Register Already an agent ? Login

ខេត្តព្រះសីហនុ ទទួលភ្ញៀវមកមក្សាន្តនាឱកាសពិធីបុណ្យអុំទូកចំនួនជាង ១១ម៉ឺននាក់ មានការកើនឡើងក្រោយពីរាជរដ្ឋាភិបាលបើកប្រទេសឡើងវិញ

ព្រះសីហនុ៖ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ មានភ្ញៀវទេសចរជាតិ-អន្តរជាតិមកលេងកម្សាន្តនៅតំបន់ឆ្នេរ ដែនកោះ និងរមណីយដ្ឋាននានា ក្នុងខេត្តព្រះសីហនុ មានចំនួនសរុប ១១១,៣២២នាក់ កើនឡើង ១១៧.២៨% ក្នុងនោះភ្ញៀវជាតិ ១០៥,៣៨៩ កើនឡើង ១១៥.៩៥% ភ្ញៀវបរទេស ៥,៩៣៣នាក់ កើនឡើង ១៤៣.៩៥%។ បើតាមរដ្ឋបាលខេត្តព្រះសីហនុ។

រដ្ឋបាលខេត្តព្រះសីហនុបានបន្តថា ចំពោះភ្ញៀវចូលតាមអាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុចំនួន ២ជើង (ស្មើនឹងឆ្នាំមុន) ស្មើនឹង ២៩នាក់ ថយចុះ៨៦.៨៣% ជាតិ ៥នាក់ និងអន្តរជាតិសរុប ២៤នាក់។ ភ្ញៀវទេសចរទៅកម្សាន្ត តាមកោះនានាមានចំនួន ២,៧៤០នាក់ កើនឡើង ៨៥.៨៨% ក្នុងនោះភ្ញៀវជាតិ ២,៤៥៦នាក់ កើនឡើង ១៦៥.៥១% ភ្ញៀវបរទេស ២៨៤នាក់ ថយចុះ ៤៨.២៦%។ ភ្ញៀវទៅកម្សាន្តតាមបណ្តាឆ្នេរ និងរមណីយដ្ឋាននានាក្នុងខេត្ត ភ្ញៀវសរុប១០៨.៤៤៧នាក់ កើនឡើង ១២២,៦៤% ក្នុងនោះភ្ញៀវជាតិ ១០២.៨៣៥នាក់ កើនឡើង ១១៧.៧៥% ភ្ញៀវបរទេស ៥,៦១២នាក់ កើនឡើង២៧៨.១៦%។

ចំពោះស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់ គឺប្រព្រឹត្តទៅបានល្អប្រសើរ ហើយភ្ញៀវទេសចរ និងប្រជាពលរដ្ឋ គឺបានចូលរួមអនុវត្តតាមការណែនាំរបស់អាជ្ញាធរខេត្តបានល្អ និងមានភាពសប្បាយរីករាយ ជាពិសេសបានកោតសរសើរចំពោះសមិទ្ធិផល នៃការអភិវឌ្ឍទីក្រុង និងតំបន់ឆ្នេររបស់ខេត្តព្រះសីហនុ។

រដ្ឋបាលខេត្តបានខិតខំប្រឹងប្រែង ក្នុងការរៀបចំសោភ័ណភាពខេត្តឱ្យមានភាពស្រស់បំព្រង ក៏ដូចជាការពង្រឹងសេវាកម្មតាមបណ្តាភោជនីយដ្ឋាន អាហារដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារនានា ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍មកពីតាមបណ្តារាជធានី-ខេត្ត ចូលមកកម្សាន្តដោយភាពរីករាយ។ ជាពិសេសរដ្ឋបាលខេត្តក៏បានធ្វើការណែនាំ និងលើកទឹកចិត្តដល់អាជីវករ និងអ្នកផ្តល់សេវាកុំឱ្យដំឡើងថ្លៃលើសពីតម្លៃធម្មតា កាលណាយើងលក់ដូរក្នុងតម្លៃសមរម្យ គឺយើងអាចរក្សាបានភ្ញៀវមកជាប្រចាំ ដែលបានជួយផ្តល់ការងារ និងលើកកម្ពស់ដល់ជីវភាពរបស់បងប្អូនបានយូរអង្វែង៕

ដោយ៖ មឿន ឌីណា (Moeun Dyna)