Register Already an agent ? Login

រាជរដ្ឋាភិបាល បានចំណាយថវិកាជាង ២១០លានដុល្លារ លើគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច និងពិពិធកម្មកសិកម្មកម្ពុជា

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានចំណាយថវិកាជាង ២១០លានដុល្លារ អភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា តាមរយ:គម្រោង៖ ការបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ជំហានទី១ ២ និងទី៣ (Land Allocation for Social and Economic Development LASED I II and III) និងគម្រោងពិពិធកម្មកសិកម្មកម្ពុជា។ ក្នុងទឹកប្រាក់ជាង​ ២១០លានដុល្លារនេះ ទទួលបានហិរញ្ញប្បទានពីធនាគារពិភពលោក (World Bank) ចំនួនជាង ​១៨៤លានដុល្លារ។ បើតាមទំព័រហ្វេសប៊ុករបស់លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។

លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបលោកស្រី Mariam J. Sherman នាយិកាធនាគារពិភពលោក ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកភាគខាងកើត រួមទាំងប្រចាំនៅកម្ពុជា ឡាវ និងមីយ៉ាន់ម៉ាផងដែរ នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។ បើតាមទំព័រហ្វេសប៊ុករបស់លោក វេង សាខុន បានបន្តឱ្យដឹងថា កិច្ចប្រជុំទទួលបានលទ្ធផលជាផ្លែផ្កា សហប្រតិបត្តិការ និងមានឆន្ទ:រួមមួយ គឺលើកកម្ពស់គុណភាពជីវភាពប្រជាពលរដ្ឋ និងនិរន្តរភាពសេដ្ឋកិច្ច តាមរយ:វិស័យកសិកម្មទាំងពេលបច្ចុប្បន្ន និងអនាគត។

លទ្ធផលដែលទទួលបានពីជំនួបនេះមានដូចខាងក្រោម៖

១- គម្រោង LASED II មានរយពេល ៥ឆ្នាំ (២០១៦-២០២១) ថវិកា ១,០៨២,៧៧៦ដុល្លារ។ ប្រជាពលរដ្ឋក្រីក្រចំនួន ៥,០៩១គ្រួសារ នឹងទទួលបានដីសម្រាប់រស់នៅ និងប្រករបរកសិកម្ម (ដាំដុះដំណាំ និងការចិញ្ចឹមសត្វ) ក្នុងខេត្តគោលដៅរួមមាន៖ កំពង់ឆ្នាំង កំពង់ស្ពឺ កំពង់ធំ ក្រចេះ និងត្បូងឃ្មុំ លើផ្ទៃដីសរុប ១៧,០០០ហិកតា។

២- គម្រោង LASED III មានរយៈពេល (២០២០-២០២៦) ថវិកា ១០៧លានដុល្លារ (៩៣លានដុល្លារ កម្ចីពី WB និង ១៤លាន ថវិកាបដិភាគពីរាជរដ្ឋាភិបាលកម្ពុជា)។ ខេត្តគោលដៅរួមមាន៖ ក្រចេះ ត្បូងឃ្មុំ កំពង់ធំ កំពង់ឆ្នាំង កំពង់ស្ពឺ មណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តស្ទឹងត្រែង។ ដែលផ្តោតការវិនិយោគលើប្រព័ន្ធធារាសាស្ត្រខ្នាតតូច ផ្តល់សេវាគាំទ្របច្ចេកទេស សម្រាប់ការប្រកបរបរចិញ្ចឹមជីវិតផ្អែកលើកសិកម្មជាមូលដ្ឋាន កសិករទទួលផលសរុប ១៥,០០០គ្រួសារ។

៣- គម្រោងពិពិធកម្មកសិកម្ម៖ ថវិកា ១០១.៦៧លានដុល្លារ (WB ចំនួន ៩១.៦៧ លានដុល្លារ និងរាជរដ្ឋាភិបាល ១០ លានដុល្លារ) រយៈពេល ២០១៩-២០២៤។ ខេត្តគោលដៅរួមមាន៖ កំពង់ឆ្នាំង បាត់ដំបង សៀមរាប ព្រះវិហារ ស្ទឹងត្រែង រតនគីរី មណ្ឌលគីរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម កណ្តាល ខេត្តកំពង់ស្ពឺ និងរាជធានីភ្នំពេញ។

បើតាមទំព័រហ្វេសរបស់រដ្ឋមន្រ្តីក្រសួងកសិកម្មបានដឹងទៀតថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក រដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ WB និងសហការីទាំងអស់នៅកម្ពុជា ដែលបានយកចិត្តទុកដាក់ និងជួយអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា តាមរយ:គម្រោងខាងលើ។

