Register Already an agent ? Login

ក្រសួងរ៉ែ និងថាមពល បានផ្ដល់អាជ្ញាបណ្ណដល់ក្រុមចំនួន៧ ធ្វើអាជីវកម្មរុករករ៉ែមាសនៅខេត្តបាត់ដំបង ក្រចេះ ព្រះវិហារ រតនគិរី មណ្ឌលគិរី

ភ្នំពេញ៖ ក្រុមហ៊ុនចំនួន៧ បានទទួលអាជ្ញាបណ្ណរុករករ៉ែមាស ពីក្រសួងរ៉ែ និងថាមពល ដែលនឹងធ្វើអាជីវកម្មនៅក្នុងខេត្ត បាត់ដំបង ព្រះវិហារ ក្រចេះ មណ្ឌលគិរី និងខេត្តរតនគិរី។ បើតាមការថ្លែងឱ្យដឹងពី អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ លោក អ៊ឹង ឌីប៊ូឡា បានបន្តឱ្យដឹងថា ការដ្ឋានអាជីវកម្មរ៉ែមាសទាំង ៧ទីតាំងនេះ ក្នុងនោះមាន ១ទីតាំង ក្នុងខេត្តមណ្ឌលគីរី បានចាប់ផ្ដើមអាជីវកម្មចម្រាញ់រ៉ែមាសហើយ។

លោក អ៊ឹង ឌីប៊ូឡា បានបន្តឱ្យដឹងបន្តទៀតថា ទីតាំង១ ក្នុងខេត្តមណ្ឌលគីរី បានចាប់ផ្ដើមអាជីវកម្មចម្រាញ់រ៉ែមាស ដោយក្រុមហ៊ុន Renaissance Minerals (Cambodia) Ltd ខណៈ៦ទីតាំងផ្សេងទៀត កំពុងរៀបចំនូវខ្សែច្រវាក់ផលិតកម្ម ចម្រាញ់រ៉ែមាស ដែលអាចនឹងដំណើរការ នៅពេលខាងមុខ។

ក្រសួងរ៉ែ និងថាមពល ក៏បានផ្តល់អាជ្ញាបណ្ណស្វែងរុករករ៉ែលោហៈ ចំនួន ២៦អាជ្ញាបណ្ណ ដល់ក្រុមហ៊ុនចំនួន១៦ មកពីប្រទេសចិន អូស្ត្រាលី កាណាដា ខ្មែរ ផងដែរ។ បើតាមការបន្ថែមរបស់ លោក អ៊ឹង ឌីប៊ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ។

បើតាម សម្ដេចតេជោ ហ៊ុន សែន ដែលបានថ្លែងក្នុងពិធីសម្ពោធអគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ ថា មកដល់ពេលនេះ កម្ពុជាចម្រាញ់មាសបានជិត ៨០០គីឡូក្រាម ដោយក្រុមហ៊ុនវិនិយោគរបស់ប្រទេសអូស្ដ្រាលី Renaissance Minerals (Cambodia) Ltd ក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី។

គួរបញ្ជាក់ថា ក្រុមហ៊ុន Renaissance Minerals (Cambodia) Ltd គឺជាក្រុមហ៊ុនទី១ ដែលជាក្រុមហ៊ុនខ្នាតអន្ដរជាតិ ចាប់ផ្ដើមផលិតមាស ជាលើកដំបូងនៅប្រទេសកម្ពុជា ដោយបានចាប់ផ្ដើមសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ ការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាស ក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី នៅក្នុងខែមិថុនា ឆ្នាំ២០២១នេះ។

ក្រៅតែពីមានការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាស ក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរីហើយនោះ ក្រុមហ៊ុន Renaissance Minerals ក៏កំពុងបើកប្រតិបត្តិការរុករករ៉ែមាស តំបន់សំពៅលូន ក្នុងឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំផងដែរ៕

ប្រភព៖ propertyarea.asia

ដោយ៖ មឿន ឌីណា (Moeun Dyna)