Register Already an agent ? Login

រាជធានីភ្នំពេញ និងខេត្តចំនួន ៤ទៀត ទទួលភ្ញៀវទេសចរណ៍ជាង ១៨ម៉ឺននាក់ ដើរកម្សាន្តបន្ទាប់ពីរាជដ្ឋាភិបាលប្រកាសបើកប្រទេស

ភ្នំពេញ៖ ក្នុងឱកាសចុងសប្តាហ៍ថ្ងៃទី១៣-១៤ ខែវិច្ឆិកា ឆ្នាំ២០២១ ភ្ញៀវសរុបមានចំនួន ១៨០,២៩៦នាក់ ក្នុងនោះ មានភ្ញៀវជាតិ ១៧៥,៨០១នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៤,៤៩៥នាក់ ដែលបានដើរកម្សាន្តក្នុងប្រទេស ក្រោយពីរាជរដ្ឋាភិបាលប្រកាសបើកប្រទេសឡើងវិញកាលពីដើមខែនេះ។ បើតាមការថ្លែងរបស់ លោក ថោង​ ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍។

រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានបញ្ជាក់ឱ្យដឹងថា គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ *ខេត្តព្រះសីហនុ ៣៤,៣០៦នាក់, *រាជធានីភ្នំពេញ ៣២,០៣៤នាក់, *ខេត្តកំពត ១៦,០០៧នាក់, *ខេត្តពោធិ៍សាត់ ១៥,៥០៨នាក់, *ខេត្តសៀមរាប ១៣,១០៤នាក់។ លោក ថោង ខុន បានថ្លែង​ ដោយការកត់សម្គាល់តួលេខខាងលើ មានការកើនឡើងប្រមាណ ៣.២៩% ធៀបនឹងសប្តាហ៍កន្លងមក។

លោក ថោង ខុន បានថ្លែងបន្តថា រមណីយដ្ឋានទេសចរណ៍ និងគោលដៅទេសចរណ៍ រួមជាមួយមូលដ្ឋានអាជីវកម្មទេសចរណ៍នានាទូទាំងប្រទេស បានបើកដំណើរការទទួលភ្ញៀវទេសចរ និងបានកំពុងត្រៀមខ្លួនទទួលភ្ញៀវទេសចរនាពេលថ្ងៃឈប់សម្រាកព្រះរាជពិធីបុណ្យអុំទូកនាសប្តាហ៍ក្រោយនេះ។

បន្ថែមពីនោះទៀត អនុវត្តតាមសារសំឡេងពិសេស របស់សម្តេចតេជោនាយករដ្ឋមន្ត្រី កាលពីរសៀលថ្ងៃទី១៤ ខែវិច្ឆិកា នេះ សម្រាប់ទេសចរអន្តរជាតិ និងអ្នកដំណើរ ចាក់វ៉ាក់សាំង ដែលចូលមកក្នុងកម្ពុជាថ្ងៃនេះ ក្រសួងទេសចរណ៍ នឹងប្រជុំពិនិត្យមើលឡើងវិញ អំពីការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិ ស្តង់ដាអប្បបរមា (SOP) លើគ្រប់សេវាដែល ក្រសួងទេសចរណ៍ បានដាក់ចេញនាពេលកន្លងមក ដើម្បីកែសំរួលឱ្យបានសមស្រប ដើម្បីជំរុញចលនា ទេសចរណ៍ផ្ទៃក្នុង ឱ្យកាន់តែមានការអភិវឌ្ឍល្អ និងខ្លាំងខ្លាថែមទៀត៕

ដោយ៖ មឿន ឌីណា (Moeun Dyna)