Register Already an agent ? Login

កម្ពុជា ទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ «ម៉ូដឺណា» សរុបជិត ៣លានដូស ពីមជ្ឈមណ្ឌលកូវ៉ាក់

ភ្នំពេញ៖ កម្ពុជាទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ «ម៉ូដឺណា» សរុបជិត ៣លានដូស ពីមជ្ឈមណ្ឌលកូវ៉ាក់។ បើតាមទំព័រហ្វេសប៊ុកសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា មជ្ឈមណ្ឌលកូវ៉ាក់ បានកំណត់ផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រមាណ ៦.៦លានដូស មកដល់ប្រទេសកម្ពុជាក្នុងជំហានដំបូង។

បច្ចុប្បន្ន កម្ពុជារកបានវ៉ាក់សាំងសរុបជាង ៤០លានដូស ក្នុងនោះជាង ៣០លានដូសជាវ៉ាក់សាំង ដែលកម្ពុជាបានបញ្ជាទិញពីប្រទេសចិន។

កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ «ម៉ូដឺណា (Moderna)» ដែលជាវ៉ាក់សាំងផលិតនៅសហរដ្ឋអាមេរិក ប្រមាណ ១៨៨,១៦០ដូស បានដឹកមកដល់ប្រទេសកម្ពុជា។

វ៉ាក់សាំងនេះ គឺជាជំនួយរបស់មជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility)។ មជ្ឈមណ្ឌលកូវ៉ាក់ គឺជាយន្តការអន្តរជាតិមួយ ត្រូវបានបង្កើតឡើងក្រោមកិច្ចសហប្រតិបត្តិការរវាងអង្គការសុខភាពពិភពលោក និងអង្គការអភិវឌ្ឍន៍អន្តរជាតិនានា ដើម្បីស្វះស្វែងរកវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ប្រទេសក្រីក្រ និងប្រទេសអភិវឌ្ឍន៍តិចតួច។

ប្រទេសកម្ពុជា ក៏ជាប្រទេសមួយ ដែលត្រូវបានមជ្ឈមណ្ឌលកូវ៉ាក់កំណត់ជាប្រទេសត្រូវផ្តល់នូវជំនួយវ៉ាក់សាំង ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ផងដែរ។

ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ គឺជាយុទ្ធសាស្ត្រចម្បងមួយ ដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញ ដើម្បីប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជំងឺកូវីដ-១៩៕

ដោយ៖ មឿន ឌីណា (Moeun Dyna)