Register Already an agent ? Login

លោក វេង សាខុន៖ ផ្ទៃដីជាង ៣ពាន់ហិកតា នៅខេត្តកំពង់ធំ ត្រូវបានទន្ទ្រាន និងឈូសឆាយកាន់កាប់ដោយខុសច្បាប់

កំពង់ធំ៖ នៅខេត្តកំពង់ធំ មានករណីកាប់ទន្រ្ទាន ឈូសឆាយដីព្រៃលិចទឹក និងកាន់កាប់ដីខុសច្បាប់ មានចំនួន ៤០ករណី លើផ្ទៃដីចំនួន ៣,៥៦៦.៥៦១ហិកតា ចាប់ពីឆ្នាំ២០១៩ រហូតដល់ឆ្នាំ២០២១ ស្ថិតនៅក្នុងស្រុកចំនួន៤ រួមមាន៖ ក្រុងស្ទឹងសែន ស្រុកបារាយ ស្រុកស្ទោង និងស្រុកកំពង់ស្វាយ។ បើតាមកិច្ចប្រជុំអន្តរក្រសួងដែលនាំដោយ លោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ នាថ្ងៃទី២៩​ ខែវិច្ឆិកា ឆ្នាំ២០២១។

ទំព័រហ្វេសប៊ុករបស់ លោក វេង សាខុន​រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលផ្សាយនាថ្ងៃទី២៩ ខែនេះឱ្យដឹងថា បើតាមកិច្ចប្រជុំខាងលើ ស្រុកចំនួន៤ ខាងលើដែលរងការកាប់ទន្រ្ទាន ឈូសឆាយដីព្រៃលិចទឹក និងកាន់កាប់ដីខុសច្បាប់ មានចំនួន ៤០ករណី ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១ ដូចខាងក្រោម៖

-ឆ្នាំ២០២១៩ មាន ១៤ករណី ស្មើនឹង ៩៤៣.១៦៥ហិកតា ស្ថិតក្នុងស្រុកស្ទោង និងស្រុកកំពង់ស្វាយ។

 -ឆ្នាំ២០២០ មានចំនួន ១២ករណី ស្មើនឹង ១៩០.៥ហិកតា ស្ថិតនៅក្នុងស្រុកកំពង់ស្វាយ និងស្រុកបារាយណ៏.

-ឆ្នាំ២០២១ មានចំនួន ១៤ករណី ស្មើនឹង ១២១៣.៣៣៦ហិកតា ស្ថិតនៅក្នុងស្រុក កំពង់ស្វាយ ស្រុកស្ទោង និងក្រុងស្ទឹងសែន។

ករណីទាំងអស់នេះ គឺត្រូវបានមន្ត្រីនគរបាលយុត្តិធម៌នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តកំពង់ធំ បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តកំពង់ធំរួចអស់ហើយ ហើយកំពុងក្នុងដៃចៅក្រមសើបសួរ។ បើតាមការបន្តនៅក្នុងទំព័រហ្វេសប៊ុករបស់ លោក វេង សាខុន។

លោក បានបញ្ជាក់ថា ក្នុងចំណោម ៤០ករណី គឺមានតែមួយករណីតែប៉ុណ្ណោះ ដែលបានធ្វើជំនុំជម្រះក្តី ប៉ុន្តែមិនទាន់បានចេញសាលក្រមជំរះក្តីនៅឡើយ ដែលអ្នកត្រូវបានចោទប្រកាន់នោះ គឺជាព្រះរាជអជ្ញារង ខេត្តកំពង់ធំ។

បើតាមរដ្ឋមន្រ្តីក្រសួងកសិកម្ម បន្ថែមថា ទាក់ទងទៅនឹងករណីដែលមានកើតឡើងនៅក្នុងខេត្តនេះ លោក ជា សុផារ៉ាប្រធានអង្គប្រជុំ បានស្នើឱ្យព្រះរាជអាជ្ញា និងតុលាការខេត្តកំពង់ធំពន្លឿននិតិវិធី និងឈានទៅដល់ការកាត់ក្តីឱ្យបានឆាប់ដែលអាចធ្វើទៅបាន ក្នុងរយៈពេលដ៏ខ្លីខាងមុខ៕

ដោយ៖ មឿន​ ឌីណា (Moeun Dyna)