Register Already an agent ? Login

នៅឆ្នាំ២០២២ កម្ពុជានឹងទទួលវិនិយោគិន ពីប្រទេសប្រើសភាសាបារាំង ដែលចង់ឈ្វេងយល់ពីសក្តានុពលសេដ្ឋកិច្ចកម្ពុជា

ភ្នំពេញ៖ លោក ហ្សាក់ ប៉ឺឡេត៍ ឯកអគ្គរដ្ឋទូតបារាំងថ្មីប្រចាំកម្ពុជា បានថ្លែងបញ្ជាក់នៅក្នុងជំនួបជាមួយ សម្ដេច សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា ថា នៅខែមីនា ឆ្នាំ២០២២ អគ្គលេខាធិការនៃប្រទេសប្រើភាសាបារាំង នឹងអញ្ជើញមកបំពេញទស្សនិច្ចនៅប្រទេសកម្ពុជា ដោយអមមកជាមួយនូវអ្នកវិនិយោគិនជាច្រើន ដើម្បីឈ្វេងយល់អំពីសក្តានុពលសេដ្ឋកិច្ចនៅប្រទេសកម្ពុជា។

ជំនួបខាងលើធ្វើឡើងនាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋបារាំងថ្មី ប្រចាំកម្ពុជា លោក ហ្សាក់ ប៉ឺឡេត៍ បាន បានថ្លែងបន្តថា ជាមួយគ្នានេះ ប្រធានក្រុមមិត្តភាពព្រឹទ្ធសភាបារាំងជាមួយព្រឹទ្ធសភាកម្ពុជា ក៏គ្រោងនឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ផងដែរ។

បើតាមជំនួបនេះ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា បានស្វាគមន៍ចំពោះ ប្រទេសប្រើភាសាបារាំង និងអ្នកវិនិយោគ ដែលនឹងអញ្ជើញមកបំពេញទស្សនិច្ចនៅប្រទេសកម្ពុជា នាពេលខាងមុខនេះ។ សម្តេច មានជំនឿជឿជាក់ថា ក្នុងអាណត្តិបេសកកម្មការទូតរបស់ លោក ហ្សាក់ ប៉ឺឡេត៍ នឹងខិតខំប្រឹងប្រែងបន្តលើកកម្ពស់ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជននៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងខ្លាំងក្លាជាងនេះទៅទៀត។

សម្តេច សាយ ឈុំ បានសម្តែងនូវសេចក្តីសប្បាយរីករាយ ដោយបានមើលឃើញថាទំនាក់ទំនងរវាងប្រជាជន និងប្រទេសទាំងពីរមានការរីកចម្រើនឥតឈប់ឈរ។ សម្តេច មានជឿជាក់ថា ព្រឹទ្ធសភានៃប្រទេសទាំងពីរនឹងបន្តសកម្មភាពកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន ក្នុងពេលស្ថានភាព ជំងឺកូវីដ-១៩ បានធូរស្រាល។

សម្តេច ប្រធានព្រឹទ្ធសភា បានត្រៀមខ្លួនជានិច្ច ដើម្បីធ្វើកិច្ចសហប្រតិបត្តិការដ៏ជិតស្និទជាមួយនឹង ឯកអគ្គរដ្ឋទូត និងស្ថានទូតបារាំងប្រចាំកម្ពុជា ដើម្បីរួមចំណែកពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការនាំមកនូវផលប្រយោជន៍ទៅវិញទៅមកជូនប្រជាជន និងប្រទេសទាំងពីរ។

ឯកអគ្គរដ្ឋទូត បានបញ្ជាក់ថា តាមរយៈបេកសកកម្មការទូតនៅកម្ពុជា លោក បានមត្រៀមខ្លួនជាស្រេច ដើម្បីសម្របសម្រួល កិច្ចការទាំងអស់នេះ និងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុងការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ បន្ថែមទៀត។

លោក ហ្សាក់ ប៉ឺឡេត៍ បានកត់សម្គាល់ឃើញថា ប្រទេសកម្ពុជាមានការផ្លាស់ប្តូរ និងរីកចម្រើនលើគ្រប់វិស័យយ៉ាងឆាប់រហ័ស។ លោក បានបន្តថា លោក មានជំនឿជឿជាក់ថា ទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរនឹងកានតែរីកចម្រើនថែមទៀត៕

ដោយ៖ មឿន ឌីណា (Moeun Dyna)