Register Already an agent ? Login

ប្រជាពលរដ្ឋជិត ២ពាន់គ្រួសារ បានទន្រ្ទានយកដីរដ្ឋក្នុងដែនព្រៃលិចទឹកបឹងទន្លេសាបជាង ៤ពាន់ហិកតា នៅខេត្តពោធិ៍សាត់

ពោធិ៍សាត់៖ ប្រជាពលរដ្ឋចំនួន ១,៩២១គ្រួសារ បានទន្រ្ទានដីរដ្ឋក្នុងដែនព្រៃលិចទឹកនៅតំបន់បឹងទន្លេសាបស្ថិតក្នុងខេត្តពោធិ៍សាត់ បច្ចុប្បន្នកំពុងអាស្រ័យផលក្នុង តំបន់៣ ដែលមានស្រុក ស្រុកបាកាន ស្រុកកណ្តៀង និងស្រុកក្រគរ លើផ្ទៃដី ៤,០០០.២៨ហិកតា ក្នុងនោះមុនឆ្នាំ២០១២ មាន ១,៤០៩គ្រួសារ លើផ្ទៃដី ២,៦៤១.៤៨ហិកតា និងក្រោយឆ្នាំ២០១២ មាន ៥១២គ្រួសារ លើផ្ទៃដី ១,៣៥៨.៨ហិកតា។ យោងតាមរបាយការណ៍របស់ក្រុមការងារអន្តរក្រសួង ដែលរដ្ឋមន្រ្តីក្រសួងសិកម្ម រុក្ខាប្រមាញ់ នឹងនេសាទ លោក វេង សាខុន បានផ្សាយនៅលើទំព័រហ្វេសប៊ុកនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១។

តាមរបាយការណ៍របស់ក្រុមការងារអន្តរក្រសួងបានឱ្យដឹងថា តំបន់៣ នៃភូមិសាស្ត្រខត្តពោធិ៍សាត់ មានទំហំផ្ទៃដីចំនួន ៩៤,១៤២ហិកតា ស្មើ ១៤.៥២% នៃទំហំផ្ទៃដីតំបន់៣ ទូទាំងប្រទេសដែលមានផ្ទៃដីសរុបចំនួន ៦៤៧,៤០៦ហិកតា ក្នុងស្រុកចំនួន៣ គឺ៖

១.ស្រុកបាកានមានចំនួន ៤ឃុំ (ស្នាមព្រះ បឹងបត់កណ្ដាល ឈើទឹក អូរតាប៉ោង) មានប្រជា ពលលរដ្ឋចំនួន ៣៤៩ គ្រួសារ កំពុងអាស្រ័យផលលើផ្ទៃដី ១,០២២.៦៨ហិកតា។

២.ស្រុកកណ្តៀង មានទំនួន ៦ឃុំ (កោះធំ ស្រែស្តូក កណ្ដៀង ស្យា កញ្ជួរ និងឃុំរាំងទិល) មានប្រជាពលរដ្ឋចំនួន ៦៦២ គ្រួសារ កំពុងអាស្រ័យផលលើផ្ទៃដី ១,៨៦៣.៧៩ហិកតា។

៣.ស្រុកក្រគរ មានចំនួន ៧ឃុំ (អន្សាចំបក់ ក្បាល់ត្រា កំពង់លួង អន្លង់ត្នោត ស្នាអន្សោង កំពង់ពោធិ៍ និងឃុំអូរសណ្ដាន់) មានប្រជាពលរដ្ឋចំនួន ៩១០គ្រួសារ កំពុងអាស្រ័យផលលើ ផ្ទៃដី ១,៥៤៧.៦ហិកតា។

បើតាមទំព័ររបស់លោក រដ្ឋមន្រ្តីក្រសួងកសិកម្ម បន្តថា កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមកបំពេញ បេសកកម្មជាមួយក្រុមការងារអន្តរក្រសួងដែលដឹកនាំដោយ លោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីចុះមកពិនិត្យ និងចាត់វិធានការបង្ក្រាបការទន្រ្ទានដីរដ្ឋក្នុងដែនព្រៃលិចទឹកនៅតំបន់បឹងទន្លេសាបស្ថិតក្នុងខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប។

