើពាណិជ្ជកម្ម និងទាក់ទាញ វិនិយោគបន្ថែមទៀត ព្រមទាំងបានប្ដេជ្ញាជំរុញបន្ថែមទៀតនូវមិត្តភាព «ដែកថែប» និងខិតខំរួមគ្នាដើម្បីប្រែក្លាយជាតំបន់ ដែលមានអនាគតរួមគ្នា មានសន្តិសុខ និងការអភិវឌ្ឍ។

លើសពីនេះ ភាគីទាំងពីរក៏បានឯកភាពនឹងបន្តគាំទ្រគ្នាកិច្ចសហប្រតិបត្តិការ E-commerce បង្កើតចំណងអាជីវកម្មឱ្យបានកាន់តែជិតស្និទ្ធ និងស្វែងរកឱកាសអាជីវកម្មក្នុងយុគសម័យ ឌីជីថលបន្ថែមទៀត តាមរយៈការលើកទឹកចិត្តដល់ក្រុមហ៊ុនចិន មកវិនិយោគនៅកម្ពុជា និងកិច្ចពង្រឹងការផ្លាស់ប្តូរនិងចូលរួមក្នុងវេទិកាពិព័រណ៌ ជាពិសេសភាគីចិននឹងផ្តល់ជាជំនួយដល់កម្ពុជាលើការកសាងសមត្ថភាពពាក់ព័ន្ធនឹងការអនុវត្តគម្រោងពីភាពជោគជ័យរវាងភាពជាដៃគូរដ្ឋ និងឯកជនផងដែរ។

នៅកិច្ចបញ្ចប់ ភាគីទាំងពីរឯកភាពក្នុងការចាត់ចែងក្រុមការងារ បន្តធ្វើការរួមគ្នាដើម្បីអនុវត្តកិច្ចការដែលបានពិភាក្សា និង ឯកភាពក្នុងកិច្ចប្រជុំ 6th CCETCC នេះ សំដៅជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើងថែមទៀត ហើយកម្ពុជានឹងទទួលរៀបចំកិច្ចប្រជុំលើកទី៧ នៃគណៈកម្មការស្តីពីសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជា-ចិន នៅក្នុងឆ្នាំខាងមុខ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)