Register Already an agent ? Login

ឯកអគ្គរដ្ឋទូតឆែក សន្យានឹងខិតខំជំរុញអ្នកវិនិយោគមកបណ្តាក់ទុននៅកម្ពុជា ឱ្យបានច្រើន

ភ្នំពេញ៖ លោក ទីន វែវរ៉ា (Martin Vavra) ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋឆែកប្រចាំកម្ពុជា បានសន្យាថានឹងខិតខំជំរុញអ្នកវិនិយោគិនឆែកមកបណ្តាក់ទុននៅកម្ពុជា ឱ្យបានច្រើនឡើង។ លោក បានមានប្រមាសាសន៍បញ្ជាក់ថា ក្រុមហ៊ុនរបស់ឆែកបាននិងកំពុងវិនិយោគនៅក្នុងប្រទេសថៃ និងប្រទេសវៀតណាម ដូច្នេះ លោក នឹងសិក្សាដើម្បីជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសកម្ពុជា-ឆែក ឱ្យកាន់តែមានទំហំធំឡើង។

ការសន្យាខាងលើរបស់ លោក ទីន វែវរ៉ា (Martin Vavra) នៅក្នុងជំនួបកិច្ចពិភាក្សាជាមួយ សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ នៅវិមានរដ្ឋសភា។

នៅក្នុងកិច្ចសន្យានោះ លោកទូតបានបញ្ជាក់ថា «នឹងបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ឱ្យកាន់តែល្អប្រសើរថែមទៀតជាមួយកម្ពុជា ក្រោយជំងឺរាតត្បាតកូវីដ-១៩ បានធូរស្បើយនោះ»។

សម្តេច ហេង សំរិន បានមានប្រសាសន៍ថា ប្រទេសទំាងពីរ កម្ពុជា-ឆែក បានភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នាអស់រយៈពេលជាយូរមកហើយ ហើយប្រជាជាតិទាំងពីរ ទទួលបានផ្លែផ្កាដែលកើតចេញពីកិច្ចសហប្រតិបត្តិការដ៏ល្អនេះ ជារៀងរហូតមក។ សម្ដេច បញ្ជាក់ «នៅក្នុងដំណាក់កាលជាបន្តបន្ទាប់ឆែក បានរួមចំណែកអភិវឌ្ឍន៍កម្ពុជាយ៉ាងច្រើន គឺតាំងពីអតីតឆេកូស្លូវ៉ាគី រហូតដល់បច្ចុប្បន្ន»។

នាឱកាសនោះ លោក ម៉ាទីន វែវរ៉ា បានលើកឡើងថា ឆែកបានផ្តល់ជំនួយទ្វេភាគីមកកម្ពុជាជាច្រើននៅក្នុងវិស័យសុខាភិបាល និងអប់រំ។ លោក បានបន្តថា កាលពីពេលថ្មីនេះជំនួយឧបករណ៍បរិក្ខាពេទ្យជាច្រើនបានផ្តល់ជូនមន្ទីរពេទ្យខេត្តតាកែវ ហើយឆែកនៅបន្តផ្តល់ជំនួយមនុស្សធម៌មកកម្ពុជាបន្តបន្ទាប់ទៀត ពិសេសអាហារូបករណ៍ដល់សិស្សនិស្សិត និងមន្រ្តីរាជការកម្ពុជាបានទៅសិក្សានៅសាធារណរដ្ឋឆែក។

សម្តេច ប្រធានរដ្ឋសភាជាតិនៃកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា «ប្រជាជនកម្ពុជាសុទ្ធតែបានដឹងថា ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានសិក្សារៀនសូត្រនៅសាធារណរដ្ឋឆែក ដែលជាប្រទេសមានប្រព័ន្ធអប់រំល្អ ប្រកបដោយគុណភាពខ្ពស់ តាំងពីសម័យមុនមកម៉្លេះ»។

នៅក្នុងជំនួបនោះ សម្តេច ហេង សំរិន មានជំនឿថាបេសកកម្មការទូតថ្មីរបស់ លោកទូតថ្មី នៅកម្ពុជាពិតជាមានសារសំខាន់ខ្លាំងណាស់ ក្នុងការបន្តលើកកម្ពស់ទំនាក់ទំនង ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេស ទំាងពីរ ដែលមានស្រាប់ឱ្យកាន់តែល្អប្រសើរមួយកម្រិតថែមទៀត។

សម្តេចប្រធាន បានបញ្ជាក់ថា រដ្ឋសភាកម្ពុជាគាំទ្រចំពោះបេសកកម្មការទូត របស់លោក និងត្រៀមធ្វើកិច្ចសហប្រតិបត្តិការពេញលេញ ដើម្បីឱ្យបេសកកម្មការទូតរបស់លោក ប្រចាំនៅកម្ពុជា ទទួលបានជោគជ័យ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)