Register Already an agent ? Login

តាមការគ្រោងទុក ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៣ ខែវិច្ឆិកា នេះ

ភ្នំពេញ៖ ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ មានប្រវែង ១,១៣១ម៉ែត្រ ទទឹង ១៣.៥ម៉ែត្រ ក្រាលបេតុងកៅស៊ូកម្រាស់ ៥សង់ទីម៉ែត្រ មានផ្លូវរថយន្តចំនួន ២គន្លង ផ្លូវម៉ូតូចំនួន ២គន្លង ផ្លូវថ្មើរជើងចំនួន ២គន្លង សម្រាប់ទៅមក ត្រូវបាន សម្តេចតេជោ ហ៊ុន សែន និងឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៣​ ខែវិច្ឆិកា ឆ្នាំ២០២១។

ស្ពាននេះ ចាប់ផ្តើមនៅត្រង់គីឡូម៉ែត្រលេខ៥៨+២០០ ត្រើយខាងលិច ស្ថិតលើផ្លូវខេត្តលេខ២៧១៤ នៅចំណុចភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ភ្ជាប់ទៅត្រើយខាងកើតទន្លេមេគង្គ នៅចំណុចភូមិក្តុលកណ្តាល ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

ផ្លូវមេសងខាងស្ពាន តភ្ជាប់ទៅផ្លូវជាតិលេខ៧១C មានប្រវែង ៨,៣២៣ម៉ែត្រ។ សរុប រួមទាំងស្ពាននិងផ្លូវតភ្ជាប់មានប្រវែងសរុប ៩,៤៥៤ម៉ែត្រ។

គួរបញ្ជាក់ថា ក្រៅតែពីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានឆ្លងកាត់ទន្លេមេគង្គហើយនោះ ក្នុងកម្មវិធីថ្ងៃនេះ ក៏ភ្ជាប់ជាមួយការបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ «៧១C» តភ្ជាប់ពីស្រុកត្បូង ខេត្តត្បូងឃ្មុំ ទៅស្រុកចម្ការលើ ខេត្តកំពង់ចាម ប្រវែងជិត ១១៥គីឡូម៉ែត្រ (១១៤.៦២គ.ម)ផងដែរ។ ផ្លូវនេះ ចាប់ផ្តើមពីគីឡូម៉ែត្រលេខ១៥៤+៧០០ ផ្លូវជាតិលេខ៧ ស្ថិតក្នុងឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងបញ្ចប់នៅគីឡូម៉ែត្រលេខ៣០+៤០។

គម្រោងសាងសង់ផ្លូវនេះរួមមាន៖ ផ្លូវមេប្រវែង ៩២.៤៤៦គីឡូម៉ែត្រ ទទឹងផ្លូវ ១១ម៉ែត្រ ក្រាលកៅស៊ូបេតុង(AC) កម្រាស់ ៧សង់ទីម៉ែត្រ មានកន្លែងសម្រាប់បត់ត្រឡប់ ២កន្លែង។ ផ្លូវតភ្ជាប់មានប្រវែង ១៥.៨២១គីឡូម៉ែត្រ ទទឹងផ្លូវ ១១ម៉ែត្រ ក្រាលកៅស៊ូបេតុង (AC) កម្រាស់ ៧សង់ទីម៉ែត្រ។

ជាមួយគ្នានេះ ផ្លូវខ្នែងចំនួន ៩ខ្សែ ប្រវែង ៦.៣៥៣គីឡូម៉ែត្រ ទទឹងតួផ្លូវ ៩ម៉ែត្រ ក្រាលកៅស៊ូពីរស្រទាប់ស្តើង (DBST) ស្ពានចំនួន ១១កន្លែង ប្រវែង ៨៧៥មែត្រ និងដាក់លូគ្រប់ប្រភេទចំនួន ២០២កន្លែង ដែលនឹងប្រើប្រាស់រយៈពេលសាងសង់ចំនួន ៤២ខែ សាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ (SCG) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ក្វាងចូវវ៉ាន អាន គ្រោងចំណាយថវិកាសាងសង់ប្រមាណ ១២៩.៩៨លានដុល្លារ។

គួរកត់សម្គាល់ថា៖ ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ និងផ្លូវជាតិលេខ៧១C គឺជាគម្រោងយុទ្ធសាស្រ្តប្រទាក់ក្រឡាគ្នាយ៉ាងសំខាន់ សម្រាប់តភ្ជាប់ទំនាក់ទំនងសកម្មភាពពាណិជ្ជកម្ម និងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ និងខេត្តជាប់ព្រំប្រទល់គ្នាផ្សេងៗ ទៀត ព្រមទាំងសម្រួលដល់ការដឹកជញ្ជូនពូជដំណាំ ផលិតផលកសិកម្ម និងកសិ-ឧស្សាហកម្ម ឱ្យកាន់តែរហ័ស កាត់បន្ថយការចំណាយ និងចំណេញពេលវេលា។

សូមរម្លឹកថា ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ត្រូវបានបើកការដ្ឋានកាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨  ក្រោមអធិបតីភាព របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ដោយត្រូវប្រើប្រាស់រយៈពេលសាងសង់ចំនួន ៤២ខែ សាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ (SCG) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាង ចូវ វ៉ានអាន ចំណាយថវិកាអស់ប្រមាណ ៥៦.៩៩៨លានដុល្លារ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)