Register Already an agent ? Login

ពន្ធដារ ប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូនបានប្រមាណ ៩៣លានដុល្លារ កើនជិត ៨% ធៀបឆ្នាំ២០២០

ភ្នំពេញ៖ រយៈពេល ៦ខែ ចាប់​ពីថ្ងៃ​ទី​១ ខែមិថុនា ដល់​ដំណាច់ខែ​វិច្ឆិកា ឆ្នាំ​២០២១​ អគ្គនាយកដ្ឋាន​ពន្ធដារ ប្រមូល​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូនយានយន្ត ​​ចំនួន ៧៩១,១៦៨​គ្រឿង ដោយ​ទទួលបាន​ប្រាក់​ពន្ធ ៣៨៥,៣៤៧.៨លាន​រៀល ស្មើនឹង​ប្រមាណ ៩៣លាន​ដុល្លារ​។ បើតាមរបាយការណ៍របស់ អគ្គនាយកដ្ឋាន​ពន្ធដារ បានបញ្ជាក់ថា «ទិន្នន័យនេះ ស្មើនឹង​១៧៤.២% នៃផែនការប្រចាំឆ្នាំ២០២១ កើនជិត ៨% ធៀបនឹងឆ្នាំ២០២០កន្លងទៅ»។

នៅក្នុងរបាយការណ៍របស់ អគ្គនាយកដ្ឋានពន្ធដារ បានបន្តឱ្យដឹងថា តាម​ទិន្នន័យ​ខាងលើ​ចំនួន​យានយន្ត​ដែល​ត្រូវ​ប្រមូល​ពន្ធ​ក្នុងឆ្នាំនេះ​បាន​កើន ៧២,០៦៧​គ្រឿ ង​ដោយ​ប្រាក់​ពន្ធ​មាន​ចំនួន ២៨,២៤៤.៣​លាន​រៀល ស្មើ​ជិត ៧​លាន​ដុល្លារ​។

លោក ខឹម តុលា ប្រធាន​នាយកដ្ឋាន​ពន្ធ​ចលនទ្រព្យ និង​អចលនទ្រព្យ​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ ដែលបានលើកឡើងកន្លងថា ចំនួន​អ្នក​បង់ពន្ធ​មធ្យោបាយ​ដឹកជញ្ជូន​បាន​កើនឡើង​លើស​ផែនការ​នេះ ដោយសារ​តែ​ការដាក់ឱ្យ​ដំណើរការ​បង់​តាម App GDT Taxpayer គួបផ្សំ​នឹង​ការអ្នក​បង់ពន្ធ​មាន​ការភ្ញាក់រលឹក​។ លោករម្លឹកថា កាលពី​ឆ្នាំ​២០២០ ចំនួន​យានយន្ត ​ដែល​ទទួលរង​ការពិន័យមាន​ប្រមាណ ៣ម៉ឺន​គ្រឿង គិត​ជា​ប្រាក់​ជិត ៣លាន​ដុល្លារ​។

គួបញ្ជាក់ ទោះបីមានការផាកពិន័យក៏ពិតមែន ប៉ុន្តែមានប្រភេទយានយន្តមួយចំនួនត្រូវបានលើកលែងការបង់ពន្ធ​ផងដែររួមានដូចខាងក្រោម៖

រថយន្ត​គិលានសង្គ្រោះ និង​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​កម្មសិទ្ធិ​របស់​រដ្ឋ​ យានយន្ត​ជា​កម្មសិទ្ធិ​របស់​អង្គភាព​កងយោធពល​ខេមរភូមិន្ទ កង​រាជអាវុធហត្ថ នគរបាលជាតិ ដែល​បាន​ចុះបញ្ជី​សារពើ​ភណ្ឌ​របស់​ស្ថាប័ន​ យានយន្ត​ជា​កម្មសិទ្ធិ​របស់​ស្ថានទូត ឬ​ស្ថាន​កុងស៊ុល​បរទេស​ អង្គការ​អន្តរជាតិ ទីភ្នាក់ងារ​សហប្រតិបត្តិការ​បច្ចេកទេស​របស់​រដ្ឋាភិបាល​នានា និង​ទោចក្រ​យានយន្ត ត្រីចក្រយានយន្ត​គ្រប់​ប្រភេទ ត្រាក់ទ័រ និង​គ្រឿងយន្ត​ប្រហាក់ប្រហែល រួមទាំង​ជលយាន​យន្ត​គ្រប់​ប្រភេទ​មាន​កម្លាំង​ដល់​ ១៥០​សេសផងដែរ​។

សញមបញ្ជាក់ផងដែរថា អគ្គនាយកដ្ឋានពន្ធដារ បានប្រកាសថា ចាប់ពី​ខែមករា ឆ្នាំ​២០២២ អគ្គនាយកដ្ឋាន​ពន្ធដារ​នឹង ផាកពិន័យ​ដល់​អ្នក​ដែល​មិនទាន់​បាន​បង់ពន្ធ​មធ្យោបាយ​ដឹកជញ្ជូន​ទាំងអស់ ដោយ​មន្ត្រី​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​នឹង​ចុះ​ត្រួតពិនិត្យ​ការប្រកាស​បង់ពន្ធ​ប្រភេទ​នេះ ដោយ​សហការ​ជាមួយ​កម្លាំង​កងរាជ​អាវុធហត្ថ នគរបាលជាតិ និង​អាជ្ញាធរ​មូលដ្ឋាន​ចុះ​ត្រួតពិនិត្យ​តាម​ដងផ្លូវជាដើម៕

ដោយ៖ មឿន ឌីណា (Moeun Dyna)