Register Already an agent ? Login

លោក ស៊ុន ចាន់ថុល៖ ជំងឺកូវីដ-១៩ ប្រាក់ចំណូលអាកាសយានដ្ឋានខាតបង់ជាង ១០៨ពាន់លានដុល្លារ

ភ្នំពេញ៖ ការធ្វើចរាចរណ៍របស់អ្នកដំណើរពិភពលោកបានធ្លាក់ចុះចំនួន ៥៣.១% ក្នុងខែកក្កដា ឆ្នាំ២០២១ ធៀបនឹងខែកក្កដា ឆ្នាំ២០១៩ ប្រាក់ចំណូលអាកាសយានដ្ឋាននឹងទទួលរងការខាតបង់ច្រើនជាង ១០៨ពាន់លានដុល្លារ នៅចុងឆ្នាំ២០២១ និងប្រាក់ចំណូលអ្នកធ្វើដំណើរក្នុង ១គីឡូម៉ែត្ររបស់ក្រុមហ៊ុន អាកាសចរណ៍បានធ្លាក់ចុះ ៤៦.៥% នៅក្នុងខែកក្កដា ឆ្នាំ២០២១ ធៀបនឹងខែកក្កដា ឆ្នាំ២០១៩។ បើតាម ស្ថិតិពីអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ(ICAO) ដែល លោក​ ស៊ុន ចាន់ថុល លើកឡើងនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី២៧។

នៅក្នុងកិច្ចប្រជុំខាងលើដែលធ្វើឡើងនាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ស៊ុន ចាន់​ថុលបានគូសបញ្ជាក់ថា៖ «ការរាតត្បាតនៃមេរោគកូវីដ-១៩ បានបង្កការភ្ញាក់ផ្អើលដល់ពិភពលោក ធ្វើឱ្យប៉ះពាល់ដល់វិស័យឧស្សាហកម្ម គ្រប់វិស័យ គ្រប់ទិដ្ឋភាពនៃជីវិត ខាតបង់ផ្នែកសេដ្ឋកិច្ចនិងហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរមិនធ្លាប់កើតមាននាពេលកន្លងមក និងធ្វើឱ្យអនាគតឋិតក្នុងភាពមិនច្បាស់លាស់»។

លោក បានបន្តថា ឧស្សាហកម្មអាកាសចរណ៍ និងទេសចរណ៍បានទទួលរងផល ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុត ដូចដែលស្ថិតិពីអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ(ICAO) ខាងលើនេះ។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោក BUDI KARYA SUMADI រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូននៃសាធារណៈរដ្ឋឥណ្ឌូនេស៊ី និងជា អនុប្រធាននៃកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី២៧ រដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន និងលោក DATO LIM JOCK HOI អគ្គលេខាធិការអាស៊ាន។

លោក ស៊ុន ចាន់ថុល បានថ្លែងបន្តថា ដោយសារយុទ្ធនាការចាក់វ៉ាក់សាំងបង្កាមេរោគជំងឺកូវីដ-១៩ សេដ្ឋកិច្ចពិភពលោកកំពុងចាប់ផ្តើមងើបឡើងវិញបន្តិចម្តងៗពីជំងឺរាតត្បាត ហើយប្រទេសសមាជិកអាស៊ាន មួយចំនួនបានបើកសេដ្ឋកិច្ច និងសង្គមរបស់ខ្លួនឡើងវិញជាបណ្តើរៗ ជាមួយនឹងវិធានការធម្មតាថ្មីដែល ត្រូវបានអនុវត្តយ៉ាងតឹងរ៉ឹង។

កិច្ចសន្ទនាអាស៊ាន និងដៃគូអភិវឌ្ឍន៍អាស៊ាន បន្ត ដើរតួនាទីកាន់តែសំខាន់ក្នុងការគាំទ្ររបៀបវារៈនៃការដឹកជញ្ជូនរបស់យើង តាមរយៈកម្មវិធីកិច្ចសហប្រតិបត្តិការ និងគំនិតផ្តួចផ្តើមនានា ជាពិសេសបន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩។ បើតាមការថ្លែងបន្តទៀតរបស់ លោក ស៊ុន ចាន់ថុល បានបន្ថែមថា ដូច្នេះភាពជាដៃគូដ៏រឹងមាំ និងប្រកបដោយនិរន្តរភាពជាមួយដៃគូសន្ទនា និងដៃគូអភិវឌ្ឍន៍ត្រូវតែពង្រឹងនិងពង្រីក ដើម្បីដោះស្រាយបញ្ហាប្រឈមថ្មីៗដែលអាចកើតមាននាពេលអនាគត៕

ដោយ៖ មឿន ឌីណា (Moeun Dyna)