Register Already an agent ? Login

សម្តេចតេជោ នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៥ ពីបាត់ដំបង-សិរិសោភ័ណ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវ ប្រវែង ៨៤.៧៤គីឡូម៉ែត្រ នៃគម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៥ ពីបាត់ដំបង-សិរិសោភ័ណ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២។ បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន។

លោក តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំគណៈកម្មការត្រៀមរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវខាងលើ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ នៅទីស្ដី ការក្រសួង។ តាមការបន្តរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន

កិច្ចប្រជុំនេះធ្វើឡើង ដើម្បីពិនិត្យមើលវឌ្ឍនភាពនៃការងារត្រៀមរៀបចំពិធីរបស់គណៈកម្មការ និងអនុគណៈកម្មការនីមួយៗ ដើម្បីស្វែងរកដំណោះស្រាយចំពោះសំណូមពរ ក៏ដូចជាបញ្ហាមួយចំនួនដែល គណៈកម្មការនិងអនុគណៈកម្មការនីមួយៗបានជួបប្រទះអំឡុងពេលអនុវត្តការងារ។

បើតាមកិច្ចប្រជុំនោះ លោក តូច ចាន់កុសល បានណែនាំឱ្យសមាជិកសមាជិកានៃគណៈកម្មការត្រៀមរៀបចំពិធី សហការគ្នាឱ្យបានជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធ ផ្តល់ព័ត៌មានគ្នាទៅវិញទៅមកឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីដោះស្រាយបញ្ហាប្រឈមដែលខ្លួនបានជួបប្រទះ ជាពិសេសអនុវត្តតាមតួនាទី និងភារកិច្ចរបស់ខ្លួន ដែលថ្នាក់ដឹកនាំបានប្រគល់ជូន សំដៅធានាឱ្យពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវនេះ បានប្រព្រឹត្តទៅដោយរលូន តាមផែនការដែលបានគ្រោងទុក៕

ដោយ៖ មឿន ឌីណា (Moeun Dyna)