Register Already an agent ? Login

ដីព្រៃលិចទឹកនៅតំបន់បឹងទន្លេសាបជិត ២ពាន់ហិកតា ប្រជាពលរដ្ឋខេត្តសៀមរាបចូលទន្ទ្រានកាន់កាប់ដោយខុសច្បាប់

សៀមរាប៖ តាមការស្រាវជ្រាវបឋមរបស់រដ្ឋបាលខេត្តសៀមរាប បានរកឃើញការទន្ទ្រានដីរដ្ឋក្នុងដែនព្រៃលិចទឹកនៅតំបន់បឹងទន្លេសាបក្នុងតំបន់៣ ក្នុងខេត្តសៀមរាប មានចំនួន ១៨៧ទីតាំង ស្មើផ្ទៃដីប្រមាណ ១,៩៧០.៨២២ហិកតា ស្ថិតនៅក្នុងឃុំ-សង្កាត់ ចំនួន៣០ ក្នុងក្រុង-ស្រុកទាំង ០៦ ក្នុងនោះរួមមាន៖ ស្រុកពួក ក្រុងសៀមរាប ស្រុកប្រាសាទបាគង ស្រុកសូទ្រនិគម ស្រុកជីក្រែង និងស្រុកក្រឡាញ់។ បើតាមការកិច្ចប្រជុំអន្តរក្រសួងដែលដឹកនាំ ដោយ លោក ជា សុផារ៉ា កាលពីថ្ងៃទី៦ ខែធ្នុ ឆ្នាំ២០២១។

កិច្ចប្រជុំខាងលើ ដែលដឹកនាំដោយ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីពិនិត្យរបាយការណ៍ និងចាត់វិធានការបង្ក្រាបការទន្រ្ទានដីរដ្ឋក្នុងដែនព្រៃលិចទឹកនៅតំបន់បឹងទន្លេសាបក្នុងខេត្តសៀមរាប។

បើតាមកិច្ចប្រជុំនេះ លោក ទៀ សីហា អភិបាលខេត្តសៀបរាប បានដាក់របាយការណ៍ជូនអង្គប្រជុំអន្តរឱ្យដឹងថា ស្រុកទាំង៦ ដែលមានប្រជាពលរដ្ឋ ចូលកាន់កាប់ទន្រ្ទានដីរដ្ឋក្នុងដែនព្រៃលិចទឹកនៅតំបន់បឹងទន្លេសាបរួមមាន៖

១.ស្រុកក្រឡាញ់ មានឃុំចំនួន២ ស្ថិតនៅជាប់នឹងតំបន់ដីព្រៃលិចទឹកបឹងទន្លេសាប មានប្រជាពលរដ្ឋសរុបចំនួន ១៩ គ្រួសារ បានទន្ទ្រានកាន់កាប់ដីក្នុងតំបន់៣ ចំនួន ២ទីតាំង ស្មើនឹង ២៨.៣០ហិកតា នៅក្នុងឃុំចំនួន២ គឺឃុំសំបួរ និងឃុំស្រណាល។

២.ស្រុកពួក មានឃុំចំនួន៦ ស្ថិតនៅជាប់នឹងតំបន់ដីព្រៃលិចទឹកបឹងទន្លេសាប មានប្រជាពលរដ្ឋសរុបចំនួន ១៤គ្រួសារ បានទន្ទ្រានកាន់កាប់ដីក្នុងតំបន់៣ ចំនួន ៩ទីតាំង ស្មើនឹង ៦៨.៧៦ហិកតា នៅក្នុងឃុំចំនួន៤ គឺឃុំមុខប៉ែន ឃុំកែវពណ៌ ឃុំល្វា និងឃុំពួក។

៣.ក្រុងសៀមរាប មានសង្កាត់ចំនួន៧ ស្ថិតនៅជាប់នឹងតំបន់ដីព្រៃលិចទឹកបឹង ទន្លេសាប មានប្រជាពលរដ្ឋសរុបចំនួន ៤០គ្រួសារ បានទន្ទ្រានកាន់កាប់ដីក្នុង តំបន់៣ ចំនួន ៤០ទីតាំង ស្មើនឹង ៨៩ហិកតា ក្នុងសង្កាត់ចំនួន៧ គឺសង្កាត់ ក្របីរៀល សង្កាត់សំបួរ សង្កាត់ស្រង៉ែ សង្កាត់ស្វាយដង្គំ សង្កាត់ចុងឃ្លៀស សង្កាត់សៀមរាប និងសង្កាត់ជ្រាវ។

៤.ស្រុកប្រាសាទបាគង មានឃុំចំនួន៥ ស្ថិតនៅជាប់នឹងតំបន់ដីព្រៃលិចទឹកបឹង ទន្លេសាប មានប្រជាពលរដ្ឋសរុបចំនួន ១,១៩៣គ្រួសារ បានទន្ទ្រានកាន់កាប់ដី ក្នុងតំបន់៣ ចំនួន ១១ទីតាំង ស្មើនឹង ១៨១.៣៨ហិកតា នៅក្នុងឃុំចំនួន៣ គឺឃុំកំពង់ភ្លុក ឃុំរលួស និងឃុំកណ្តែក។

