Register Already an agent ? Login

វឌ្ឍនភាព គម្រោងធ្វើផ្លូវជាតិលេខ១០ បាត់ដំបង-កោះកុងប្រវែងជិត ២០០គីឡូម៉ែត្រ សម្រេចបានជិត ៥៥%

ភ្នំពេញ៖ វឌ្ឍនភាព គម្រោងសាងសង់ផ្លូវជាតិលេខ១០ ប្រវែង ១៩៨.៧១គីឡូម៉ែត្រ ពីខេត្តបាត់ដំបងទៅ ខេត្តកោះកុង ឆ្លងកាត់ខេត្តពោធិ៍សាត់ គិតត្រឹមដំណាច់ខែវិច្ឆិកា ឆ្នាំ២០២១ សម្រេចបាន ៥៤.៨៩%។ បើតាមការចុះពិពិត្យ របស់ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ ដែលមានការចូលពីភាគីពាក់ព័ន្ធនៅក្នុងគម្រោងធ្វើផ្លូវនេះ។

 ក្នុងដំណើរចុះពិនិត្យនេះ លោក រដ្ឋមន្ត្រី បានដឹកនាំក្រុមការងារបច្ចេកទេសធ្វើដំណើរយ៉ាងស្វិតស្វាញបំផុតក្នុងការត្រួសត្រាយតម្រាយផ្លូវជាតិលេខ១០ ពុះពារគ្រប់ឧបសគ្គ ឆ្លងកាត់ជ្រោះជ្រោងជ្រលងដងអូរ កាត់ខ្នងភ្នំក្រវាញដើម្បីពិនិត្យស្ថានភាពទឹកដីភូមិសាស្ត្រសមស្របសម្រាប់ការសាងសង់។

គម្រោងផ្លូវនេះ មានការជ្រើសរើសគន្លងផ្លូវថ្មីប្រវែងសរុប ៦៥.៨៩គីឡូម៉ែត្រ ដើម្បីធ្វើផ្លូវពង្វាងពីភ្នំក្រវាញ ព្រោះតែមិនចង់វះកាត់ភ្នំក្រវាញជាពីរនាំឱ្យប៉ះពាល់ដល់បរិស្ថាន និងជម្រកសត្វព្រៃធ្ងន់ធ្ងរ ដែលនេះជាការបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលលើការថែរក្សាបរិស្ថាន។

គម្រោងសាងសង់ផ្លូវជាតិលេខ១០ មានប្រវែងសរុបចំនួន ១៩៨.៧១គីឡូម៉ែត្រ តភ្ជាប់ពីសំឡូត- វាលវែង-អូរសោមដល់កោះកុង សាងសង់ស្របតាមបទដ្ឋានបច្ចេកទេសកម្រិត៣ របស់ចិន មានទទឹងតួផ្លូវសរុបចំនួន ៩ម៉ែត្រ ជាប្រភេទផ្លូវកៅស៊ូពីរស្រទាប់ (DBST) សាងសង់ស្ពានចំនួន ២៣កន្លែងប្រវែង ១៧២១.៤៦ម៉ែត្រ។

ក្នុងនោះ មានស្ពានខ្ពស់ជាងគេមួយដែលមានកម្ពស់ ៧៥ម៉ែត្រ បណ្តោយ ៥៣០ម៉ែត្រ និងទទឹង ១០ម៉ែត្រ ព្រមទាំងមានបំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាពផងដែរ។ គម្រោងផ្លូវនេះត្រូវបានបើកការដ្ឋាន សាងសង់កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

គម្រោងផ្លូវនេះ គ្រោងចំណាយថវិកាសរុបប្រមាណ ១៨៨.៣៨លានដុល្លារ ជាហិរញ្ញប្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ សាងសង់ដោយក្រុមហ៊ុន សាជីវកម្មស្ពានថ្នល់ចិន (CRBC) ត្រួតពិនិត្យបច្ចេកទេសសាងសង់ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវ វ៉ានអាន និងគ្រោងចំណាយពេលសាងសង់ចំនួន ៤៨ខែ ចាប់ពីខែធ្នូ ឆ្នាំ២០១៩ ដល់ខែធ្នូ ឆ្នាំ២០២៣។

គួរបញ្ជាក់ថា ផ្លូវជាតិលេខ១០ គឺជាសរសៃឈាមសេដ្ឋកិច្ចជាតិដ៏មានសក្តានុពលរបស់កម្ពុជា អាចជួយសម្រួលដល់ការតភ្ជាប់ទំនាក់ទំនងគមនាគមន៍ ធ្វើសមាហរណកម្មតភ្ជាប់ផ្ទៃក្នុងប្រទេស និងជាមួយតំបន់ រួមចំណែកក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃការដោះដូរពាណិជ្ជកម្ម វិនិយោគ ដំណាំកសិផល កសិ-ឧស្សាហកម្ម  និងទេសចរណ៍បានឆាប់រហ័ស និងចំណាយតិច ជាពិសេសជាមួយប្រទេសជិតខាង៕

ដោយ៖ មឿន ឌីណា (Moeun Dyna)