Register Already an agent ? Login

ADB ផ្ដល់ហិរញ្ញប្បទានជាង ៣៣២លានដុល្លារ មកកម្ពុជា ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធ ទីក្រុង និងកែលម្អបណ្តាញផ្លូវ

ភ្នំពេញ៖ កម្ពុជា បានទទួលហិញ្ញប្បទានជាង ៣៣២លានដុល្លារ ពី ADB យកមកដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធ ទីក្រុង និងកែលម្អបណ្តាញផ្លូវ។ បើតាមការប្រកាសព័ត៌មានរបស់ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ថ្ងៃទី៨​ ខែធ្នូ ឆ្នាំ២០១១។

ADB បានបន្តថាឱ្យដឹងថា លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង នាយកស្តីទីប្រចាំប្រទេសកម្ពុជា នៃធនាគារអភិវឌ្ឍន៍អាស៊ី លោក Anthony Gill បានចុះហត្ថលេខាលើកញ្ចប់ហិរញ្ញប្បទាន ៣៣២.0៥លានដុល្លារ នាថ្ងៃទី៨​ ខែធ្នូ ឆ្នាំ២០២១។

ADB បានបញ្ជាក់ឱ្យដឹងទៀតថា កញ្ចប់ហិរញ្ញប្បទានរួមមាន សម្រាប់គម្រោងសន្តិសុខសុខភាពមហា អនុតំបន់មេគង្គ (GMS) ចំនួន ៣0លានដុល្លារ គម្រោងវិនិយោគទីក្រុងដែលអាចរស់នៅបាន ១៨0លានដុល្លារ គម្រោងកែលម្អបណ្តាញផ្លូវថ្នល់ (ដំណាក់កាលទី២) ៨២.0៥លានដុល្លារ និងកម្មវិធីអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុប្រកបដោយបរិយាប័ន្ន ៤0លាន។

លោក Gill បានមានប្រសាសន៍ថា ក្នុងនាមជាដៃគូអភិវឌ្ឍន៍ដ៏យូរអង្វែងរបស់កម្ពុជា ADB ប្តេជ្ញាគាំទ្រលទ្ធភាពប្រកួតប្រជែង ផ្នែកសេដ្ឋកិច្ចរបស់ប្រទេស និងការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន។ លោក បានបញ្ជាក់ថា គម្រោងទាំងនេះ នឹងជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា តាមរយៈការកែលម្អសេវាថែទាំសុខភាព បរិយាប័ន្នហិរញ្ញវត្ថុ ហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មទីក្រុងនៅទីតាំងយុទ្ធសាស្ត្រមួយចំនួន និងបណ្តាញផ្លូវថ្នល់។

លោកបានមានប្រសាន៍បន្តថា គម្រោងសន្តិសុខសុខភាពមហាអនុតំបន់មេគង្គ នឹងធ្វើឱ្យប្រសើរឡើងនូវសេវាមន្ទីរពិសោធន៍ និងការត្រួតពិនិត្យបង្ការការឆ្លងរោគតាមមន្ទីរពេទ្យខេត្ត និងស្រុកចំនួន៨១ នៅទូទាំងប្រទេសកម្ពុជា។ លោក​ បានបន្តទៀតថា វានឹងជំរុញប្រព័ន្ធតាមដាននិងឆ្លើយតបជំងឺ ការគ្រប់គ្រងការរាត ​ត្បាតនៃជំងឺកូវីដ-១៩ និងការតាមរកករណីឆ្លង ដោយភ្នាក់ងារសុខាភិបាល មជ្ឍិមខេត្ត និងស្រុក។

លោក បានបន្ថែមថា គម្រោងនេះ ក៏ត្រូវបានផ្តល់ជាមូលនិធិ តាមរយៈជំនួយចំនួន ៥លានដុល្លារ ពីមូលនិធិជប៉ុនសម្រាប់ការកាត់បន្ថយភាពក្រីក្រ (Japan Fund for Poverty Reduction ឬ JFPR) របស់រដ្ឋាភិបាលជប៉ុនផងដែរ។

គម្រោងវិនិយោគទីក្រុង ដែលអាចរស់នៅបាន នឹងជួយផ្តល់សេវាគ្រប់​គ្រងទឹកសំណល់ និងសំណល់រឹងកាន់តែប្រសើរ សម្រាប់ប្រជាពលរដ្ឋជាង ១៤ម៉ឺននាក់ នៅក្រុងបាវិត កំពត និងប៉ោយប៉ែត។ វានឹងជួយទីក្រុងទាំងបីកែលម្អប្រព័ន្ធបង្ហូរទឹកភ្លៀង និងប្រព័ន្ធលូក្នុងទីក្រុង និងកាត់បន្ថយទឹកជំនន់។ JFPR បានផ្តល់ជំនួយបច្ចេកទេសចំនួន២លានដុល្លារ គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងដើម្បីកែលម្អផែនការ ប្រើប្រាស់ដីធ្លី និងអភិបាលកិច្ច ក៏ដូចជាការងារផ្សេងទៀត។ បើតាមការបន្ថែមទៀតរបស់ លោក Anthony Gill។

លោក បានលើកឡើងថា ដំណាក់កាលទី២ នៃគម្រោងកែលម្អបណ្តាញផ្លូវ នឹងស្តារឡើងវិញនូវផ្លូវជាតិ និងផ្លូវខេត្តប្រវែង ៤៨គីឡូម៉ែត្រ ក្នុងខេត្តព្រៃវែង និងខេត្តកណ្តាល ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច តាមច្រករបៀងសេដ្ឋកិច្ច មហាអនុតំបន់មេគង្គ ភាគខាងត្បូង។ គម្រោងនេះនឹងបញ្ចូលការរចនាដែលធន់នឹងគ្រោះមហន្តរាយ និងអាកាសធាតុ ហើយជួយក្រសួងសាធារណការ និង ដឹកជញ្ជូន ក្នុងការគ្រប់គ្រងផ្លូវថ្នល់ ឱ្យបានកាន់តែប្រសើរ។

កម្មវិធីអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ប្រកបដោយបរិយាប័ន្ន នឹងជួយរដ្ឋាភិបាលពង្រីកលទ្ធភាពទទួលបានឥណទាន ក្នុងចំណោមសហគ្រាសខ្នាតតូច និង មធ្យម អនុវត្តកំណែទម្រង់ដើម្បីជំរុញស្ថិរភាព ហិរញ្ញវត្ថុ និង ធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធផ្នែកហិរញ្ញវត្ថុ៕

ដោយ៖ មឿន ឌីណា (Meoun Dyna)