Register Already an agent ? Login

លោក ច្រឹក សុខនីម៖ វិស័យអចលនទ្រព្យនឹងស្ទុះខ្លាំង វិនិយោគិនបរទេសអាចកើនពី៣០ ទៅ៤០% ក្រោយចូលឆ្នាំចិន

លោក ច្រឹក សុខនីម៖ វិស័យអចលនទ្រព្យនឹងស្ទុះខ្លាំង វិនិយោគិនបរទេសអាចកើន៣០-៤០% ក្រោយចូលឆ្នាំចិន

ភ្នំពេញ៖ វិស័យអចលនទ្រព្យនៅកម្ពុជា នឹងមានសន្ទុះខ្លាំងឡើងវិញនៅឆ្នាំ២០២២ ពិសេសក្រោយពិធីចូលឆ្នាំប្រពៃណីចិន ដោយលំហូរវិនិយោគិនបរទេសអាចនឹងមានដល់ ៣០ ទៅ៤០ភាគរយ។ បើតាមការព្យាកររបស់ លោក លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA)។

នៅសន្និសីទសារព័ត៌មានស្តីពីការរៀបចំសមាជិកលើកទី២៣ នៃសមាគមអ្នកវាយតម្លៃអចលនវត្ថុអាស៊ាន (AVA) កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ច្រឹក សុខនីម បានថ្លែងបន្តថា ការងើបឡើងវិញនេះ គឺដោយសារតែរដ្ឋាភិបាលសម្រេចបើកប្រទេសឡើងវិញ ខណៈករណីឆ្លងក៏ធ្លាក់ចុះជាបណ្ដើរៗហើយ ដែលនឹងធ្វើឱ្យចរន្តសេដ្ឋកិច្ចដើរឡើងវិញ ដូច្នេះអ្នកវិនិយោគបរទេសក៏នឹងចាប់ផ្ដើមចូលមកវិញដែរ។

លោក បានលើកឡើងថា ក្រោយចូលឆ្នាំចិន វិនិយោគិនអចលនទ្រព្យភាគច្រើនគឺមកពីប្រទេសចិន ភាគច្រើនពួកគេនឹងវិនិយោគក្រោយឆ្នាំថ្មី។ តាមការវិភាគ វិនិយោគិនបរទេសអាចនឹងមានដល់ ៣០% ទៅ ៤០%។ លោក​បន្តថា នៅពេល​សេដ្ឋកិច្ច​ប្រទេស​រីកចម្រើន​ខ្លាំង ការទិញ-លក់ និង​ជួល​ទីតាំង​ក៏មាន​ច្រើន​ទៅតាម​នោះដែរ ហេតុនេះ​កម្ពុជា​ចាំបាច់​ត្រូវតែមាន​អ្នកជំនាញ​/​ស្ថាប័ន​វាយតម្លៃ​មួយ​ដែលមាន​លក្ខណៈ​ឯករាជ្យ វិជ្ជាជីវៈ និង​មាន​ការទទួលស្គាល់​ជា​អន្តរជាតិ​។

លោក បានលើកឡើងបន្តថា ​តាមរយៈ​សមាជ AVA នាពេលខាងមុខ​ខ្ញុំ​សង្ឃឹមថា កម្ពុជា​នឹង​អាច​ដកស្រង់​បទពិសោធ និង​បច្ចេកទេស​នៃ​ការតម្លៃ​អចលនទ្រព្យ​ពី​សំណាក់​អ្នក​ជំនាញ​នៅតាម​ប្រទេស​នីមួយៗ ដើម្បី​ធ្វើឱ្យ​ការវាយតម្លៃ​អចលនទ្រព្យ​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​នឹង​ទទួលបាន​ការគាំទ្រ​ពី​ស្ថាប័ន​រដ្ឋាភិបាល ឯកជន អ្នកវិនិយោគ និង​វិស័យ​ធនាគារ​ជាដើម​​។

