Register Already an agent ? Login

រាជរដ្ឋាភិបាល បានកាត់ដីជាង ១៥ម៉ឺនហិកតា នៅតំបន់ធម្មជាតិក្នុងខេត្តកោះកុងចំនួន ៨កន្លែង ជូនប្រជាពលរដ្ឋ

កោះកុង៖ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានថ្លែងបញ្ជាក់ឱ្យដឹងថា កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកាត់ឆ្វៀលផ្ទៃដីចំនួន ១៥០,០២០.៣៩ហិកតា ចេញពីតំបន់ការពារធម្មជាតិចំនួន ០៨តំបន់ ក្នុងភូមិសាស្ត្រខេត្តកោះកុង ជូនប្រជាពលដ្ឋ។

លោក ស្រី មិថុនា ភូថង បានថ្លែងបន្តថា តាមរយៈអនុក្រឹត្យលេខ៣០ អនក្រ.បក ចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ ផ្ទៃដីចំនួន ២៣.០៩២ហិកតា ត្រូវបានកាត់ឆ្វៀលចេញពីតំបន់ដីគម្របព្រៃឈើឆ្នាំ២០០២ និងតំបន់ដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន ហ្រ្គីនរិចគ្រុប ក្នុងភូមិសាស្ត្រខេត្តកោះកុង តាមរយៈអនុក្រឹត្យលេខ៤៦ អនក្រ.បក ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ដើម្បីធ្វើប្រទានកម្មជាកម្មសិទ្ធជូនប្រជាពលរដ្ឋ និងដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ហើយនិងសង្គមសម្រាប់បម្រើផលប្រយោជន៍សាធារណៈ។

នៅក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋរងផលប៉ះពាល់ ដោយសារគម្រោងវិនិយោគអភិវឌ្ឍន៍របស់ក្រុមហ៊ុនយូញៀន កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ អភិបាលខេត្តកោះកុង បានថ្លែងបន្តទៀតថា បច្ចុប្បន្ន ក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសអាជ្ញាធរខេត្ត អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរអង្គភាពពាក់ព័ន្ធ បាននឹងកំពុងខិតខំប្រឹងប្រែងដោះស្រាយតាមនីតិវិធីច្បាប់ ដើម្បីធ្វើប្រទានកម្មជាកម្មសិទ្ធជូនប្រជាពលរដ្ឋ និងដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ហើយនិងសង្គមសម្រាប់បម្រើផលប្រយោជន៍សាធារណៈ។

បើតាមអភិបាលខេត្តកោះកុង បានថ្លែងបន្ថែមថា ចាប់ពីខែកញ្ញា ឆ្នាំ២០២១ ក្រុមការងាររបស់អគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី និងក្រុមការងាររបស់រដ្ឋបាលខេត្តកោះកុង បានខិតខំចុះមកសម្របសម្រួលដោះស្រាយជាមួយប្រជាពលរដ្ឋតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

លោក ស្រី មិថុនា ភូថង បានថ្លែងបន្ថែមទៀតថា ថ្ងៃនេះ មានប្រជាពលរដ្ឋ ចំនួន ១,១០២គ្រួសារ បានយល់ព្រមទទួលយកការដោះស្រាយតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ហើយនាងខ្ញុំសូមគោរពថ្លែងអំណរគុណ ចំពោះបងប្អូនប្រជាពលរដ្ឋទាំង ១,១០២គ្រួសារនេះ ដែលបានយល់ព្រមទទួលយកនូវការដោះស្រាយ។ នាឱកាសនោះ លោកស្រីសង្ឃឹម បងប្អូនប្រជាពលរដ្ឋមួយចំនួនតូចដែលនៅសេសសល់ពុំទាន់យល់ព្រមទទួលយកនូវការដោះស្រាយ នឹងពិចារណាបាន៕

ដោយ៖ មឿន ឌីណា (Moeun Dyna)