Register Already an agent ? Login

រដ្ឋបាលរាជធានីភ្នំពេញ បានបើកការដ្ឋានជួសជុលកំណាត់ផ្លូវជាង ៦គីឡូម៉ែត្រ នៅខណ្ឌពោធិ៍សែនជ័យ ខណ្ឌកំបូល និងខណ្ឌព្រែកព្នៅ

ភ្នំពេញ៖ កំណាត់ផ្លូវប្រវែងជាង ៦គីឡូម៉ែត្រ ទទឹង១២ម៉ែត្រ ឆ្លងកាត់ខណ្ឌចំនួន៣ គឺខណ្ឌពោធិ៍សែនជ័យ ខណ្ឌកំបូល និងខណ្ឌព្រែកព្នៅ ក្នុងរាជធានីភ្នំពេញ បានបើកការដ្ឋានជួសជុលកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមអធិបតីភាព ​លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ បើតាមរដ្ឋបាលរាជធានីភ្នំពេញ។

នៅក្នុងពិធីបើកការដ្ឋានជួសជុលផ្លូវនេះ លោក ហែម ដារិទ្ធិ អភិបាលអភិបាលខណ្ឌពោធិ៍សែនជ័យ បានថ្លែងឱ្យដឹងថា កំណាត់ផ្លូវ ១ខ្សែដែលបានបើកការដ្ឋានជួសជុលនេះ មានប្រវង ៦.៤៩០ម៉ែត្រ នៅក្នុងភូមិសាស្ត្រអន្តរខណ្ឌ គឺសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ សង្កាត់ស្ងោរ ខណ្ឌកំបូល និងសង្កាត់ ពន្សាំង ខណ្ឌព្រែកព្នៅ ដោយគិតចាប់ពីមហាវិថី ឈ្នះឈ្នះ ភូមិស្រែរាជ្ជៈ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ដល់ផ្លូវលេខ៤២ ភូមិន្នំ សង្កាត់ពន្សំាង ខណ្ឌព្រែកព្នៅ ជាផ្លូវដី (កាលពីមុនស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ)។

លោក អភិបាលខណ្ឌ បានថ្លែងបន្តថា នៅក្នុងឆ្នាំ២០១៩ និងឆ្នាំ២០២០ ដោយបញ្ហាជំនន់ទឹកភ្លៀងបានធ្វើឱ្យកំណាត់ផ្លូវនេះទទួលរងការខូចខាតធ្ងន់។ លោក ថា ដោយមើលឃើញពីទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានលើកផែនការជួសជុលផ្លូវនេះក្នុងគម្រោងអភិវឌ្ឍន៍រាជធានីភ្នំពេញ សម្រាប់ឆ្នាំ២០២០ ប៉ុន្តែដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ គម្រោងភាគច្រើនត្រូវបានផ្អាក ដោយបង្វែរថវិកាទៅប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩វិញ។

លោក ហែម ដារិទ្ធិ បានថ្លែងបន្ថែមថា សម្រាប់ឆ្នាំ២០២១នេះ លោក ឃួង ស្រេង ក៏បានសម្រេចជាគោលការណ៍ បើកការរដ្ឋានជួសជុលផ្លូវខាងលើនេះ ឡើងវិញជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលមានសាច់ផ្លូវទំហំ ១២ម៉ែត្រ និងដាក់ប្រព័ន្ធលូសងខាងផ្លូវផងដែរ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងថា កំណាត់ផ្លូវ១ខ្សែនេះ គឺជាចំណងដៃរបស់សម្ដេចតេជោ ហ៊ុន សែន ជូនដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់ និងខណ្ឌចំនួន៣ ដែលមានដូចជាខណ្ឌពោធិ៍សែនជ័យ ខណ្ឌកំបូល និងខណ្ឌព្រែកព្នៅ។

លោក ឃួង​ ស្រេង បានថ្លែងបន្តថា ក្រោយផ្ទុះព្រឹត្តិការណ៍ជំងឺកូវីដ-១៩ ការដ្ឋានមួយចំនួនត្រូវបានផ្អាក ប៉ុន្តែក្រោយពី សម្ដេចតេជោ ហ៊ុន សែន បានសម្រេចបើកប្រទេសជាប្រក្រតីឡើងវិញនោះ ថ្ងៃនេះគឺជាការដ្ឋានទី១ហើយ ដែលរដ្ឋបាលរាជធានីភ្នំពេញ បានបើកដំណើរការស្ថាបនាផ្លូវមួយខ្សែប្រវែងជាង ៦គីឡូម៉ែត្រនេះឡើងវិញ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)