លោក សុខនីម បាន​លើកឡើងបន្តទៀតថា បច្ចុប្បន្ន​មាន​អ្នកវិនិយោគ​ចម្រុះ​សាសន៍​ជាច្រើន​កំពុង​សម្លឹង​រក​ឱកាស​វិនិយោគ​នៅ​កម្ពុជា​។ លោក​បញ្ជាក់ថា​៖ «​ការចូល​មក​របស់​អ្នកវិនិយោគ និង​ភ្ញៀវទេសចរ​នឹងធ្វើ​ឱ្យ​វិស័យ​អចលនទ្រព្យ​កម្រើក​ឡើងវិញ​។ ខ្ញុំ​គិតថា ទីផ្សារ​នេះ​នឹង​ចាប់ផ្តើម​ងើបឡើង​វិញ បន្ទាប់ពី​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​»​។

លោក​បន្ថែមទៀតថា ដោយសារ​នៅពេល​ខាងមុខ​កម្ពុជា​នឹងត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ AVA ដែលមាន​ការចូលរួម​ពី​អ្នកជំនាញ​ផ្នែក​វាយតម្លៃ​ជាច្រើន​រូបនោះ ហេតុនេះ​កម្ពុជា​សង្ឃឹម​ថានឹង​ទទួលបាន​អត្ថប្រយោជន៍​ជាច្រើន​សម្រាប់​យកមក​អភិវឌ្ឍ​ជំនាញ​មួយ​នេះ​។

គួបញ្ជាក់ថា AVA ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​១៩៨១ ដោយមាន​សមាជិក​ស្ថាបនិក ៥​ប្រទេស រួមមាន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន ថៃ និង​សិង្ហបុរី​។ បច្ចុប្បន្ន AVA មាន​សមាជិក ៨ ប្រទេស ដោយ​លើកលែង​ប្រទេស​ឡាវ​ និង​មីយ៉ាន់ម៉ា​។

លោកស្រី Susan Widjojo អគ្គលេខាធិការ​នៃ​សមាគម​អចលនវត្ថុ​អាស៊ាន​បានថ្លែងថា បើទោះបី​ស្ថានភាព​ទីផ្សារ​អចលនទ្រព្យ​នៅតាម​ប្រទេស​នីមួយៗ​មាន​លក្ខណៈ​មិន​ដូចគ្នា ប៉ុន្តែ AVA ពិតជា​មាន​គោលបំណង​ចង់​ធ្វើឱ្យ​ការវាយតម្លៃ​របស់​សមាជិក​ប្រទេស​ទាំង ៨ មាន​ស្តង់ដា​រួម​ដូចគ្នា​។ ការផ្តល់​សេវាកម្ម​ដែលមាន​លក្ខណៈ​ស្តង់ដា​រួម គឺ​ពិតជា​មាន​សារៈសំខាន់​ក្នុង​ការបង្កើន​នូវ​ទំនុកចិត្ត​ពី​សំណាក់​អ្នកពាក់ព័ន្ធ​ទាំងអស់​។

គួបញ្ជាក់ថា AVA ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​១៩៨១ ដោយមាន​សមាជិក​ស្ថាបនិក ៥​ប្រទេស រួមមាន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន ថៃ និង​សិង្ហបុរី​។ បច្ចុប្បន្ន AVA មាន​សមាជិក ៨ ប្រទេស ដោយ​លើកលែង​ប្រទេស​ឡាវ​ និង​មីយ៉ាន់ម៉ា​។

ប្រទេស​កម្ពុជា​នឹង​ត្រូវ​ធ្វើជា​ប្រធាន​ប្តូរ​វេន​នៃ​សមាគម​អ្នកវាយតម្លៃ​អចលនវត្ថុ​អាស៊ាន និង​ជា​ម្ចាស់ផ្ទះ​រៀបចំ​សមាជ​លើក​ទី​ ២៣ នៅ​ថ្ងៃទី​ ២៤-២៥ ខែវិច្ឆិកា ឆ្នាំ​ ២០២១ ក្រោម​ប្រធានបទ «​ការវាយតម្លៃ​អចលនវត្ថុ​ក្នុងអំឡុងពេល​នៃ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩»​៕

ដោយ៖ មឿន ឌីណា (Moeun Dyna)