Register Already an agent ? Login

ខេត្តពោធិ៍សាត់ បានពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតជាង ៦ពាន់ម៉ែត្រត្រីគុណក្នុងមួយថ្ងៃ ក្រោមកម្ចីឥតសំណងពីជប៉ុនជិត ២២លានដុល្លារ

ពោធិ៍សាត់៖ កម្ពុជា បានទទួលហិរញ្ញប្បទានឥតសំណងពីជប៉ុនប្រមាណជិត ២២លានដុល្លារ ពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅខេត្តពោធិ៍សាត់ ដែលអាចផលិតទឹកស្អាតបាន ៦.៦០០ ម៉ែត្រត្រីគុណក្នុងមួយថ្ងៃ។

នៅក្នុងពិធីបើកការដ្ឋានសាងសង់គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្ត​ពោធិ៍សាត់​ កាលពីថ្ងៃទី១៣ ​ខែធ្នូ ឆ្នាំ២០២១ លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានថ្លែងឱ្យដឹងថា ហិរញ្ញប្បទានឥតសំណងប្រមាណជិត ២២លានដុល្លារ ពីប្រទេសជប៉ុននឹងត្រូវបែងចែកដូចខាងក្រោម៖

ទី១-សាងសង់ស្ថានីយបូមទឹកឆៅ ដែលមានសមត្ថភាពបូមទឹកបាន ៧,២៦០ម៉ែត្រត្រីគុណក្នុងមួយថ្ងៃ និងរោងចក្រប្រព្រឹត្តិកម្មទឹកស្អាត ដែលមានសមត្ថភាពផលិតទឹកស្អាតបាន ៦,៦០០ម៉ែត្រត្រីគុណក្នុងមួយថ្ងៃ សាងសង់អគាររដ្ឋបាល តំឡើងបំពង់បូមទឹកឆៅដែលមានប្រវែង ៨.៣គីឡូម៉ែត្រ និងបំពង់ចែកចាយទឹកស្អាតដែលមានប្រវែង ៧៥.៤គីឡូម៉ែត្រ។

ទី២-ធ្វើលទ្ធកម្មសម្ភារមន្ទីរពិសោធន៍សម្រាប់ការវិភាគគុណភាពទឹក ឧបករណ៍ប្រើប្រាស់សម្រាប់គ្រឿងអគ្គីសនី ម៉ាស៊ីន និងមេកានិក សម្ភារៈនិងបរិក្ខារសម្រាប់ការតបណ្តាញចូលផ្ទះ រួមទាំងគ្រួសារក្រីក្រ ព្រមទាំងប្រព័ន្ធគ្រប់គ្រងគណនេយ្យ។

ទី៣-ផ្តល់ជាជំនួយបច្ចេកទេសសម្រាប់ប្រតិបត្តិការ និងគ្រប់គ្រងបរិក្ខារដែលបានសាងសង់ និងការគ្រប់គ្រងផលិតកម្ម។

លោក រដ្ឋមន្រ្តី បានបញ្ជាក់ឱ្យដឹងទៀតថា គម្រោងសាងសង់ដែលមានតម្លៃចំនួន ២,៤០៥លានយ៉េន (២១.៩លានដុល្លារ) គ្រោងបញ្ចប់ការសាងសង់ត្រឹមខែសីហា ឆ្នាំ២០២៣។

បើតាម លោក ចម ប្រសិទ្ធ បានថ្លែងបន្តថា ក្រោយបញ្ចប់ការសាងសង់ សមត្ថភាពផ្គត់ផ្គង់ទឹកស្អាតរបស់រដ្ឋាករទឹកខេត្តពោធិ៍សាត់នឹងកើនដល់ចំនួន ១៣,៨៦០ម៉ែត្រត្រីគុណក្នុងមួយថ្ងៃ។ ជាមួយនឹងសមត្ថភាពនេះ ដោយរំពឹងថានៅឆ្នាំ២០២៥ ប្រជាជននៅទីប្រជុំជនចំនួន ៨៦.១% (១១០,៥៣១នាក់) និងប្រជាជនក្នុងតំបន់សេវាទឹកស្អាតរដ្ឋាករទឹកខេត្តពោធិ៍សាត់ចំនួន ៦៧.៩% នៃចំនួនប្រជាជនសរុប (១១០,៥៣១នាក់) នឹងទទួលបានអត្ថប្រយោជន៍។

លោក បានថ្លែងបន្តទៀតថា នេះជាគម្រោងហិរញ្ញប្បទានឥតសំណងទី២ ដែលរដ្ឋាភិបាលជប៉ុន ផ្តល់ដល់រដ្ឋាករទឹកខេត្តពោធិ៍សាត់ បន្ថែមលើគម្រោងទី១ ក្នុងឆ្នាំ២០១៤។ គម្រោងនេះ នឹងចូលរួមគាំទ្រយ៉ាងសំខាន់ដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង ក្នុងការសម្រេចគោលដៅរបស់ខ្លួនដូចបានចែងក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ដោយនៅត្រឹមឆ្នាំ ២០២៥ អត្រាគ្របដណ្តប់ការផ្គត់ផ្គង់ទឹកស្អាតនៅទីប្រជុំជននឹងសម្រេចបាន ១០០%។

គួបញ្ជាក់ថា គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ខេត្តពោធិ៍សាត់ ក្រោមហិរញ្ញប្បទានឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)។

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ JICA ថា បេសកម្មរបស់ខ្លួនបានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យផ្គត់ផ្គង់ទឹកស្អាតនៅកម្ពុជា។ រហូតមកដល់ពេលនេះ ហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកស្អាតជាច្រើនត្រូវបានសាងសង់ដោយហិរញ្ញប្បទានឥតសំណងក្នុងខេត្តមួយចំនួនដូចជា ខេត្តកំពង់ចាម បាត់ដំបង កំពត សៀមរាប ភ្នំពេញ ព្រះសីហនុ។ល។

JICA ក៏បានអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការបច្ចេកទេសជាច្រើនជាមួយរដ្ឋាករទឹកស្វយ័តភ្នំពេញ រដ្ឋាករទឹកស្វយ័តសៀមរាប ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងរដ្ឋាករទឹកសាធារណៈ ដើម្បីពង្រឹងសមត្ថភាពរបស់ពួកគេទាំងផ្នែកបច្ចេកទេស ហិរញ្ញវត្ថុ ការគ្រប់គ្រង និងរដ្ឋបាល។ លើសពីនេះ JICA ក៏បានផ្តល់ជំនួយហិរញ្ញប្បទានសម្បទានដល់រដ្ឋាករទឹកស្វយ័តភ្នំពេញ និងសៀមរាប ដែលជាអង្គភាពស្វយ័តដើម្បីសាងសង់បរិក្ខារផ្គត់ផ្គង់ទឹកស្អាតផងដែរ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)