Register Already an agent ? Login

កម្ពុជា បានទទួលហិរញ្ញប្បទានពីចិនជាង ៤ពាន់លានដុល្លារ ខណៈទុនវិនិយោគចិនមានចំនួន ២៧ប៊ីលានដុល្លារ

ភ្នំពេញ៖ កម្ពុជា បានទទួលទទួលហិរញ្ញប្បទានពីចិនសរុបប្រមាណ ៣,៦៥៥លានដុល្លារ នាអំឡុងឆ្នាំ១៩៩២ដល់ឆ្នាំ២០២០ ខណៈដែលវិនិយោគចិនបានបណ្ដាក់ទុនសរុបប្រមាណ ២៧ប៊ីលានដុល្លារ គិតត្រឹមខែតុលា ឆ្នាំ២០២១។ បើតាមថ្លែងរបស់ លោក សុខ ចិន្ដាសោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្ដីពីវិនិយោគថ្មីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ លោក សុខ ចន្ដាសោភា បានថ្លែងបន្តថា រដ្ឋាភិបាល និងវិនិយោគិនចិនបានចូលរួមក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ជាពិសេស តាមរយៈកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដែលជាមូលដ្ឋាគ្រឹះនៃការអភិវឌ្ឍ។

ពាក់ព័ន្ធនឹងច្បាប់ច្បាប់វិនិយោគថ្មីនេះ លោក សុខ ចិន្ដាសោភា បានជម្រាបជូនអង្គសិក្ខាសាលាថា ច្បាប់នេះត្រូវបានតាក់តែងឡើងស្របតាមការចង្អុលបង្ហាញ របស់គោលនយោបាយអភិ​វឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ ២០១៥-២០២៥ ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលនៃភូមិសាស្ត្រ នយោបាយនិងសេដ្ឋកិច្ច បដិវត្តន៍ឧស្សាហកម្ម៤.០ បរិវត្តកម្មឌីជីថល និងការរអាក់ឬអួលនៃខ្សែច្រវ៉ាក់តម្លៃសាកល ដែលបណ្ដាលមកពីកូវីដ-១៩

អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបន្តទៀតថា ច្បាប់ថ្មីនេះក៏សំដៅច្បាមយកកាលានុវត្តភាពជាអតិបរមានពីនិម្មាបនកម្ម សេដ្ឋកិច្ចក្នុងតំបន់ ដែលកំពុងវិវត្តយ៉ាងឆាប់សហ័ស ក៏ដូចជាទាញយកផលប្រយោជន៍ ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីពហុភាគី និងទ្វេភាគីនានា រួមទាំងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលនឹងចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២។

លោកបន្ថែមថា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការវិនិយោគ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងគណៈកម្មាធិការជាតិអភិវឌ្ឍន៍ និងកែទម្រង់នៃសាធារណរដ្ឋប្រជាមានិតចិន បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នាជាបន្តបន្ទាប់ និងចុងក្រោយនេះ បានចុះហត្ថលេខាស្ដីពីការធ្វើឱ្យប្រសើរឡើង នូវកិច្ចសហប្រតិបត្តិការសមត្ថភាពផលិត និងការវិនិយោគ កាលពីថ្ងៃទី១២​ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅនេះ។

នៅក្នុងសិក្ខាសាលានេះ លោកវ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានលើកឡើងថា ទំនាក់ទំនងល្អរវាងកម្ពុជានិងចិន ធ្វើឱ្យកម្ពុជាក្លាយជាទិសដៅវិនិយោគដ៏សំខាន់ សម្រាប់ចិន ហើយតាមរយៈច្បាប់ស្ដីពីការវិនិយោគថ្មី នឹងធ្វើឱ្យគំនិតផ្ដួចផ្ដើមផ្លូវមួយខ្សែក្រវ៉ាត់មួយ និងការចូលជាធរមាន នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មកម្ពុជា ចិន កិច្ចសហប្រតិបត្តិការវិនិយោគកម្ពុជា ចិននឹងទទួលបានលទ្ធផលគួរជាទីគាប់ប្រសើរជាក់ជាមិនខាន។

សូមបញ្ជាក់ថា សិក្ខាសាលានេះ ក្រោមកិច្ចសហការរបស់ការិយាល័យសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៃស្ថានទូតចិនប្រចាំកម្ពុជា និងសភាពាណិជ្ជកម្មចិនប្រចាំកម្ពុជា តាមប្រព័ន្ធវីដេអូ ជូនវិនិយោគិននិងធុរជនចិននៅកម្ពុជា និងនៅក្រៅប្រទេស ដែលមានអ្នកចូលរួមចំនួនប្រមាណ ៣០០នាក់៕

ដោយ៖ មឿន​ ឌីណា (Moeun Dyna)