Register Already an agent ? Login

លោក ឃួង ស្រេង ស្នើឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ កសាងរោងចក្រផលិតទឹកស្អាតថ្មីមួយទៀត នៅសណ្តរស្ទឹងព្រែកត្នោត

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានស្នើឱ្យអគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ កសាងរោងចក្រផលិតទឹកស្អាតថ្មីមួយកន្លែងទៀត នៅសណ្តរស្ទឹងព្រែកត្នោត ភាគខាងលិចរាជធានីភ្នំពេញ ដោយយកទឹកពីស្ទឹងព្រែកត្នោតមកផលិតជាទឹកស្អាត ដើម្បីចែកជូនទៅប្រជាពលរដ្ឋ ចំនួន ៣ខណ្ឌ នៅជាយរាជធានីភ្នំពេញ ខណៈដែលការផ្តល់ទឹកស្អាត នៅក្នុងរាជធានីភ្នំពេញមិនទាន់គ្រប់គ្រាន់នៅឡើយនោះ។ បើតាមរដ្ឋបាលរាជធានីភ្នំពេញ។

ការស្នើបែបនេះរបស់ លោក ឃួង ស្រេង បានធ្វើឡើងកាលពីរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ខណៈ លោក អនុញ្ញាតឱ្យ លោក ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ចូលសំដែងការគួរសម និងរាយការណ៍ជូនពីបច្ចុប្បន្នភាពការងារ នៃការផ្គត់ផ្គង់ទឹកស្អាតនៅក្នុងរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានមានប្រសាសន៍ថា៖ ខ្ញុំមិនមែនជាជំនាញពាក់ព័ន្ធនឹងការងារផលិតទឹកស្អាតនោះទេ ប៉ុន្តែអ្វីដែលខ្ញុំមើលឃើញនោះគឺចង់ឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបង្កើតរោងចក្រផលិតទឹកស្អាតមួយថ្មីទៀត នៅសណ្តរស្ទឹងព្រែកត្នោត ពោលគឺយកទឹកពីស្ទឹងព្រែកត្នោត មកផលិតជាទឹកស្អាត ដើម្បីផ្គត់ផ្គង់ទឹកស្អាតទៅឱ្យបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅខណ្ឌ៣ នៅជាយក្រុង ក្នុងនោះមានខណ្ឌកំបូល ខណ្ឌដង្កោ និងខណ្ឌពោធិ៍សែនជ័យ។ ការងារនេះ លោក ឃួង ស្រេង ស្នើឱ្យខាងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញសហការជាមួយនឹងក្រសួងធនធានទឹក ដើម្បីសិក្សា។

ក្នុងឱកាសនោះដែរ លោក ឃួង ស្រេង ក៏បានណែនាំដល់មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ ពិសេស លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ ត្រូវណែនាំអាជ្ញាធរមូលដ្ឋាន ចុះត្រួតពិនិត្យពីការយកតម្លៃទឹកស្អាតពីបងប្អូនកម្មករ កម្មការិនី នៅតាមផ្ទះជួល ដោយលោកស្នើឱ្យអាជ្ញាធរធ្វើយ៉ាងណាសម្របសម្រួលជាមួយម្ចាស់ផ្ទះជួល ដើម្បីកុំឱ្យពួកគាត់យកតម្លៃទឹកស្អាតថ្លៃហួសហេតុពេក គឺត្រឹមតែយកតម្លៃផ្ទះជួលបានហើយ កុំយកចំណេញពីទឹកប្រើប្រាស់ថែមទៀត។

អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា «មានកម្មករ កម្មការិនី រោងចក្រប្រមាណជាង ៦០ម៉ឺននាក់ បាននិងកំពុងបំពេញការងារនៅតាមបណ្តារោងចក្រនានា នៅក្នុងរាជធានីភ្នំពេញ ហើយពួកគាត់ភាគច្រើនមកជួលផ្ទះគេស្នាក់នៅ។ ក្នុងនាមជាអាជ្ញាធរយើងត្រូវគិតពីសុខទុក្ខរបស់ពួកគាត់»។

ពាក់ព័ន្ធទៅនឹងការជីកកកាយទ្រូងផ្លូវ ដើម្បីដាក់បំពង់ទុយោទឹកស្អាត លោក ឃួង ស្រេង ក៏បានជំរុញឱ្យជំនាញពាក់ព័ន្ធ មានរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងមន្ទីសាធារការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ត្រូវធ្វើការជួសជុលឡើងវិញឱ្យត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ដែលអាចទទួលយកបាន ក្រោយពីការជីកដាក់បំពង់ទុយោទឹកស្អាតរួចរាល់។

គួរម្លឹកថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៅក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​រោងចក្រ​ប្រព្រឹត្តកម្ម​ទឹកស្អាត​ចំការមន និង​បាន​បើក​ការដ្ឋាន​សាងសង់​រោងចក្រ​ផលិត​ទឹកស្អាត​បាក់ខែង ​កាលពី​ដើមឆ្នាំ​២០២១ ​បាន​ថ្លែងឱ្យដឹងថា បច្ចុប្បន្ន ​ទីក្រុង​ភ្នំពេញ​ត្រូវការ ទឹកស្អាត​ប្រមាណ​ ៧៥ ម៉ឺន​ម៉ែត្រគូប ហើយ​ការផលិត​បាន​ត្រឹម​ជាង​ ៦០​ម៉ឺន​ម៉ែត្រគូប​ក្នុង​មួយថ្ងៃ ​ពោល​គឺ​ខ្វះ​ទឹកស្អាតប្រើប្រាស់​ប្រមាណ​ ១៥​ម៉ឺន​ម៉ែត្រគូប​ក្នុង​មួយថ្ងៃ​៕

ដោយ៖ មឿន ឌីណា (Moeun Dyna)