Register Already an agent ? Login

វឌ្ឍនភាព ធ្វើផ្លូវលេខ១៤៨ ប្រវែងជិត ២០គីឡូម៉ែត្រ ពីរង្វង់មូលស្ទឹងហាវ ដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានជាង ៤០%

ព្រះសីហនុ៖ វឌ្ឍនភាព ការងារសាងសង់នៃការដ្ឋានស្ថាបនាផ្លូវខេត្តលេខ១៤៨ ប្រវែង ១៨.៦៧៥គីឡូម៉ែត្រ ចាប់ពីរង្វង់ មូលស្ទឹងហាវ ដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ គិតត្រឹមសប្តាហ៍ទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ សម្រេចបានប្រមាណ ៤០.៨៩% ដែលលឿនជាងផែនការប្រមាណ ១.៥៥%។ គម្រោងនេះ បានចាប់បើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ ដោយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) ចំណាយពេល ២៨ខែ។

កំណាត់ផ្លូវនេះ ប្រើប្រាស់ថវិកាសន្សំរបស់ជាតិ ក្រោមការត្រួតពិនិត្យបច្ចេកទេសដោយ នាយកដ្ឋានផ្លូវថ្នល់នាយកដ្ឋានហេដ្ឋារចនាសម្ព័ន្ធសាធារណ និងនាយកដ្ឋានបច្ចេកទេសសាធារណការ និងដឹកជញ្ជូននៃអគ្គនាយកដ្ឋានបច្ចេកទេស ក្រសួងសាធារណការ និងដឹកជញ្ជូន។

លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារបច្ចេកទេសពាក់ព័ន្ធរបស់ក្រសួង ចុះពិនិត្យគុណភាព និងសកម្មភាព ការងារសាងសង់នៃការដ្ឋានស្ថាបនាកំណាត់ផ្លូវនេះ និងប្រព័ន្ធលូបង្ហូរ ដោយមានការចូលរួមពី ក្រុមការងារបច្ចេកទេសមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ តំណាងក្រុមហ៊ុនសាងសង់ ទីប្រឹក្សាបច្ចេកទេស និងភាគីពាក់ព័ន្ធ ដើម្បីធានាថាសំណង់ដែលសាងសង់ រួចមានគុណភាពរឹងមាំ ស្របតាមស្តង់ដារបច្ចេកទេស ដែលបានកំណត់ ប្រើប្រាស់ជាប់បានយូរ និងកាត់បន្ថយការចំណាយ ថវិកាជាតិក្នុងការជួសជុលថែទាំ កាលពីថ្ងៃទី៣២​ខែធ្នូ ឆ្នាំ២០២១។

ថ្លែងក្នុងដំណើរចុះពិនិត្យកំណាត់ផ្លូវនេះ លោក រដ្ឋមន្ត្រី បានណែនាំឱ្យក្រុមហ៊ុនទទួលម៉ៅការសាង សង់យកចិត្តទុកដាក់ដោយស្មារតីទទួលខុសត្រូវខ្ពស់លើការងារសាងសង់ប្រព័ន្ធលូបង្ហូរ ដោយអនុលោមតាមស្តង់ដារបច្ចេកទេសដែលបានកំណត់ ធ្វើយ៉ាងណាធ្វើម្តងឱ្យហើយកុំធ្វើម្តងទៀតនាំឱ្យខាតបង់ពេលវេលានិងថវិកា ដែលរាជរដ្ឋាភិបាលរកបានដោយលំបាក។

លោក ស៊ុន ចាន់ថុលបានថ្លែងថា ការស្ថាបនាផ្លូវនេះមានការប្រើប្រាស់ម៉ាស៊ីនអ៊ុតបេតុង(Concrete Paving Machine)ទំនើប ដែលធ្វើឱ្យផ្ទៃផ្លូវមានភាពរាបស្មើល្អ និងរក្សាបានគុណភាពបេតុង ដែលជួយឱ្យផ្លូវរឹងមាំជាប់បានយូរ។ លោក បានបញ្ជាក់ឱ្យដឹងថា «ជាផ្លូវទី១ នៅកម្ពុជាដែលប្រើម៉ាស៊ីនឆូតកាត់ធ្វើក្រឡាផ្ទៃបេតុង ដើម្បីកុំឱ្យយានយន្តរអិលក្នុងពេលបើកបរ និងគ្រប់គ្រងស្នាមប្រេះបានល្អ ដែលកន្លងមកការឆូតកាត់ផ្លូវបេតុង (ទទឹងផ្លូវ) ត្រូវបានធ្វើឡើងដោយដៃប៉ុណ្ណោះ»។

លោក បានថ្លែងបន្តទៀតថា ផ្លូវខេត្តលេខ១៤៨ ចាប់ពីរង្វង់មូលស្ទឹងហាវ ដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ស្ថាបនាដោយក្រាលបេតុងសរសៃដែក ប្រវែង២២,៣៤៧គីឡូម៉ែត្រ ទទឹង១១ម៉ែត្រ កម្រាស់ ២៦សង់ទីម៉ែត្រ និងចិញ្ចើមក្រួសក្រហម ០.៥០ម៉ែត្រសងខាង ចាប់ពី PK២៤+៣៥០ ដល់ PK៤៣ +០២៥ (មានស្រទាប់ Sub Base ១៥សង់ទីម៉ែត្រ និងស្រទាប់ Base Course កម្រាស់ ៣០សង់ទីម៉ែត្រ)។

បើតាម លោក រដ្ឋមន្រ្តីបានបញ្ជាក់ទៀតថា កំណាត់ផ្លូវនេះ គឺជាផ្លូវវាងក្រុងដ៏មានសក្ដានុពលសម្រាប់បម្រើឱ្យការដឹកជញ្ជូន ទំនិញនាំចេញ-ចូលតាម នាវា កសិផល និងជលផលរបស់បងប្អូនប្រជាពលរដ្ឋ នៅស្រុកស្ទឹងហាវ ក៏ដូចជាបងប្អូនរស់នៅតំបន់ ទំនប់រលកចាស់នៃក្រុងព្រះសីហនុទៅកាន់ទីផ្សារ កាន់តែមានលក្ខណៈ ងាយស្រួល ឆាប់រហ័ស និងណាយ តិច និងចូលរួមចំណែកដល់ការកាត់បន្ថយការកកស្ទះចរាចរណ៍ យានយន្តដឹកជញ្ជូនទំនិញធុន ធ្ងន់តាមផ្លូវជាតិលេខ៤ផងដែរ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)