Register Already an agent ? Login

ផ្លូវជាតិលេខ១១ ជាខ្សែផ្លូវតភ្ជាប់រវាងផ្លូវរបៀងសេដ្ឋកិច្ចពីរដ៏មានសក្តានុពលរបស់មហាអនុតំបន់មេគង្គ សម្ដេចតេជោ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាព្រឹកថ្ងៃទី៦ ខែធ្នូនេះ

ភ្នំពេញ៖ ផ្លូវជាតិលេខ១១ ដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ ជាខ្សែផ្លូវតភ្ជាប់រវាងផ្លូវរបៀងសេដ្ឋកិច្ចពីរ ដ៏មានសក្តានុពលរបស់មហាអនុតំបន់ មេគង្គ រួមមានដូចខាងក្រោម៖

១-ផ្លូវអាស៊ានហាយវ៉េយ (AH1) តភ្ជាប់ពីព្រំដែនកម្ពុជា-ថៃ(ប៉ោយប៉ែត) តាមផ្លូវជាតិលេខ៥ និងផ្លូវជាតិលេខ១ ឆ្ពោះទៅកាន់ព្រំដែនកម្ពុជា-វៀតណាមនៅច្រកបាវិត ដែលភ្ជាប់ផ្លូវជាតិលេខ១១ ត្រង់ចំណុច អ្នកលឿង និង ២-ផ្លូវអាស៊ានហាយវ៉េ (AH11) តភ្ជាប់ពីព្រំដែនកម្ពុជា-ឡាវ កាត់តាមផ្លូវជាតិលេខ៧ ភ្ជាប់ទៅនឹងផ្លូវជាតិលេខ៦ ត្រង់ស្ពានព្រែកតាមាក់ ឆ្លងកាត់រាជធានីភ្នំពេញ និងចុះទៅកំពង់ផែ ស្វយ័តក្រុងព្រះសីហនុ តាមផ្លូវជាតិលេខ៤។

លោក ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងបញ្ជាក់នៅក្នុងពិធីសម្ពោធផ្លូវជាតិលេខ១១ ថា សក្តានុពលនៃផ្លូវជាតិលេខ១១ លើការតភ្ជាប់ទំនាក់ទំនងរូបវន្ត ស្ថាប័ន និងប្រជាជន រវាងខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ ជាមួយនឹងរាជធានី-ខេត្តផ្សេងៗដទៃទៀត និងជាផ្លូវមួយដែលជួយសម្រួលដល់ចរាចរណ៍ ការដឹកជញ្ជូនទំនិញ អ្នកដំណើរ និងទេសចរណ៍។

លោក រដ្ឋមន្រ្តីបានថ្លែងបន្តថា ព្រមទាំងកសិផល និងដំណាំកសិឧស្សាហកម្មផ្សេងៗជាច្រើនរបស់បងប្អូនប្រជាពលរដ្ឋ និងក្រុមហ៊ុនធុរកិច្ចនានាទៅកាន់ទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ កាន់តែមានប្រសិទ្ធភាពខ្ពស់ ឆាប់រហ័ស និងចំណាយតិច។ លោក បានបញ្ជាក់ទៀតថា «ការស្ថាបនានិងលើកកម្រិតផ្លូវនេះមិនត្រឹមតែជួយសម្រួលដល់ចរាចរណ៍ប៉ុណ្ណោះនោះទេ ប៉ុន្តែថែមទាំងជួយបង្ការ ការពារ និងកាត់បន្ថយនូវគ្រោះទឹកជំនន់នាពេលអនាគតផងដែរ»។

សមិទ្ធផលថ្មីនេះ គឺជាចំណងដៃដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបានរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ ព្រមទាំងបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ដើម្បីប្រើប្រាស់ជាប្រយោជន៍ទូទៅ និងយូរអង្វែង។  បើតាមការថ្លែងបន្តរបស់ លោក ស៊ុន ចាន់ថុល។

លោក ស៊ុន ចាន់ថុល បានលើកឡើងផងដែរអំពីការបន្តអនុវត្តគម្រោងសាងសង់ ហេដ្ឋារចនាសម្ព័ន្ធអាទិភាពសំខាន់ៗមួយចំនួនរួមមាន៖ គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ផ្លូវក្រវាត់ក្រុងទី៣។

រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងបញ្ជាក់ឱ្យដឹងពីគម្រោងដែលនឹងត្រូវអនុវត្ត សំខាន់ៗមួយចំនួនទៀតរួមមាន៖ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ ស្ពានឆ្លងកាត់ទន្លេបាសាក់នៅចាក់អង្រែក្រោម ផ្លូវជាតិលេខ៣១ ផ្លូវជាតិលេខ៣៣ ផ្លូវជាតិលេខ៤១ ផ្លូវជាតិលេខ៧ (ស្គន់-កំពង់ចាម) គម្រោងសាងសង់ផ្លូវជាតិតភ្ជាប់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និងផ្លូវជាតិតភ្ជាប់ពីខេត្តកំពង់ឆ្នាំងទៅខេត្តកំពង់ធំ (ផ្លូវជាតិលេខ៥០C) ក្នុងដំណើរការត្រៀមស្តារសេដ្ឋកិច្ចឡើងវិញ។

ថ្លែងក្នុងពិធីសំណេះសំណាលទៅកាន់អង្គពិធីនាឱកាសនោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានសម្តែងមោទនភាពចំពោះសមិទ្ធផលសម្រេចបាននៃការអភិវឌ្ឍនហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងស្ពានរបស់ព្រះរាជាណាចក្រកម្ពុជា ស្របតាមសុភាសិតបុរាណខ្មែរដែលថា៖ «មានផ្លូវមានក្តី សង្ឃឹម« និងសុភាសិតចិនថា៖ «ចង់មានត្រូវធ្វើផ្លូវមុន»។

សូមបញ្ជាក់ថា ផ្លូវជាតិលេខ១១ និងផ្លូវក្នុងក្រុងព្រៃវែង មានប្រវែងសរុប ៩៦.៤៨គីឡូម៉ែត្រ ចាប់ពីអ្នកលឿង (ចំណុចប្រសព្វផ្លូវជាតិលេខ១) ស្ថិតក្នុងភូមិលេខ៤ ឃុំព្រែកខ្សាយ-ខ ស្រុកពាមរក៍ ខេត្តព្រៃវែង ទៅដល់ថ្នល់ទទឹង (ចំណុចប្រសព្វផ្លូវជាតិលេខ៧) ស្ថិតក្នុងភូមិស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដោយក្នុងនោះ ផ្លូវឆ្លងកាត់ភូមិសាស្រ្តខេត្តព្រៃវែង មានប្រវែង ៦៥.៥៥គីឡូម៉ែត្រ និងភូមិសាស្រ្តខេត្តត្បូងឃ្មុំ មានប្រវែង ២១.១៣គីឡូម៉ែត្រ រួមទាំងផ្លូវក្នុងក្រុងព្រៃវែងចំនួន ២កន្លែង មានប្រវែង ៩.៨០គីឡូម៉ែត្រ។

ផ្លូវជាតិលេខ១១ ជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ AC កម្រាស់ ៥សង់ទីម៉ែត្រ លើកកម្រិតគុណភាព និងពង្រីកទទឹងផ្លូវពី ៩ម៉ែត្រ ទៅ ១១ម៉ែត្រ ក្រាលស្រទាប់គ្រឹះទាំងលើ និងក្រោមកម្រាស់ ៦០សង់ទីម៉ែត្រ។ ទទឹងតួផ្លូវមានប្រវែង ១១ម៉ែត្រ ក្នុងនោះ ៧ម៉ែត្រ សម្រាប់រថយន្តចរាចរណ៍ ចែកជា ២គន្លង (១ទៅ ១មក) និងផ្លូវសម្រាប់ទោចក្រយានយន្ត មាន ២គន្លង (១ទៅ ១មក) សាងសង់ស្ពានចំនួន ២កន្លែង ប្រវែងសរុប ២១០ម៉ែត្រ ដាក់លូជ្រុងចំនួន ៣កន្លែង លូមូលចំនួន ៩១កន្លែង និងលូដាក់តាម ប្រឡាយសងខាងផ្លូវចំនួន ១៩២កន្លែង រួមទាំងការងាររៀបចំផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាពតាមដងផ្លូវផងដែរ។

ផ្លូវនេះ សាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ប្រើប្រាស់រយៈពេលសាងសង់ចំនួន ៤៤ខែ (ប៉ុន្តែការសាងសង់ ជាក់ស្តែងត្រឹមតែ ៣០ខែ ប៉ុណ្ណោះ គិតចាប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ និងបញ្ចប់នៅថ្ងៃ ទី១៧ ខែមិថុនា ឆ្នាំ ២០២០ លឿនជាងផែនការគ្រោងទុក១៤ខែ) ចំណាយថវិកាសាងសង់សរុប ៩៨.៣៨លានដុល្លារ រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលសម្រាប់ការងារដោះ ស្រាយផលប៉ះពាល់ និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះផងដែរ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)