Register Already an agent ? Login

ក្រសួងសាធារណការ និងដឹកជញ្ជូន រកចំណូលបានជាង ១៥លានដុល្លារ ពីការលក់ផ្លាកលេសពិសេស

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូនរកចំណូលបានពីការលក់ផ្លាកលេខពិសេសផ្ទាល់ខ្លួន និងផ្លាកលេខពិសេសរាជធានី-ខេត្តសរុបចំនួន ១៥,២៣៣,៦៨៥.៤២៣ដុល្លារ ដោយគិតចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២១។ យោងតាមរបាយការណ៍របស់គណៈកម្មការរអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត។

បើតាមរបាយការណ៍ខាងលើបានឱ្យដឹងបន្តថា ផ្លាកលេខពិសេសផ្ទាល់ខ្លួនលក់បានចំនួន ៤,៨០២លេខ ទទួលបានចំណូលប្រមាណ ៣៤,៥៦៧,៣៥៣,៣០០រៀល (៨,៥០៣,៥៦៨.៩១១៨ដុល្លារ)។

ផ្លាកលេខពិសេសរាជធានី-ខេត្តលក់បាន ២៥,៣៦៤លេខ ទទួលបានចំណូលប្រមាណ ២៧,៣៥៨,១៩៧,២០០រៀល (៦,៧៣០,១១៦.៥១១២ដុល្លារ) ក្នុងរយៈពេល១១ខែ (មករា-វិច្ឆិកា) ឆ្នាំ២០២១។ បើតាមរបាយការណ៍ដដែល។

របាយការណ៍ខាងលើនេះដែរបានដាក់បង្ហាញនៅក្នុងកិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំវឌ្ឍនភាពការងាររបស់អនុគណៈកម្មការកំណត់តម្លៃ និងរៀបចំការលក់ ឬដេញថ្លៃ និងអនុគណៈកម្មការផ្សព្វផ្សាយ និងផ្តល់ជំនួយបច្ចេកទេសសម្រាប់ឆ្នាំ២០២១ និងទិសដៅការងារបន្ត ឆ្នាំ២០២២។

កិច្ចប្រជុំនេះដឹកនាំដោយ លោកស្រី កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការរអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយមានការចូលរួមពីសមាជិកសមាជិកានៃអនុគណៈកម្មការទាំងពីរ។

ថ្លែងទៅកាន់អង្គប្រជុំ លោកស្រីរដ្ឋលេខាធិការ បានថ្លែងអំណរគុណ និងកោតសរសើរដល់អនុគណៈកម្មការទាំងពីរ ដែលបានរាយការណ៍បច្ចុប្បន្នការងារ ក៏ដូចជាបញ្ជាក់បន្ថែមអំពីបច្ចេកទេសព័ត៌មានវិទ្យា និងលទ្ធផលការងារដែលបានខិតខំប្រឹងប្រែងសម្រេចបានក្នុងរយៈពេល១១ខែ ឆ្នាំ២០២១។ ជាពិសេស ចំពោះមណ្ឌលប្រឹក្សាយោបល់សេវាសាធារណៈ ដែលបានឆ្លើយតប និងផ្តល់ព័ត៌មានដល់បងប្អូនប្រជាពលរដ្ឋ និងដោះស្រាយបញ្ហាបានទាន់ពេលវេលា។

លោក កុយ សុដានី ក៏បានគូសបញ្ជាក់ផងដែរអំពីសមិទ្ធផលការងារសម្រេចបានទាក់ទងនឹងការងារផ្សព្វផ្សាយព័ត៌មានយ៉ាងទូលំទូលាយ ប្រព័ន្ធលក់លេខពិសេសផ្ទាល់ខ្លួនកាន់តែមាន ភាពល្អប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ ដែលបង្ហាញពីភាពចាស់ទុំជាងមុន និងគួររតែលើកយកទៅបង្ហាញនៅ ក្នុងសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០២១ និងទិសដៅឆ្នាំ២០២២របស់ក្រសួងផងដែរ។

ជាទីបញ្ចប់ លោកស្រី រដ្ឋលេខាធិការប្រធានអង្គប្រជុំ បានស្នើឱ្យអនុគណៈកម្មការជំនាញទាំងពីររៀបចំ របាយការណ៍អំពីសមិទ្ធផលការងារសម្រេចសំខាន់ៗជារួមដាក់ជូនកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងពិនិត្យ និងពិភាក្សា ដើម្បីត្រៀមខ្លួនបានទាន់ពេលវេលាក្នុងការចូលរួមរាយការណ៍ជូនសន្និបាតប្រចាំឆ្នាំ២០២១ របស់ក្រសួង ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខនេះ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)