Register Already an agent ? Login

CMAC បានរំដោះផ្ទៃដីរងផលប៉ះពាល់ដោយសារគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមជាង ៨៣លានម៉ែត្រក្រឡា

ភ្នំពេញ៖ លទ្ធផលកិច្ចប្រតិបត្តិការក្នុង​រយៈពេល១០ខែ (មករា-តុលា) ឆ្នាំ២០២១ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានរំដោះផ្ទៃដីរងផលប៉ះពាល់ដោយសារគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមសរុបចំនួន៨៣,៤៤៦,៣៥២ម៉ែត្រក្រឡា ស្មើនឹង ៨៨.១៣% នៃផែន ឬស្មើនឹង ៧៣.៤៤% នៃផែនការប្រចាំឆ្នាំ។ បើតាមកិច្ចប្រជុំក្រុមប្រឹក្សាភិបាលស៊ីម៉ាក់​ ដើម្បីពិនិត្យវឌ្ឍនភាពការងារ ១០ខែ ឆ្នាំ២០២១ និងពង្រាងផែនការសមាហរណកម្មឆ្នាំ២០២២ CMAC។

បើតាមកិច្ចប្រជុំខាងលើបានបញ្ជាក់ឱ្យដឹងថា លទ្ធផលដែលទទួលបានទាបជាងផែនការមួយផ្នែក ដោយសារការចល័តក្រុមពហុជំនាញដែលមានស្រាប់ពីការបោសសម្អាតទៅស្រាវជ្រាវចម្ការមីន/គ្រាប់វិញ ហើយលទ្ធផលស្រាវជ្រាវកំណត់ចម្ការមីន/គ្រាប់ថ្មីសម្រេចបាន ៥១៤ទីតាំងស្មើនឹង ៨០,៦៥០,៨៣៩​ម៉ែត្រក្រឡា។

កិច្ចប្រតិបត្តិការនេះរុករកឃើញនិងកម្ទេចចោលគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទ សរុប ចំនួន ៦៩,៩០៤គ្រាប់ ព្រមទាំងមានប្រជាពលរដ្ឋ ទទួលផលដោយផ្ទាល់ហើយនិងដោយប្រយោលសរុបចំនួន ៣៦,៦២៧គ្រួសារ។ បើតាមកិច្ចប្រជុំដដែលបានបន្តទៀតថា ក្នុងរយៈពេលដូចគ្នាការងារផ្សព្វផ្សាយក៏បានអប់រំយល់ដឹងពីគ្រោះថ្នាក់ដោយ សារគ្រាប់មីននិងសំណល់ជាតិផ្ទុះពីសង្គ្រាមដល់ក្រុមគោលដៅបានចំនួន ១៤,៥៣៨លើក ស្មើនឹង ​៤៨០,៨០៦​ខ្នងផ្ទះ មានប្រជាពលរដ្ឋចូលរួមសរុបចំនួន ៧៨៦,៩២៤នាក់។

បើតាមកិច្ចប្រជុំដដែលបានបន្ថែមថា សម្រាប់ពង្រាងផែនការឆ្នាំ២០២២ខាងមុខនេះ​ មានផែនការរំដោះផ្ទៃដីមានបញ្ហាគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាមចំនួនប្រមាណ ១២៥គីឡូម៉ែត្រក្រឡា​ និងបន្តពង្រឹងសមត្ថភាពជាតិក្នុងការដោះស្រាយវិបត្តិសំណល់គ្រាប់បែកចង្កោមនិងសំណល់យុទ្ធភណ្ឌសង្គ្រាមដើម្បីគាំទ្រសកម្មភាពមនុស្សធម៌ និងការអភិវឌ្ឍរបស់រាជរដ្ឋាភិបាល​ អនុលោមតាមផែនការជាតិនិងការប្តេជ្ញាចិត្តជាមួយសហគមន៍អន្តរជាតិស្តីពីសម្រសឱ្យបានអនុសញ្ញាអន្តរជាតិអូតាវ៉ាត្រឹមចុងឆ្នាំ២០២៥៕

ដោយ៖ មឿន ​ឌីណា (Moeun Dyna)