៥.ស្រុកសូទ្រនិគម មានឃុំចំនួន៤ ស្ថិតនៅជាប់នឹងតំបន់ដីព្រៃលិចទឹកបឹង ទន្លេសាប មានប្រជាពលរដ្ឋសរុបចំនួន ៥៣គ្រួសារ បានទន្ទ្រានកាន់កាប់ដីក្នុង តំបន់៣ ចំនួន ១៧ទីតាំង ស្មើនឹង ១១០.៧៦ហិកតា នៅក្នុងឃុំចំនួន៣ គឺ ឃុំដានរុន ឃុំខ្ពស់ និងឃុំកំពង់ឃ្លាំង។

៦.ស្រុកជីក្រែង មានឃុំចំនួន៧ ស្ថិតនៅជាប់នឹងតំបន់ដីព្រៃលិចទឹកបឹងទន្លេសាប មានប្រជាពលរដ្ឋសរុបចំនួន ៣៣០គ្រួសារ បានទន្ទ្រានកាន់កាប់ដីក្នុង តំបន់៣ ចំនួន ២៨ទីតាំង ស្មើនឹង ១,៤៣៦.៩៤ហិកតា នៅក្នុងឃុំចំនួន៧ គឺឃុំស្ពានត្នោត ឃុំអន្លង់សំណរ ឃុំឬស្សីលក ឃុំសង្វើយ ឃុំគោកធ្លកក្រោម ឃុំ ជីក្រែង និងឃុំល្វែងឬស្សី។

បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពី លោក ទៀ សីហា ប្រធានអង្គប្រជុំ បានសម្រេចដាក់ចេញវិធានការចំនួន ១០ចំណុចដូចខាងក្រោម៖

១.ជូនរដ្ឋបាលខេត្ត ត្រូវដកហូតដីដែលអ្នកមានអំណាច និងប្រជាជនចូលទន្ទ្រាន និងកាន់កាប់ទាំងអស់នៅតំបន់៣ មកវិញជាបន្ទាន់ និងត្រូវចេញលិខិតណែនាំដល់អាជ្ញាធរស្រុក ឃុំ បញ្ឈប់ការពិនិត្យបញ្ជាក់លើ លិខិតសុំកាន់កាប់ដី និងលិខិតផ្ទេរសិទ្ធិកាន់កាប់ដីក្នុងដែនព្រៃលិចទឹកព្រមទាំងចេញលិខិតបដិសេធ លើរាល់លិខិតដែលបានចេញរួចពីពេលមុន។

២.ជូនអាជ្ញាធរទន្លេសាប ធ្វើការបោះបង្គោលព្រំមេ និងរងក្នុងតំបន់៣ នៅលើទីតាំងណាមិនទាន់បានបោះ ឬបង្គោលដែលបានបាត់។ ទន្ទឹមនឹងនេះ រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ត្រូវបោះបង្គោលព្រំធំក្នុងតំបន់ការពារព្រៃលិចទឹក តាមអនុក្រឹត្យ១៩៧ ។

៣.ជូនអាជ្ញាធរទន្លេសាប ធ្វើការដំឡើងប៉ាណូ បង្ហាញពីតំបន់ការពារនៅតាមចំណុចសំខាន់ៗ នៅទីតាំងបង្គោលដែលបានបោះ។

៤.ជូនរដ្ឋបាលខេត្តត្រូវទប់ស្កាត់ប្រជាជនមិនការចូលធ្វើការដាំដុះនៅក្នុងតំបន់៣ឡើយ ចាប់ពីពេលនេះតទៅ ។

៥.ជូនរដ្ឋបាលខេត្តត្រូវបន្តចុះស្រាវជ្រាវមុខសញ្ញាប្រជាជនខុសច្បាបដែលចូលទន្ទ្រាន និងកាន់កាប់ដីតំបន់៣ ខុសច្បាប់ ។

៦.ផ្តល់ឱកាសជូនប្រជាពលរដ្ឋឱ្យធ្វើការប្រមូលផលស្រូវសិន ក្នុងករណីដែលស្រូវជិតប្រមូលផល។

៧.ជូនព្រះរាជអាជ្ញាយកចិត្តទុកដាក់ដោះស្រាយពាក្យបណ្តឹង ដែលមន្រ្តីនគបាលបានកសាងនិងដាក់សំណុំរឿងរួចរាល់។

៨.ប្រគល់ជូនអាជ្ញាធរទន្លេសាប ដែលមានក្រសួងធនធានទឹក និងឧតុនិយម ត្រូវលើសំណើចុះបញ្ជីដីរដ្ឋក្នុងតំបន់៣ ជាបន្ទាន់។

៩.ជូនអាជ្ញាធរមូលដ្ឋានសហការជាមួយរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងក្រសួងបរិស្ថាន ចាត់ចែងធ្វើការដាំដុះព្រៃលិចទឹកជាបន្ទាន់ ជាពិសេសដើមប្ញស្សី។

១០.រដ្ឋបាលខេត្ត ត្រូវធ្វើការប្រជុំបូកសរុបវាយតម្លៃពីសកម្មភាពការការពារ និងទប់ស្កាត់បទល្មើសការទន្ទ្រានកាន់កាប់ព្រៃលិចទឺកក្នុងតំបន់៣ ជាប្រចាំខែ ជារៀងរាល់បីខែម្តង និងប្រចាំឆ្នាំ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)