ប្រភពដដែលបានបន្តទៀតថា សម្រាប់ថ្ងៃទី១ នៃដំណើរបេសកកម្មរយ:ពេល ៣ថ្ងៃគិតចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ មានកម្មវិធីគឺ៖ កម្មវិធីទី១ ខេត្តពោធិ៍សាត់ -ចុះពិនិត្យទីតាំងជាក់ស្តែង -ប្រជុំនៅសាលាខេត្តពោធិ៍សាត់។

ក្រុមការងារបានចុះមកពិនិត្យទីតាំងជាក់ស្តែងនៃការរំលោភកាប់ ទន្រ្ទានយកដីព្រៃរដ្ឋធ្វើជាកម្មសិទ្ធិ ក្នុងឃុំកំពង់លួង ស្រុកក្រគរ។ បន្ទាប់មក ក្រុមការងារអន្តរក្រសួង បានចូលរួមប្រជុំ ដែលកិច្ចប្រជុំនេះដឹកនាំដោយលោក ជា សុផារ៉ា ដើម្បីបូកសរុបស្ថានភាពជារួម ពិនិត្យ វាយតម្លៃ និងដាក់ចេញនូវវិធានការដោះស្រាយ។

បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីមន្រ្តីជំនាញ និងពិនិត្យពិភាក្សា ជាមួយក្រសួងពាក់ព័ន្ធរួចមក អង្គប្រជុំទាំងមូលបានសម្រេចដាក់ចេញវិធានការ មួយចំនួន ដូចខាងក្រោម៖

១.ជូនរដ្ឋបាលខេត្តពោធិ៍សាត់ចេញលិខិតណែនាំដល់អាជ្ញាធរស្រុក ឃុំ បញ្ឈប់ការពិនិត្យបញ្ជាក់លើ លិខិតសុំកាន់កាប់ដី និងលិខិតផ្ទេរសិទ្ធិកាន់កាប់ដីក្នុងដែនព្រៃលិចទឹកព្រមទាំងចេញលិខិតបដិសេធ លើរាល់លិខិតដែលបានចេញរួចពីពេលមុន។ ២.ជូនរដ្ឋបាលខេត្តពោធិ៍សាត់ចាត់វិធានការបញ្ឈប់ការចូលទន្ទ្រានដីដែនព្រៃលិចទឹកបន្តទៀត ធ្វើ អត្តសញ្ញាណអ្នកដែលបានចូលទន្ទ្រាន ដើម្បីធ្វើការដកហូតដីនិងចាត់វិធានការតាមផ្លូវច្បាប់ ដោយ ត្រូវកសាងអង្គហេតុ និងដាក់បណ្ដឹងអាជ្ញាទៅតុលាការ។

៣.ទន្ទឹមនឹងវិធានការផ្លូវច្បាប់ ជនល្មើសត្រូវដាំដើមឈើឡើងវិញលើផ្ទៃដីដែលបានទន្ទ្រាន។ ៤.កងរាជអាវុធហត្ថលើផ្ទៃប្រទេសបានចាត់កម្លាំងចុះល្បាតតាមគោលដៅដើម្បីទប់ស្កាត់ការទន្ទ្រានដីព្រៃលិចទឹកនិងអនុវត្តវិធានការច្បាប់។

៥.ជូនក្រសួងធនធានទឹក និងឧតុនិយម ទទួលបន្ទុកដាំបង្គោលព្រំដែនព្រៃលិចទឹកដែលខ្វះ និងដែល បានដួលរលំ និងដាក់ពាក្យសុំចុះបញ្ជីដីរដ្ឋនូវដីព្រៃលិចទឹកតំបន់ទន្លេសាប។ ៦.ចំពោះប្រជាពលរដ្ឋដែលបានដាំដំណាំ ពិសេសដំណាំស្រូវ ទុកពេលឱ្យប្រមូលផល រួចស្នើឱ្យធ្វើ លិខិតទទួលកំហុស និងប្រគល់ដីព្រៃលិចទឹកជូនរដ្ឋវិញ។ ៧.ការដាំដើមឈើឡើងវិញ ផ្ដល់អាទិភាពលើការដាំដើមឫស្សី៕

ដោយ៖ មឿន ឌីណា (Moeun Dyna)