Register Already an agent ? Login

វឌ្ឍនភាព ធ្វើផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុប្រវែងជិត ១០០គីឡូម៉ែត្រ សម្រេចបាន ៧០.៩៣% គិតត្រឹមខែវិច្ឆិកាឆ្នាំ២០២១

ព្រះសីហនុ៖ វឌ្ឍនភាព គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានប្រវែង ១៩០គីឡូម៉ែត្រ ដែលបានបើកការដ្ឋានសាងសង់កាលពីខែកក្កដា ឆ្នាំ២០១៩ ហើយគិតត្រឹម ខែវិច្ឆិកា ឆ្នាំ២០២១ ដំណើរការសាងសង់សម្រេចបាន៧០,៩៣%ហើយ និងគ្រោងបញ្ចប់ការសាងសង់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។

ផ្លូវនេះ អនុវត្តការសាងសង់ដោយក្រុមហ៊ុន PPSHV Expressway Co., Ltd និងក្រុមហ៊ុនវិនិយោគបុត្រសម្ព័ន្ធនៃ ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន MINCONSULT SDN. BHD. ចំណាយរយៈពេលសាងសង់ ៤៨ខែ គ្រោងចំណាយថវិកាប្រមាណ ២០១៩លានដុល្លារ។

នៅក្នុងគម្រោងសាងសង់ផ្លូវនេះ មានគន្លងផ្លូវចំនួន ៤គន្លង ទទឹងផ្លូវសរុប ២៤,៥ម៉ែត្រ មានផ្លូវបំបែកទិស ៧កន្លែង កន្លែងឈប់សម្រាកចំនួន ៣កន្លែង ចំណតរថយន្ត ១កន្លែង មណ្ឌលប្រតិបត្តិការនិងថែទាំចំនួន ៤កន្លែង។ ផ្លូវល្បឿនលឿននេះ បានឆ្លងកាត់ខេត្តកំពង់ស្ពឺប្រវែង ៨០.៨គីឡូម៉ែត្រ ខេត្តកោះកុងប្រវែង ១.៩២គីឡូម៉ែត្រ និងខេត្តព្រះសីហនុប្រវែង ៨៩.៨៩គីឡូម៉ែត្រ។

លោក យិត បុណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ បានដឹកនាំក្រុមការងារគ្រប់គ្រងគម្រោង និងមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យវឌ្ឍនភាពគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ឋិតត្រង់ចំណុចទីតាំងផ្លូវបំបែកប្តូរទិសទី២ និងទី៣ ដោយមានការចូលរួមពីតំណាងក្រុមហ៊ុនសាងសង់ តំណាងក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេស មន្ត្រីបច្ចេកទេសពាក់ព័ន្ធក្រោមឱវាទក្រសួងផងដែរ។

ការចុះពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណងតាមដាន វាយតម្លៃការអនុវត្តការងារសាងសង់ដើម្បីធានាអនុលោមភាពតាមបទដ្ឋានបច្ចេកទេស ជាពិសេស ត្រួតពិនិត្យចំណុចទីតាំងប្តូរទិសចរាចរណ៍ និងទីកន្លែងដែលសាងសង់ជាប់ជម្រាលភ្នំ ដែលអាចទទួលរងការរអិលបាក់ដី បង្កគ្រោះថ្នាក់ជាយថាហេតុ។

ក្រោយពី បានចុះពិនិត្យផ្ទាល់ត្រង់ចំណុចផ្លូវបំបែកប្តូរទិសទី២ និងទី៣រួចមក លោក រដ្ឋលេខាធិការ បានស្នើឱ្យក្រុមហ៊ុនសាងសង់ពិនិត្យមើលទីតាំងផ្លូវបំបែកប្តូរទិសនីមួយៗឱ្យបានហ្មត់ចត់។

លោក បានបញ្ជាក់ថា ពិសេសត្រង់កន្លែងប្ដូរទិសដែលមិនមានរបាំងបែងចែកទិសចរាចរណ៍ ដើម្បីស្វែងរកដំណោះស្រាយប្រសិទ្ធភាព និងធានាបានសុវត្ថិភាពដល់អ្នកបើកបរ ដែលធ្វើចរាចរណ៍ចូលមកប្រើប្រាស់ផ្លូវល្បឿនលឿននេះ។

ជាមួយគ្នានេះ  លោក យិត បុណ្ណា ក៏បានស្នើឱ្យពិនិត្យមើលវិធានបច្ចេកទេសការពារផ្លូវពីការបាក់រអិលជ្រេលដោយសាងសង់ហេដ្ឋារចនាសម្ព័ន្ធការពារតំបន់មួយចំនួននៅជាប់ទីតាំងជម្រាលភ្នំ ដែលអាចទទួលរងការរអិលបាក់ដី បង្កគ្រោះថ្នាក់ជាយថាហេតុ។

គួរបញ្ជាក់ថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ គឺជាគម្រោងផ្លូវល្បឿនលឿនទី១ និងជាគម្រោងផ្លូវ របៀងយុទ្ធសាស្ត្រសំខាន់បំផុតនៅកម្ពុជា ជួយកាត់បន្ថយពេលវេលាធ្វើដំណើរពីរាជធានីភ្នំពេញ ទៅកំពង់ផែសមុទ្រក្រុងព្រះសីហនុ ពីចំនួនប្រាំម៉ោងថយមកត្រឹមតែពីរម៉ោងប៉ុណ្ណោះ និងជួយកាត់បន្ថយតម្លៃដឹកជញ្ជូនផងដែរ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)