Register Already an agent ? Login

ប្រធានអង្គការNPA និង CMAC ចុះកិច្ចសហប្រតិបត្តិការគម្រោង «ខេត្តកែបគ្មានគ្រាប់មីន» លើផ្ទៃដីជាង ៩០ហិកតា

ភ្នំពេញ៖ លោក​ ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា បានចុះហត្ថលេខាជាមួយ ប្រធានអង្គការNPA ប្រចាំនៅកម្ពុជា លើកិច្ចសហប្រតិបត្តិការគម្រោង «ខេត្តកែបគ្មានគ្រាប់មីន» ចម្ការមីនចំនួន ៨ ដែលមានទំហំផ្ទៃក្រឡាសរុបជាង ៩០ហិកតា​ ហើយ​ការចំណាយ​ក្នុង​ការអនុវត្ត​គម្រោង​នេះ​ខ្ទង់​ប្រមាណ​ជិត​ ២០​ម៉ឺន​ដុល្លារ​។ បើតាមទំព័រហ្វេសប៊ុករបស់ លោក ហេង រតនា។

នៅក្នុងទំព័រហ្វេសរបស់ លោក ហេង រតនា បានបញ្ជាក់ថា « កំលាំងស៊ីម៉ាក់អាចប្រើពេលវេលា ៤ខែសម្រាប់បញ្ចប់ការងារនៅខេត្តកែបនេះ ដែលក្លាយជាខេត្តគ្មានគ្រាប់មីនមុនគេ»។ គម្រោង​នេះ​នឹង​ចាប់ផ្តើម​អនុវត្ត​ពីថ្ងៃ​ទី​១ ខែធ្នូ ឆ្នាំ២០២១ ដែល​ជំហាន​ដំបូង​នឹងត្រូវ​ដាក់កម្លាំង​ស៊ីម៉ាក់​ចំនួន​ ៣០​នាក់ ដោយ​បែងចែក​ជា​ ៤​ក្រុម ទៅកាន់​ ៤ចម្ការមីន ក្នុង​ចំណោម​ចម្ការមីន​ចំនួន​ ៨ ​នៅក្នុង​ខេត្ត​កែប​។

ប្រភពខាងលើបានបន្តថា កំលាំងស៊ីម៉ាក់មានមហិច្ឆតាបន្តភារកិច្ចបោសសំអាត តំបន់រងផលប៉ះពាល់គ្រាប់មីនឱ្យក្លាយ ជាខេត្តគ្មានគ្រាប់មីនសម្រាប់ខេត្តកំពត​ តាកែវ​ កំពង់ស្ពឺ​ ព្រះសីហុ​ និងខេត្តកោះកុង​ ជាបន្តបន្ទាប់ចាប់ពីឆ្នាំ២០២២តទៅ។

ប្រភពដដែលបានបន្តទៀតថា អង្គភាពស៊ីម៉ាក់បន្តខិតខំអនុវតតាមផែនការយុទ្ធសាស្ត្រជាតិរបស់​រាជរដ្ឋភិបាល​ ដោយ សហការជាមួយអាជ្ញាធរមីន​និងដៃគូអភិវឌ្ឍ​ន៍ ដើម្បីព្រះរាជាណាចក្រ អស់ការគំរាមកំហែងដោយសារគ្រាប់មីន ប្រឆាំងមនុស្សត្រឹមចុងឆ្នាំ២០២៥។

ហ្វេសប៊ុក​អង្គការ NPA បានឱ្យដឹងថា ក្រោម​ជំនួយ​នៃ​ប្រជាពលរដ្ឋ​ន័រវេស​អង្គការ​ប្តេជ្ញា​គាំទ្រ​ជួយ​ប្រទេស​កម្ពុជា​គ្មាន​មីន​នៅ​ឆ្នាំ​២០២៥ ដោយ​បច្ចុប្បន្ន​បាននិង​កំពុង​ចាប់ផ្តើម​ជំហាន​ដំបូង​ធ្វើការ​ជាមួយ​អាជ្ញាធរ​មីន​ និង​ស៊ីម៉ាក់​ដើម្បី​ធ្វើការ​កម្ចាត់មីន​ឱ្យអស់​នៅ​ខេត្ត​កែប​។

ហ្វេសប៊ុក​ដដែល​បានបន្តថា​ ​ថ្ងៃនេះ​យើង​បានចាប់ផ្តើម​ជំហាន​ដំបូង​ដោយ​ធ្វើការ​ជាមួយ អាជ្ញាធរ​មីន-Cambodian Mine Action Authority និងមជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា ​ដែលជា​អាជ្ញាធរ​និង​ប្រតិបត្តិករ​ជាតិ​នៃ​សកម្មភាព​កំចាត់មីន​កម្ពុជា ក្នុង​ការចុះ​ទស្សនកិច្ច ចម្ការមីន​ដែល​សេសសល់​ក្នុង​ខេត្ត​កែប ដើម្បី​ស្វែងយល់​ពី​ស្ថានភាព​បច្ចុប្បន្ន និង​រៀបចំ​ផែនការ​ការងារ​ដើម្បីឱ្យ​ខេត្ត​កែប​ក្លាយជា​ខេត្ត​ដែល​គ្មាន​មីន​ដំបូង​គេ​នៅ​ប្រទេស​កម្ពុជា​​។

លោក​ទេសរដ្ឋមន្ត្រី​ លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន ថ្លែង​​ថា ដោយមាន​ការអនុញ្ញាត​ពី​ សម្ដេចតេជោ នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន អាជ្ញាធរ​មីន​បាន​ទំនាក់ទំនង​ជាមួយ​សហគមន៍​ផ្តល់ជំនួយ​មួយ​ចំនួន​ដែល​ថ្មីៗ​នេះ​ប្រទេស​ហុងគ្រី​ផ្តល់ជំនួយ​បោសសម្អាត​បាន​ ១ចម្ការមីន​ក្នុង​ខេត្ត​កែប​។

លោក​ បានថ្លែងបន្តថា​ ​យើង​បាន​គោលការណ៍​ពី​ សម្តេច ​ ​ហ៊ុន សែន​ ឱ្យខិតខំ​រក​ធនធានដើម្បី​ទៅ​បញ្ចប់​ខេត្ត​ហ្នឹង​។ អ៊ីចឹង​យើង​បាន​មក​គ្រប់គ្រាន់​ហើយ​។ ឥឡូវ​យើង​កំពុង​ពង្រាយ​កម្លាំង​របស់​ស៊ីម៉ាក់​ ដើម្បី​បោសសម្អាត​ឱ្យបាន​ចប់​។ អ៊ីចឹង​ពេល​យើង​ចប់​យើង​នឹង​ប្រកាស​ខេត្ត​ហ្នឹង​មុនគេ​ជា​ខេត្ត​អត់​មាន​មីន​៕

ដោយ៖ មឿន ឌីណា (Meoun Dyna)