Register Already an agent ? Login

កម្ពុជា បានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ក្នុ្ងងការដោះស្រាយការប្រែប្រួលអាកាសធាតុតាមរយៈយន្តការ ៤សំខាន់ៗ

ភ្នំពេញ៖ កម្ពុជា បានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ក្នុ្ងងការដោះស្រាយការប្រែប្រួលអាកាសធាតុតាមរយៈ យន្តការសំខាន់ៗគឺ៖ ១-បានដាក់ឱ្យដំណើរការថាមពលពន្លឺព្រះអាទិត្យ ដែលមានទំហំជាង ៤០០មេហ្កាវ៉ាត់ ដែលតំណាងឱ្យ ១៥% នៃប្រភពថាមពល, ២-មិនបង្កើតរោងចក្រថាមពលធ្យូងថ្មថ្មី, ៣-មិនសាងសង់ទំនប់វារីអគ្គិសនីនៅតាមដងទន្លេមេគង្គ, ៤- កាត់បន្ថយការបាត់បង់ព្រៃឈើត្រឹមពាក់កណ្តាលត្រឹមឆ្នាំ២០៣០ និងមិនមានការបញ្ចេញឧស្ម័នពីព្រៃឈើត្រឹមឆ្នាំ២០៤០។

ខាងលើជាការថ្លែងរបស់ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ ដោយចីរភាពនិងជាប្រធានប្រតិភូកម្ពុជា បានឡើងថ្លែងសេចក្តីថ្លែងការកម្ពុជានៅក្នុងកិច្ចប្រជុំកំពូលលើកទី២៦ នៃបណ្តាភាគីអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP26) នៅទីក្រុងក្លាហ្កូ ចក្រភពអង់គ្លេស កាលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១។

លោក សាយ សំអាល់ បានថ្លែងបន្តថា នេះគឺជាការជួបជុំដែលមិនធ្លាប់មានពីមុនមករបស់យើង ដោយសារតែជំងឺរាតត្បាតកូវីដ-១៩ និងដោយសារតែការប្រែប្រួលអាកាសធាតុលែងជាពាក្យចចាមអារ៉ាមទៀតហើយ។ លោក ថា ការប្រែប្រួលអាកាសធាតុ ក៏ដូចជាជំងឺរាតត្បាតសកលផងដែរមិនបញ្ឈប់ត្រឹមព្រំដែនរបស់យើងទេ ហើយវត្តមានរបស់យើងនៅទីនេះជាសញ្ញាដែលធានាថាក្នុងនាមជាមេដឹកនំាពិភពលោក យើងមិនបោះបង់ការទទួលខុសត្រូវរួមរបស់យើងចំពោះសកម្មភាពអាកាសធាតុទេ។

ហិរញ្ញវត្ថុអាកាសធាតុអន្តរជាតិ នៅតែមិនទាន់គ្រប់គ្រាន់តាមតម្រូវការនៅឡើយ ជាពិសេសសម្រាប់ផ្នែកការបន្ស៊ាំ ដែលយើងឃើញថានៅតែមានការលំបាកក្នុងការទទួលបាន សម្រាប់ប្រទេសដែលងាយរងគ្រោះបំផុតដោយសារអាកាសធាតុ។ បើតាមការថ្លែងបន្តទៀតរបស់ លោក សាយ សំអាល់ បានអំពាវនាវឱ្យប្រទេសអភិវឌ្ឍន៍ទាំងអស់ បង្កើនការរួមចំណែក ចំពោះយន្តការហិរញ្ញវត្ថុក្រោមអនុសញ្ញា ហើយជួយសម្រួលបន្ថែមទៀតក្នុងការទទួលបានមូលនិធិទាំងនេះដោយផ្ទាល់។

សូមបញ្ជាក់ថា កម្ពុជាបានដាក់ជូននូវរបាយការណ៍ Updated NDC ជាមួយនឹងគោលដៅកាត់បន្ថយការបញ្ចេញឧស្ម័ន ៤២% ត្រឹមឆ្នំា២០៣០។ ជាងនេះ កម្ពុជាកំពុងរៀបចំយុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន ដើម្បីលើកកម្ពស់សកម្មភាពបញ្ចេញកាបូនតិច មានភាពធន់នឹងអាកាសធាតុ និងមានការអភិវឌ្ឍតាមបែបបរិយាប័ន្ន៕

ដោយ៖ មឿន ឌីណា (Moeun Dyna)