Register Already an agent ? Login

ខេត្តកោះកុង នឹងមានកំពង់ផែទឹកជ្រៅលើផ្ទៃដីជាង ៤៩២ហិកតា នៅភូមិព្រែកខ្សាច់ និងភូមិយាយសែន ស្រុកគិរីសាគរ

កោះកុង៖ គម្រោងបង្កើតកំពង់ផែទឹកជ្រៅ  របស់ក្រុមហ៊ុនកោះកុង អេស អ៊ី ហ្សិត ខូ អិលធីឌី (Koh Kong SEZ Co,ltd.) រួមមាន អគាររដ្ឋបាល អគារឃ្លាំង អគាររោងជាង និងកំពង់ផែទឹកជ្រៅ ជាដើម លើផ្ទៃដីចំនួន ៤៩២.៦៤ហិកតា ស្ថិតក្នុងភូមិព្រែកខ្សាច់ និងភូមិយាយសែន ឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង អាជ្ញាធរខេត្តកោះកុងបានយល់ព្រម ដោយឱ្យក្រុមហ៊ុន ពិនិត្យលើផលប៉ះពាល់បរិស្ថាន និងសង្គម។

គម្រោងខាងលើ លោក អ៊ុក ភ័ក្ត្រា អភិបាលរងខេត្ត និងជាតំណាងលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិគ្រោះយោបល់ អំពីការសិក្សាវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ តាមប្រព័ន្ធអនឡាញ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១។

បើតាមកិច្ចប្រជុំនេះ លោក អ៊ុក ភ័ក្ត្រា បានបង្ហាញនូវសេចក្តីសោមនស្សរីករាយស្វាគមន៍ និងគាំទ្របំផុតចំពោះគម្រោងរបស់ក្រុមហ៊ុនកោះកុង អេស អ៊ី ហ្សិត ខូ អិលធីឌី ដែលបានជ្រើសរើសមូលដ្ឋានខេត្តកោះកុង សម្រាប់ការវិនិយោគកំពង់ផែទឹកជ្រៅនេះ ដែលនឹងជួយជំរុញវិស័យដឹកជញ្ជូនតាមផ្លូវទឹករបស់ខេត្ត និងជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចប្រទេសជាតិ។

នៅក្នុងកិច្ចប្រជុំ លោក អភិបាលរងខេត្តកោះកុង បានស្នើឱ្យក្រុមហ៊ុនខាងលើ កាត់បន្ថយអតិបរមានូវផលប៉ះពាល់ដល់ធនធានជីវចម្រុះ និងបរិស្ថាននៅក្នុងតំបន់អនុវត្តន៍គម្រោង តាមរយៈវិធានការចាំបាច់ដែលមានស្រាប់ និងស្នើសុំឱ្យបង្កើតគម្រោងអភិវឌ្ឍន៍មូលដ្ឋានគាំទ្រសំដៅធានាដល់ធនធានជីវចម្រុះ និងបរិស្ថានមានស្ថិរភាព ជាពិសេសផ្កាថ្ម។

ជាមួយគ្នានេះ ជួយរក្សាការពារច្រាំង និងឆ្នេរខ្សាច់ តាមរយៈការដាំដើមកោងកាង រក្សាទុកស្មៅសមុទ្រ និងរុក្ខជាតិដែលមានដុះស្រាប់នៅតាមតំបន់ឆ្នេរ ឬវិធីសាស្ត្រផ្សេងៗទៀត ក្នុងនោះដែរ យកចិត្តទុកដាក់ខ្ពស់អំពីការគ្រប់គ្រងសំណល់ចេញពីកប៉ាល់នានា ដូចជា៖ ប្រេងម៉ាស៊ីនជាដើម ព្រមទាំងសំណល់រឹង-រាវ នៅក្នុងតំបន់អនុវត្តន៍គម្រោង។

បើតាម លោក អ៊ុក ភ័ក្ត្រា បានបញ្ជាក់ថា «សំណង់អគារ និងសំណង់កំពង់ផែត្រូវគោរពតាមស្តង់ដាបច្ចេកទេស និងបទដ្ឋាននានារបស់រាជរដ្ឋាភិបាល»។ លោក បានលើកទឹកចិត្តឱ្យជ្រើសរើសកម្លាំងពលកម្មមូលដ្ឋានជាអាទិភាព និងបង្កឱ្យមានលក្ខណៈអភិវឌ្ឍន៍សមត្ថភាព និងបណ្តុះបណ្តាលវិជ្ជាជីវៈជូនប្រជាពលរដ្ឋ ដើម្បីបង្កើនជីវភាព និងប្រាក់ចំណូលឱ្យកាន់តែល្អប្រសើរ។

បើតាម លោកអភិបាលរងខេត្តកោះកុង គម្រោងអភិវឌ្ឍន៍កំពង់ផែសមុទ្រទឹកជ្រៅនេះ ធ្វើឡើងក្រោមការវិនិយោគទុនដ៏ធំមួយ របស់ក្រុមហ៊ុនកោះកុង អេស អ៊ី ហ្សិត ខូ អិលធីឌី (អ្នកឧកញ៉ា លី យ៉ុងផាត់)។ មិនទាន់ដឹងចាប់ផ្តើមដំណើរការជាផ្លូវការនៅពេលណានោះទេ ពោលគឺនេះគ្រាន់តែជាការសិក្សាបឋមប៉ុណ្ណោះ។ ពេលមានព័ត៌មានលម្អិតថ្មី លោក នឹងផ្តល់ជូននៅពេលក្រោយ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)