Register Already an agent ? Login

មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ មានតម្លៃជាង ៥០លានដុល្លារ គ្រោងបញ្ចប់ការសាងសង់ នៅចុងខែវិច្ឆិកានេះ

ត្បូងឃ្មុំ៖ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ ជាមន្ទីរពេទ្យខ្នាតយក្ស ប្រកបដោយបរិក្ខារទំនើប កសាងឡើងក្នុងទំហំទឹកប្រាក់ជាង ៥០លានដុល្លារ ក្រោមជំនួយឥតសំណងរបស់ប្រទេសចិន ដោយបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ និងគ្រោងបញ្ចប់ការសាងសង់នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះ។

លោក វេជ្ជបណ្ឌិត អេក ឃាង ប្រធានមន្ទីរពេទ្យកម្ពុជា-ចិន ត្បូងឃ្មុំ ឱ្យដឹងថា មន្ទីរពេទ្យនេះ មានអគារចំនួន ៨ខ្នង ០៥ជាន់ កំម្ពស់ ២៤ម៉ែត្រ ដែលតភ្ជាប់គ្នាទៅវិញទៅមក ក្នុងនោះមានបែងចែកសម្រាប់អគារសម្រាកពេទ្យមានចំនួន ៥ជាន់ អគារសម្ភពរោគស្ត្រី និងកុមារចំនួន ៥ជាន់ អគារវេជ្ជសាស្រ្ត អាគាររដ្ឋបាលនិងស្នាក់នៅចំនួន ២ជាន់ និងអគារផ្សេងៗទៀត ១ជាន់ ដែលមានផ្ទៃដីសរុប ៧៥.៥៧០ម៉ែត្រការ៉េ សាងសង់លើផ្ទៃដីចំនួន ៥៥.៨១៤ម៉ែត្រការ៉េ។

ការកសាងមន្ទីរពេទ្យដ៏ធំមួយនេះ ក៏ជាផ្នែកមូយនៃគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍហេដ្ឋារចនសម្ព័ន្ធរបស់ខេត្តថ្មីនេះ។ គួរបញ្ជាក់ផងដែរថា គម្រោងនេះត្រូវបានសាងសង់លើដីនៃគម្រោងក្នុងការបង្កើតរដ្ឋបាលខេត្តត្បូងឃ្មុំថ្មី ដែលបច្ចុប្បន្ន អគាររដ្ឋាបាលខេត្ត និងវិទ្យាល័យថ្មីរួចរាល់ហើយ។

មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ គឺជាគម្រោងទី២ ដែលជាជំនួយឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិន បន្ទាប់ពីគម្រោងទី១ នៃមន្ទីពេទ្យ មិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ។

គួរបញ្ជាក់ថា មន្ទីរពេទ្យកម្ពុជា-ចិន ព្រះកុសមៈ តម្លៃ ៨០លានដុល្លារ បានដាក់ដំណើរការសាកល្បងកាលពីខែកញ្ញាកន្លងទៅនេះ និងដាក់នៅដំណើរការផ្លូវការនៅដើមឆ្នាំក្រោយ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)