Register Already an agent ? Login

កូរ៉េខាត្បូង គ្រោងផ្ដល់ជំនួយថវិកា ៨លានដុល្លារ មកកម្ពុជាសាងសង់មន្ទីរពិសោធន៍សុវត្ថិភាពផលិតផលសត្វ

ភ្នំពេញ៖ រដ្ឋាភិបាលកូរ៉េខាងត្បូង នឹងផ្តល់ជំនួយ ៨លានដុល្លារមកប្រទេសកម្ពុជា ក្នុងគម្រោងសាងសង់មន្ទីរពិសោធន៍សុវត្ថិភាពផលិតផលសត្វ គុណភាពផលិតផលបសុសត្វ និងសារធាតុគីមីលើផលិតផលសត្វ និងកាកសំណល់បសុឱសថនៅក្នុងផលិតផលសត្វ និងសត្វ ដើម្បីចូលរួមចំណែកក្នុងការលើកកំពស់សុខុមាលភាពជាតិ តាមរយៈការបរិភោគផលិតផលសត្វដែលមានសុវត្ថិភាព និងលទ្ធភាពការនាំចេញផលិតផលសត្វនាពេលអនាគត។ បើតាមទំព័រហ្វេសប៊ុករដ្ឋមន្រ្តីក្រសួងកសិកម្ម លោក វេង សាខុន។

នៅក្នុងទំព័រហ្វេសប៊ុករបស់ លោក រដ្ឋមន្រ្តីក្រសួងកសិកម្ម បានបន្តឱ្យដឹងថា កាលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ លោក វេង សាខុន បានអញ្ជើញចូលរួមពិភាក្សាការងារជាមួយ លោក Hyunjun Rho នាយកប្រតិបត្តិនៃ KOICA និងលោក Cho Jaejin នាយកប្រតិបត្តិនៃ Korea Agency of HACCP Accreditation and Services ដើម្បីពិនិត្យពិភាក្សាលើការសិក្សារៀបចំគម្រោងផ្តល់ជំនួយលើការពង្រឹងសមត្ថភាព សុវត្ថិភាពសាច់សត្វ សុខភាពសត្វ និងផលិតកម្មសត្វ ហើយនិងកសាងមន្ទីរពិសោធន៍ជាតិសម្រាប់ត្រួតពិនិត្យគុណភាពសត្វ ផលិតផលបសុសត្វនៅកម្ពុជា។

បើតាមជំនួបពិភាក្សាគ្នានោះ លោក រដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ដែលបានផ្តល់កិច្ចសហប្រតិបត្តិការបានល្អប្រសើជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្នុងវិស័យកសិកម្ម ក្នុងរយៈពេល ២៤ឆ្នាំកន្លងមកនេះ ក្រោយទទួលបានការភ្ជាប់ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីនៅឆ្នាំ១៩៩៧។

នៅក្នុងជំនួបនោះដែរ លោក Hyunjun Rho បានថ្លែងអំណរគុណ និងបានរាយការណ័ពីគោលបំណងបេសកកម្មរួចមក លោក Cho Jaejin បានលើកឡើងដោយសង្ខេបពីចំនុចសំខាន់ៗនៃគម្រោងដែលត្រូវចុះពិនិត្យ វាយតម្លៃ និងគ្រោងថវិកាគម្រោងនៅពេលខាងមុខនេះ។

លោក Hyunjun Rho បានបញ្ជាក់ឱ្យដឹងថា រយៈពេលនៃការអនុវត្តគម្រោងពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៧ (មានរយៈពេលប្រាំឆ្នាំ) តាមការប៉ាន់ស្មានថវិកាជាបឋម គឺត្រូវការថវិកាចំនួន ៨លានដុល្លារ ដោយផ្តោតទៅលើលើការងារធំៗចំនួន៣ រួមមាន៖ ១-ពង្រឹងសមត្ថភាពធនធានមនុស្សលើការងារគ្រប់គ្រងបសុសត្វ និងសាច់សត្វ។ ២-ពង្រឹងសុវត្ថិភាព ប្រព័ន្ធគ្រប់គ្រងអនាម័យនិងភូតគាមអនាម័យ ហើយនិងបទដ្ឋានគិតិយុត្តក្រោមច្បាប់។ ៣-ការកសាងវិទ្យាស្ថានជាតិបសុសត្វនៅកម្ពុជា។

បើតាមជំនួបដដែលនេះ លោក វេង សាខុន បានស្នើសុំឱ្យក្រុមការងារបេសកកម្មកូរ៉េជួយពិនិត្យមើល ពីបញ្ហាប្រឈមកម្ពុជា ទាក់ទងទៅនឹងកង្វះខាតបច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធក្នុងការផលិត ស្រាវជ្រាវវ៉ាក់សាំង និងថ្នាំព្យាបាលសត្វ ក្នុងស្រុកដែលអាចទប់ស្កាត់ការរីករាលដាលជំងឺឆ្លងសត្វនៅកម្ពុជានាពេលខាងមុខ។

ជាការឆ្លើយតប តំណាងក្រុមបេសកកម្មកូរ៉េខាងត្បូង បានយល់ព្រមទទួលយកសំណូមពររបស់ លោក វេង​ សាខុន ហើយបានសន្យាថា នឹងសិក្សារួមបញ្ជូលទៅក្នុងគម្រោង ដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា និងបម្រើដល់ការនាំចេញសាច់សត្វរបស់កម្ពុជានាពេលអនាគត់៕

ដោយ៖ មឿន ឌីណា (Moeun Dyna)