Register Already an agent ? Login

រាជរដ្ឋាភិបាល អនុញ្ញាតឱ្យទេសចរអន្តរជាតិ និងអ្នកដំណើរដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ចូលកម្ពុជានៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១

ភ្នំពេញ៖ ចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ នេះតទៅ រាជរដ្ឋាភិបាលកម្ពុជាអនុញ្ញាតឱ្យទេសចរអន្តរជាតិ និងអ្នកដំណើរពីក្រៅប្រទេសចូលមកក្នុងកម្ពុជា ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ពេញលេញដោយមិនតម្រូវឱ្យធ្វើចត្តាទ្បីស័កទ្បើយ។ បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១។

នៅក្នុងសេចក្ដីជូនដំណឹងលេខ៤៦២ សជណ.អគឧ ដែលចុះហត្ថលេដោយ លោក ថោង​ ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានណែនាំឱ្យអនុវត្តនូវយន្តការ៣ ធំដូចខាងក្រោម៖

ទី១.​ទេសចរអន្តរជាតិ និងអ្នកដំណើរ ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋានពេញលេញ ហើយចូលមកកម្ពុជាតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក ត្រូវភ្ជាប់មកជាមួយនូវបណ្ណ ឬវិញ្ញាបនបត្រចាក់វ៉ាក់សាំងកូវីដ-១៩ ដែលបញ្ជាក់ពីការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋានពេញលេញ និងវិញ្ញាបនបត្របញ្ជាក់ថាគ្មានកូវីដ-១៩ (ដោយម៉ាស៊ីន PCR) ដែលមានសុពលភាពរយៈពេល ៧២ម៉ោង និងទទួលស្គាល់ដោយអាជ្ញាធរសុខាភិបាលនៃប្រទេសសាម៉ី។

ជាមួយគ្នានេះដែរ ពេលមកដល់កម្ពុជា ទេសចរតម្រូវឱ្យធ្វើតេស្តរហ័សកូវីដ១៩  (COVID-19 Rapid Test) អនុវត្តដោយមន្រ្តីសុខាភិបាលនៅតាមច្រកទ្វារចេញ-ចូលកម្ពុជា ហើយត្រូវរង់ចាំលទ្ធផលតេស្តរហ័សរយៈពេលពី១៥ ទៅ ២០នាទី សិន។ បន្ទាប់ពីតេស្តរហ័សបង្ហាញលទ្ធផលអវិជ្ជមាន ទេសចរអាចធ្វើដំណើរបានដោយសេរីនៅទូទាំងកម្ពុជា ដោយមិនកម្រិត​​តំបន់ ឬខេត្ត ក្រុងនោះទេ និងមិនតម្រូវឱ្យធ្វើចត្តាទ្បីស័កទ្បើយ។

ទី២.​​ទេសចរអន្តរជាតិ និងអ្នកដំណើរដែលមិនបានចាក់វ៉ាក់សាំងកូវីដ-១៩ ហើយធ្វើដំណើរចូលមកកម្ពុជា តម្រូវឱ្យយកសំណាកដើម្បីធ្វើតេស្តដោយម៉ាស៊ីនPCR នៅតាមច្រកទ្វារចេញ-ចូលកម្ពុជា និងត្រូវធ្វើចត្តាទ្បីស័កពេញលេញរយៈពេល១៤ថ្ងៃ ស្របទៅតាមនីតិវិធីជាធរមាន។

៣.​ទេសចរអន្តរជាតិ និងអ្នកដំណើរដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋានពេញលេញ ហើយកំពុងធ្វើចត្តាទ្បីស័កនៅតាមមណ្ឌលចត្តាទ្បីស័ក សណ្ឋាគារ និងគេហដ្ឋាននៅទូទាំងប្រទេស និងដែលមិនមានវិជ្ជមានកូវីដ-១៩ ត្រូវបានអនុញ្ញាតឱ្យចេញពីការធ្វើចត្តាទ្បីស័ក ចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ នេះតទៅ។

ក្រសួងទេសចរណ៍ បានបញ្ជាក់ថា កម្ពុជាបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានរហូតដល់ជិត ៨៨% នៃចំនួនប្រជាជនសរុប១៦លាននាក់រួចហើយ បច្ចុប្បន្ន កំពុងផ្តល់ជូននូវវ៉ាក់សាំងដូសជំរុញថែមទៀត និងបន្តយុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារអាយុ០៥ឆ្នាំផងដែរ។

ក្រសួងបានបន្តថា ភាពជោគជ័យនៃយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស បានបង្កើតនូវភាពស៊ាំក្នុងសហគមន៍យ៉ាងរឹងមាំ ដែលអនុញ្ញាតឱ្យកម្ពុជាអាចបើកស្តារសេដ្ឋកិច្ច-សង្គមពេញលេញឡើងវិញ ក្នុងនោះរួមមានវិស័យទេសចរណ៍ផងដែរ។ បច្ចុប្បន្ន ទេសចរផ្ទៃក្នុង បាននិងកំពុងធ្វើចលនាយ៉ាងទូលំទូលាយនៅទូទាំងប្រទេសប្រកបដោយសុវត្ថិភាព និងភាពសប្បាយរីករាយ។ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងឱកាសចុងសប្តាហ៍នេះ (១៣-១៤) មានភ្ញៀវទេសចរ បានចេញដើរទស្សនាកម្សាន្តសរុប ១៨០,២៩៦នាក់ នោះមានភ្ញៀវជាតិ ១៧៥,៨០១នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៤,៤៩៥នាក់ ដែលបានដើរកម្សាន្តក្នុងប្រទេស។

កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះភ្ញៀវទេសចរអន្តរជាតិ និងអ្នកដំណើរ ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ដូសមូលដ្ឋានពេញលេញ ចូលមកទស្សនាព្រះរាជាណាចក្រកម្ពុជា តាមគ្រប់ច្រកទ្វារអន្តរជាតិផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក និងគ្រប់គោលដៅទេសចរណ៍ទាំងអស់៕

ដោយ៖ មឿន ឌីណា (Moeun Dyna)