លោក វេង សាខុន បានបញ្ជាក់ «រាល់គម្រោង ឬកម្មវិធីជំនួយឧបត្ថម្ភរបស់ WB បាននឹងកំពុងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យកសិកម្មកម្ពុជាឲ្យមានការរីកចម្រើន ធានាបាននូវសន្តិសុខស្បៀង បង្កើនប្រាក់ចំណូល កែប្រែកម្រិតជីវភាព និងបង្កើនបរិមាណផលិតប្រកបដោយនិរន្តរភាព»។

លោក បានបន្តថា តាមរយ:ការអនុវត្តបច្ចេកវិទ្យាសមស្រប ទំនើប ធន់នឹងការប្រែប្រួលអាកាស ធាតុ សុវត្ថិភាពសង្គមនិងបរិស្ថាន បរិយាប័ន្ន និងនវានុវត្តន៍ សំដៅឈានទៅសម្រេចឲ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលដែលចង់ប្រែក្លាយកម្ពុជាទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ និងជាពិសេសឈានជាជំហានៗ ឆ្ពោះទៅជាប្រទេសនាំចេញកសិផលទៅកាន់ទីផ្សារអន្តរជាតិ។

លោក រដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា សម្រេចចក្ខុវិស័យនេះបាន ទាមទារការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ រួមទាំងវិស័យឯកជន ដើម្បីជួយបំពេញតួនាទីលើការងារផ្សព្វផ្សាយបច្ចេកទេស ធាតុចូលកសិកម្ម ពូជ ពង្រឹងខ្សែច្រវាក់តម្លៃបន្ថែម ខ្សែច្រវាក់ផលិតកម្ម ទីផ្សារ និងបណ្តុំផលិត-ផ្គត់ផ្គង់-ចែកចាយ។

រដ្ឋមន្ត្រីបានស្នើឱ្យ ធនាគារពិភពលោក ពិនិត្យពិចារណាលើកម្មវត្ថុនៃកម្មវិធីដែលបាននិងកំពុងអនុវត្ត និងកម្មវិធីផ្សេងៗដែលគ្រោងនឹងជួយដល់កម្ពុជានាពេលអនាគត ធ្វើយ៉ាងណាឱ្យស្របទៅនឹងបរិបទនាពេលបច្ចុប្បន្នគឺការរស់ នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ការប្រកួតប្រជែងទីផ្សារក្នុងស្រុក និងនាំចេញ បរិយាប័ន្នធន់នឹងការប្រែប្រួលអាកាសធាតុ និងនិរន្តរភាព ដែលនឹងនាំមកនូវការបង្កើនប្រាក់ចំណូលវិបុលភាព និងសុខុមាលភាពយូរអង្វែងសម្រាប់ប្រជាជនកម្ពុជា និងសេដ្ឋកិច្ចជាតិ។

លោកស្រី Mariam J. Sherman បានសម្តែងនូវអំណរអរគុណជូនចំពោះ លោក រដ្ឋមន្រ្តី និងសហការីដែលបានផ្តល់កិច្ចសហការយ៉ាងល្អ លើការអនុវត្តគម្រោងសម្រេចទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់។ មិនតែប៉ុណ្ណោះ លោកស្រីក៏បានវាយតម្លៃខ្ពស់លើវឌ្ឍនភាពនៃការ ការអនុវត្តកម្មវិធីផ្សេងៗ សំដៅដល់ការកែប្រែកម្រិតជីវភាព កំណើនប្រាក់ចំណូល និងជំរុញកំណើនកសិកម្មប្រកបដោយភាពប្រកួតប្រជែង និងបរិយាប័ន្ន ដែលផ្តល់នូវផលិតផលមានគុណភាព សុវត្ថិភាព និងអាហារូបត្ថម្ភ ដោយត្រូវគិតគូរខ្ពស់ដល់ការគ្រប់គ្រងដីធ្លី ទឹក ធនធានព្រៃឈើ និងជលផលប្រកបដោយនិរន្តរភាព។

ចំពោះសំណើ និងមតិកែលម្អ ឬធាតុចូលរួមសំខាន់ៗរបស់ រដ្ឋមន្រ្តីក្រសួងកសិកម្ម និងក្រុមការងារ លោកស្រីនឹងយកទៅពិនិត្យ ពិចារណាជាមួយក្រុមការងារ ធ្វើយ៉ាងណាកែលម្អឱ្យសមស្រប ឆ្លើយតបតាមតម្រូវកានៅរក្នុងវិស័យជាក់ស្តែង ជាពិសេសឱ្យស្របទៅនឹងស្ថានភាពជាក់ស្តែងនៃវិបត្តិជំងឺឆ្លងកូវិដ-១៩៕

ដោយ៖ មឿន​ ឌីណា (Moeun Dyna)