Register Already an agent ? Login

កម្ពុជា ទទួលបានទឹកប្រាក់ជិត ៥ពាន់លានដុល្លារ ពីវិស័យសំណង់រយៈពេល ១០ខែកន្លងមកនេះ

ភ្នំពេញ៖ រយៈពេល​១០ខែ ឆ្នាំ២០២១ មន្រ្តីថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិនៃក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានអនុម័តគម្រោងសាងសង់ចំនួន ៣,៥៩៨គម្រោង ដែលមានទឹកប្រាក់ប្រមាណ ៤៨៧៦លានដុល្លារ។ បើតាមរបាយការណ៍របស់រៀបចំដែនដី។

ការវិនិយោគគម្រោងភាគច្រើន ជាប្រភេទសំណង់លំនៅឋាន អគារស្នាក់នៅរួម អគារពហុមុខងារ ឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ និងសំណង់អគារផ្សេងៗទៀត។ បើតាមការថ្លែងបញ្ជាក់របស់ ​លោក ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណ​ង់។

លោក បានថ្លែងបន្តថា ក្រសួងរៀបចំដែនដី ក៏បានចុះបញ្ជីនិងផ្តល់អាជ្ញាបណ្ណប្រកបអាជីវកម្ម ដល់សហគ្រាសក្រុមហ៊ុនសិក្សា គម្រោងប្លង់ និងសាងសង់បានចំនួន ២៨៥ក្រុមហ៊ុន ក្នុងនោះក្រុមហ៊ុនសិក្សាគម្រោងប្លង់មានចំនួន១៤ និងក្រុមហ៊ុនសាងសង់មានចំនួន២៧១ និងបានចុះបញ្ជីដល់រូបវន្តបុគ្គល សិក្សាគម្រោងប្លង់បានចំនួន៨៧ រូបក្នុងនោះស្ថាបត្យករចំនួន ២៧រូប និងវិស្វករចំនួន ៦០រូបផងដែរ។

វិស័យសំណង់ត្រូវបានព្យាក​រណ៍ថា នឹងងើបឡើងវិញនៅឆ្នាំខាងមុខនេះ ដោយការរំពឹងទុកនូវការវិលត្រឡប់មកវិញ នូវរំហូរទុនវិនិយោគពីបរទេស និងការងើបឡើងវិញនូវតម្រូវការក្នុងស្រុក ស្របពេលដែលរាជរដ្ឋាភិបាលបានបើកសេដ្ឋកិច្ចឡើងវិញ និងមិនតម្រូវឱ្យអ្នកចេញចូលកម្ពុជាធ្វើចត្តាឡីស័ក្កនោះទេសម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងពេញលេញរួចរាល់។ បើតាមការថ្លែងបន្តទៀតរបស់ ឡៅ ទិព្វសីហា៕

ដោយ៖ មឿន ឌីណា (Moeun Dyna)