Register Already an agent ? Login

ក្រសួងពាណិជ្ជកម្ម ពន្យាពេលការផាកពិន័យការដាក់ពាក្យស្នើសុំ លិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានជូនដំណឹងដល់សហគ្រាសឯកបុគ្គល នីតិបុគ្គល និងសាខាក្រុមហ៊ុនបរទេស ដែលធ្វើអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិកថា នឹងមានការន្យាពេលការផាកពិន័យចំពោះការដាក់ពាក្យស្នើសុំ លិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក រហូតដល់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ ជាកំណត់។

សេចក្ដីជីនដំណឹងរបស់លក្រសួងពាណិជ្ជកម្មចុះថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ បានបញ្ជាក់ថា អនុលោមតាមសេចក្តីជូនដំណឹងលេខ២១៩៤ ព.ណ.ចបព ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ស្តីពីការផ្តល់លិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដែលដល់កាលបរិច្ឆេទកំណត់ការស្នើសុំនាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១។

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងដដែលបានបន្តថា ប៉ុន្តែបច្ចុប្បន្ន ក្រសួងពាណិជ្ជកម្មបានសង្កេតឃើញថា សហគ្រាស-ក្រុមហ៊ុនដែលបាននិងកំពុងធ្វើប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកមួយចំនួន កំពុងរៀបចំឯកសារដើម្បីស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។

ក្រសួងបានបញ្ជាក់ទៀតថា ដូចនេះ ដើម្បីផ្តល់លទ្ធភាពក្នុងការបំពេញកាតព្វកិច្ចក្នុងការស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ក្រសួងពាណិជ្ជកម្មសម្រេចពន្យារកាលបរិច្ឆេទការផាកពិន័យលើការស្នើសុំនេះ រហូតដល់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ ជាកំណត់។

បើតាមសេចក្ដីប្រកាសព័ត៌មានដដែលនេះ បានបន្ថែមថា ក្រសួងពាណិជ្ជកម្ម មានជំនឿយ៉ាងមុតមាំថា​ ក្នុងអំឡុងពេលនៃការពន្យារពេលនេះ លោក-លោកស្រី សហគ្រាសឯកបុគ្គល នីតិបុគ្គល និងសា​​ខាក្រុមហ៊ុនបរទេសដែលបាននិងកំពុងធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកទាំងអស់នឹងរួសរាន់ដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត​ ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកតាមការកំណត់ជាក់ជាមិនខាន។

ចំពោះពាក្យស្នើសុំ បែបបទ លក្ខខណ្ឌ និងឯកសារតម្រូវផ្សេងៗ អាចទាញយកបានតាមរយៈគេហទំព័រ   www.ecommercelicensing.moc.gov.kh ឬគេហទំព័ររបស់ក្រសួងពាណិជ្ជកម្ម www.moc.gov.kh។​

បុគ្គលស្នើសុំអាចដាក់ពាក្យស្នើសុំដោយផ្ទាល់នៅនាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្ម អគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម ឬតាមរយៈគេហទំព័រ www.ecommercelicensing.moc.gov.kh ។

សម្រាប់ព័ត៌មានលម្អិតសូមធ្វើការទំនាក់ទំនងទៅកាន់នាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្ម ឬតាមរយៈលេខទូរស័ព្ទ 096 9 632 363 ឬ 088 6 083 082៕

ដោយ៖ មឿន ​ឌីណា (Moeun Dyna)