Register Already an agent ? Login

ទំហំពាណិជ្ជកម្មកម្មកម្ពុជា-កូរ៉េ មានជាង ១ពាន់លានដុល្លារ ហើយកូរ៉ែវិនិយោគធំជាងគេទី២ នៅកម្ពុជាទុនសរុបជិត ៧ពាន់លានដុល្លារ

ភ្នំពេញ៖ ពាណិជ្ជកម្មទ្វាភាគីកម្ពុជា-កូរ៉េ បានឈានដល់កម្រិតមួយខ្ពស់គួរឱ្យកត់សម្គាល់ ដោយសម្រេចបានទំហំជាង ១ពាន់លានដុល្លារ នៅឆ្នាំ២០១៩ ខណៈដែលកូរ៉េជាអ្នកវិនិយោគធំជាងគេទី២ នៅកម្ពុជា ដែលបានបណ្ដាក់ទុនសរុបជិត ៧ពាន់ដុល្លារ គិតចាប់ពីឆ្នាំ១៩៩៧ មកដល់ឆ្នាំ២០២១។ បើតាមការថ្លែងឱ្យដឹងពីលោក Park Heung-Kyeong​ ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំកម្ពុជា។

ការថ្លែងខាងលើរបស់ លោក Park Heung-Kyeong នៅក្នុងវេទិកាធុរកិច្ចកម្ពុជា-កូរ៉េ ឆ្នាំ២០២១ ត្រូវបានរៀបចំឡើងតាមប្រព័ន្ធវីដេអូដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រោមកិច្ចសហការជាមួយស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា និងភ្នាក់ងារជំរុញវិនិយោគនិងពាណិជ្ជកម្មកូរ៉េ (KOTRA) ដើម្បីផ្សព្វផ្សាយច្បាប់ស្ដីពីវិនិយោគថ្មីនៃព្រះរាជាណាចក្រកម្ពុជាជូនវិនិយោគិននិងធុរជនកូរ៉េ ដែលមានអ្នកចូលរួមចំនួនប្រមាណ ១០០នាក់ នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១។

លោក បានថ្លែងបន្តថា ការដាក់ចេញនូវច្បាប់វិនិយោគថ្មី និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េរួមជាមួយនឹងការចូលរួមជាធរមាននៃកិច្ចព្រមព្រៀងស្ដីពី ការលុបបំបាត់ការយកពន្ធគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្កាគេចវេះពន្ធ​និងការជៀសវាងពន្ធ ទំហំពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរពិតជានឹងកំណើនកាន់តែខ្ពស់ជាក់ជាមិនខាន។

លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលធ្វើជាអធិបតីភាពក្នុងវេទិកាខាងលើ បានថ្លែងអំណរគុណដល់ការចូលរួមយ៉ាងសកម្មពីសហគមន៍ធុរកិច្ចកូរ៉េនៅកម្ពុជាតាមរយៈស្ថានទូតកូរ៉េខាងត្បូងប្រចាំកម្ពុជា ភ្នាក់ងារតួរអង្គជុំរុញវិនិយោគនិងពាណិជ្ជកម្មកូរ៉េ​ សភាពណិជ្ជកម្មកូរ៉េប្រចាំកម្ពុជា ព្រមទាំងតួអង្គពាក់ព័ន្ធដទៃទៀត ដែលបានវបង្ហាញពីការយកចិត្តទុកដាក់ដល់ច្បាប់នេះ និងជួយច្រោមជ្រែងក្នុងការផ្សព្វផ្សាយច្បាប់នេះឱ្យបានទូលំទូលាយ។

លោក រដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពវិនិយោគរបស់អ្នកវិនិយោគិនកូរ៉េទាំងអស់នៅកម្ពុជាក្នុងវិស័យជាច្រើនដូចជា កសិកម្ម វាយនភណ្ឌ ដំឡើងរថយន្ត ធនាគារ ផ្សារមូលបត្រ។ល៕

ដោយ៖ មឿន ឌីណា (Moeun Dyna)