Register Already an agent ? Login

វឌ្ឍនភាព គម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីសម្រេចបាន ២៧ភាគរយ

ភ្នំពេញ៖ វឌ្ឍនភាព គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី លើផ្ទៃដីទំហំប្រមាណ ២,៦០០ហិកតា ស្ថិតនៅក្នុងក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងដីខ្លះស្ថិតនៅក្នុងស្រុកបាទី ខេត្តតាកែវ ជាគម្រោងដ៏ធំសម្បើមនៅក្នុងប្រទេសកម្ពុជានេះ វិនិយោគក្នុងទឹកប្រាក់ប្រមាណ ១,៥០០លានដុល្លារ សម្រេចបានប្រ ២៧%។

លោក ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន OCIC ដែលជាអ្នកទទួលបានសិទ្ធិសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ ធ្លាប់បានបង្ហាញមហិច្ឆតារបស់ខ្លួន សាងសង់អាចនឹងរួចរាល់នៅឆ្នាំ២០២៣។ លោក បានបញ្ជាក់ឱ្យដឹងថា មកដល់ពេលបច្ចុប្បន្នេះ ដំណើរការសាងសង់សម្រេចបានប្រមាណ ២៧ភាគរយហើយ នៃគម្រោងទាំងមូល។

អគ្គនាយកក្រុមហ៊ុន OCIC ដែលជាក្រុមហ៊ុនបានចូលរួមកសាងសមិទ្ធផលជាច្រើននៅកម្ពុជានេះ បានឱ្យដឹងថា សំណង់ដែលកំពុងសាងសង់នាពេលបច្ចុប្បន្ននេះរួមមាន៖ ស្ថានីយអ្នកដំណើរ មានផ្ទៃក្រឡា ២៤៣គីឡូម៉ែត្រក្រឡា មជ្ឈមណ្ឌលផ្គត់ផ្គង់ថាមពល ទីលានចំណតយន្តហោះទំហំ ១៨៩ហិកតា ស្ថានីយត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាសកម្ពស់ ១១៨ម៉ែត្រ។

លោក បានបន្តថា ជាមួយគ្នានេះ ការងារតភ្ជាប់ផ្លូវពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ទៅមហាវិថីសម្តេចតេជោ ហ៊ុន សែន ដោយមានផ្លូវប្រវែងជាង ១១គីឡូម៉ែត្រ និងស្ពានបេតុងឆ្លងកាត់ស្ទឹងព្រែកត្នោតចំនួន២, ជីកប្រឡាយព័ទ្ធទំនប់ជុំវិញអាកាសយានដ្ឋានប្រវែង ២០គីឡូម៉ែត្រ។

លោក ពុង ឃាវសែ បានបន្ថែមទៀតថា ក្នុងនោះ សាងសង់អគារផ្សេងៗចំនួន១៩ មានដូចជា៖ អគារស្ថានីយអ្នកដំណើរសម្រាប់ភ្ញៀវជាន់ខ្ពស់ ស្ថានីយកែច្នៃប្រព័ន្ធទឹកកខ្វក់ ស្ថានីយស្តុកសំណល់រឹង ស្ថានីយជួសជុលយានយន្ត ស្ថានីយស្តុកប្រេង ស្ថានីយស្តុកទំនិញ ស្ថានីយពន្លត់អគ្គិភ័យ និងអនុស្ថានីយអគ្គិសនី។ល។ លោក បានបញ្ជាក់ទៀតថា «គម្រោងក៏កំពុងដំណើរការលើការងារស្តារបឹងជើង សម្រេចបានទំហំ ១៨ហិកតា ក្នុងជម្រៅពី ៥ម៉ែត្រ ទៅ២២ម៉ែត្រ។ ក្រុមហ៊ុនគ្រោងនឹងស្តារបឹងបន្ថែមក្នុងទំហំ ១០០ហិកតា»។

