Register Already an agent ? Login

វិនិយោគផ្ទាល់បរទេសនៅកម្ពុជា មានទឹកប្រាក់ ៣៩ប៊ីលានដុល្លារ កើនជិត ១០% ចុងឆមាសទី១ ឆ្នាំ២០២១

ភ្នំពេញ៖ គិតត្រឹមចុងឆមាសទី១ ឆ្នាំ២០២១ វិនិយោគផ្ទាល់បរទេសនៅកម្ពុជាមានទឹកប្រាក់ ៣៩ប៊ីលានដុល្លារ បានកើនឡើង ៩.៦% ធៀបនឹងគ្រាដូចគ្នាឆ្នាំ២០២០ ដែលមានប្រភពទុនមកពីប្រទេសចិន កូរ៉េខាងត្បូង វៀតណាម សិង្ហបុរី ជប៉ុន ម៉ាឡេស៊ី ថៃ អង់គ្លេស និងកាណាដា។ យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ លំហូរវិនិយោគនេះគ្របដណ្តប់លើវិស័យកសិកម្ម កម្មន្តសាល ហិរញ្ញវត្ថុ សណ្ឋាគារនិងរមណីយដ្ឋាន សំណង់ វារីអគ្គិសនី និងអចលនទ្រព្យ ជាដើម។

បើតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងធនាគារជាតិនៃកម្ពុជាដែលបានចេញផ្សាយកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ បានបន្តឱ្យដឹងថា វិស័យហិរញ្ញវត្ថុ ទទួលបានទុនវិនិយោគសរុបប្រមាណ ២១.៩%, កម្មន្តសាល ទទួលបានទុនវិនិយោគសរុបប្រមាណ ២០.៩%, អចលនទ្រព្យ ទទួលបានទុនវិនិយោគប្រមាណ ១២.២%, សណ្ឋាគារ និងភោជនីយដ្ឋាន ទទួលបានទុនវិនិយោគប្រមាណ ១១%, កសិកម្ម ទទួលបានទុនវិនិយោគសរុបប្រមាណ ១០.៧%, អគ្គិសនី ទទួលបានទុនវិនិយោគប្រមាណ ៦.៣% និងសំណង់ ទទួលបានទុនវិនិយោគប្រមាណ ៣.៧%ដែរ ក្នុងវិបត្តិកូវីដ-១៩នេះ។

បើតាម លោក ច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជា បានមានប្រសាសន៍ផង ទោះបីជាកម្ពុជាជួបវិបត្តិដោយសារតែជំងឺកូវីដ-១៩ តែកម្ពុជានៅតែទទួលបានការវិនិយោគពីបរទេសនិងក្នុងស្រុក ដែលខុសប្លែកពីប្រទេសមួយចំនួនក្នុងតំបន់អាស៊ាន ដែលមានសកម្មភាពស្ងប់ស្ងាត់។

គួរបញ្ជាក់ថា បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបាន ប្រកាសបើកប្រទេសឡើងវិញ បណ្ដាវិនិយោគិ​នបរទេសនិងក្នុងស្រុកជាច្រើន បាននិងកំពុងសម្លឹងរកការវិនិយោគ ជាបន្ទាប់នៅក្នុងប្រទេសកម្ពុជា ក្នុងនោះវិនិយោគិនបរទេសដែលមានវត្តមានស្រាប់នៅក្នុងប្រទេសកម្ពុជា ក៏បានបញ្ចេញសកម្មភាពវិនិយោគរបស់ខ្លួនជាបន្តបន្ទាប់ផងដែរ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)