បើតាមអ្នកឧកញ៉ា ពង់ ឃាវសែ បានន្ថែមថា បច្ចុប្បន្នការដ្ឋានសំណង់អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ ប្រើប្រាស់កម្លាំងបុគ្គលិក និងកម្មករសរុប ៣,៧៤០នាក់។ ក្នុងនោះកម្លាំងបុគ្គលិក និងកម្មករក្នុងស្រុកប្រមាណ ៣,១២៥នាក់ និងបុគ្គលិក កម្មករមកពីបរទេសមកពីប្រទេសចំនួន៩ នៅអឺរ៉ុប និងអាស៊ីចំនួន ៦១៥នាក់។

លោក បានបញ្ជាក់ឱ្យដឹងថា «គម្រោងសាងសង់បានចំណាយថវិកាប្រមាណ ៣៧៥លានដុល្លារហើយ មកដល់ពេលបច្ចុប្បន្ននេះ។ ឆ្នាំ២០២២ខាងមុខ គ្រោងចំណាយថវិកាបន្ថែមប្រមាណ ៤៧៦លានដុល្លារអាទៀត ហើយគិតជាមធ្យមចំណាយប្រមាណ ១.២៨លានដុល្លារ ក្នុងមួយថ្ងៃ»។

គួសបញ្ជាក់ថា ព្រលានយន្តហោះអន្តរជាតិនេះ ជាប្រភេទ4F គឺប្រភេទព្រលានយន្តហោះធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឱ្យប្រភេទយន្ត​ហោះ​ធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន។ ក្រុមហ៊ុនវិនិយោគមានមហិច្ឆិតាអភិវឌ្ឍន៍​ជាព្រលានយន្តហោះថ្មីនេះឱ្យធំ និងទំនើបជាងគេនៅតំបន់អាស៊ី។

គួរម្លឹកផងដែរថា គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនេះ ត្រូវបានប្រកាសឡើងក្នុងដំណើរទេស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីចិន លី ខឺឈាង មកកម្ពុជា កាលពីខែមករា ឆ្នាំ២០១៨។ សម្តេចតេជោ ហ៊ុន សែន និងលោក លី ខឺឈាង បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាគម្រោងវិនិយោគ​រវាងក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា (OCIC) របស់អ្នកឧកញ៉ា ពុង ឃាវសែ និងក្រុមហ៊ុនចិននាពេលនោះផងដែរ។

នាថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ ម្តេចតេជោ ហ៊ុន សែន ក្នុងឱកាស អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ពិនិត្យវឌ្ឍនភាព នៃគម្រោងសាងសង់អាកាស​យាន​ដ្ឋា​​ន​​​​អន្តរជាតិថ្មី និងបានប្រសិទ្ធិនាមថា «អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ»។

សូមបញ្ជាក់ថា ដើម្បីជំរុញដល់ការតភ្ជាប់ផ្លូវអាកាស សម្តេចតេជោ ហ៊ុន សែន បានជំរុញការកសាងអាកាសយានដ្ឋានជាច្រើនកន្លែងទៀត បន្ថែមពីលើអាកាសយានដ្ឋានដែលកំពុងមាននាពេលបច្ចុប្បន្ន ក្នុងរាជធានីភ្នំពេញ សៀមរាប និងព្រះសីហនុ។

ក្រៅតែពីអាកាសយានដ្ឋានអន្តរជាតិថ្មីក្នុងខេត្តកណ្តាលហើយនោះ រាជរដ្ឋាភិបាល ក៏បានសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ នៅខេត្តសៀមរាប គ្រោងបញ្ចប់នៅឆ្នាំ២០២៣។ អាកាសយានដ្ឋានអន្តរជាតិតារាសាគរ នៅស្រុកគិរីសាគរ និងស្រុកបទុមសាគរ ខេត្តកោះកុង ដែលគ្រោងដាក់ដំណើរការនៅដំណាច់ឆ្នាំ២០២១នេះ។

ក្រៅតែពីព្រលានទាំងនេះ រាជរដ្ឋាភិបាល ក៏មានផែនការសាងសង់អាកាសយានដ្ឋាននៅខេត្តមណ្ឌលគិរី នៅប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅខេត្តកោះកុង និងបាត់ដំបង៕

ដោយ៖ មឿន ឌីណា (Moeun Dyna)