Register Already an agent ? Login

រដ្ឋាភិបាលអូស្ដ្រាលី ផ្ដល់ជំនួយដល់កម្ពុជា ២៣២លានដុល្លារអូស្ដ្រាលី ដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ-១៩

ភ្នំពេញ៖ រដ្ឋាភិបាលអូស្ដ្រាលី ផ្ដល់ជំនួយដល់កម្ពុជា ដែលមានទឹកប្រាក់ ២៣២លានដុល្លារអូស្ដ្រាលី (ប្រមាណ ១៦៨ លានដុល្លារអាម៉េរិក) សម្រាប់រយៈពេល ៤ឆ្នាំ ដើម្បីជួយដល់ការស្ដារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ-១៩ និងធ្វើឱ្យប្រសើរឡើងនូវភាពធន់ផ្នែកសេដ្ឋកិច្ច និង បរិស្ថាន នៅក្នុងតំបន់។

ការផ្ដល់ចំនួយនេះ ក្រោមក្របខ័ណ្ឌនូវការប្ដេជ្ញាចិត្តរបស់អូស្ដ្រាលីក្នុងការ​បន្ដជួយ និងធ្វើសហប្រតិបត្តិការជាមួយកម្ពុជា លើវិស័យនានាដូចជា ការអភិវឌ្ឍសេដ្ឋកិច្ច ការបោសសម្អាតមីន កសិកម្ម សុខាភិបាល និងអប់រំ ជាពិសេស ការបន្ដផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ជារៀងរាល់ឆ្នាំក្រោមកម្មវិធីអាហារូបករណ៍អូស្ដ្រាលី និងកម្មវិធីភាពជាដៃគូមេគង្គ-អូស្ដ្រាលី។ បើតាមការបញ្ជាក់ របស់លោកស្រី ម៉ារីស ផេន (Marise Payne) រដ្ឋមន្ត្រីការបរទេស និងជារដ្ឋមន្ត្រីកិច្ចការនារីអូស្ដ្រាលី។

នៅក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រ​កម្ពុជា កាលពីថ្ងៃទី០៧-០៨ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី​ដ៏ល្អដែលមានស្រាប់រវាងកម្ពុជា និងអូស្ដ្រាលី លោកស្រី ម៉ារីស ផេន បានសម្តែងនូវការកោតសរសើរ និងការវាយតម្លៃខ្ពស់របស់អូស្រ្តាលី ជូនចំពោះ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានគាំទ្រដល់អូស្រ្តាលី ក្នុងការបង្កើតភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយជាមួយអាស៊ាន និងបានបញ្ជាក់ នូវការគាំទ្រពេញលេញ របស់អូស្រ្តាលីចំពោះកម្ពុជា ដើម្បីធានាបាននូវការធ្វើជាប្រធានអាស៊ានឆ្នាំ២០២២ របស់កម្ពុជា​ ប្រកបដោយជោគជ័យ។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានរម្លឹកឡើងវិញជាមួយការកោតសរសើរចំពោះជំនួយរបស់អូស្រ្តាលីដល់កម្ពុជា នៅក្នុង​វិស័យជាច្រើន រួមទាំងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ សម្ដេចតេជោ ក៏បានថ្លែងអំណរគុណផងដែរចំពោះការប្តេជ្ញារបស់អូស្រ្តាលីក្នុងការផ្តល់វ៉ាក់សាំងហ្វាយស្ស៊ឺ (Pfizer) ចំនួន ២.៣៥លានដូស ​ដល់កម្ពុជា ហើយដែលវ៉ាក់សាំងចំនួន ១លានដូស នឹងមកដល់កម្ពុជានៅដំណាច់ឆ្នាំ២០២១។

លោកស្រី ម៉ារីស ផេន ក៏បានជម្រាបជូន សម្តេចតេជោ ផងដែរ ចំពោះការបង្កើតភាពជាដៃគូសន្ដិសុខត្រីភាគី “AUKUS” និងបានអះអាងថា ការដែលអូស្ដ្រាលីចូលរួមនៅក្នុង AUKUS នេះគឺដើម្បីទទួលបាននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ដើម្បីអភិវឌ្ឍសមត្ថភាពកងទ័ពជើងទឹកអូស្ដ្រាលី ដោយគ្មានបំណងបង្កើតថាមពលនុយក្លេអ៊ែរស៊ីវិលនោះទេ ស្របពេលជាមួយគ្នានេះ អូស្ដ្រាលីនៅតែបន្ដប្ដេជ្ញាចិត្តចំពោះការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរក្នុងតំបន់។

នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន និងលោកស្រី ម៉ារីស ផេន ពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការ​ទ្វេភាគី និងពហុភាគី ដែលកំពុងមានការរីកចម្រើនជាលំដាប់ រវាងប្រទេសកម្ពុជា និងអូស្រ្តាលី លើ​វិស័យផ្សេងៗ រួមមាន កសិកម្ម ការពារជាតិ អប់រំ និងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

ថ្ងៃដដែល លោកស្រី ម៉ារីស ផេន បានជួបប្រជុំទ្វេភាគីជាមួយ លោក ប្រាក់ សុខុន ដែលនៅក្នុងឱកាសនោះ រដ្ឋមន្រ្តីការបរទេសទាំងពីរបានសម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនងជាមិត្តភាព និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងប្រទេសទាំងពីរ និងបានឯកភាពជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី នៅក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ អប់រំ និងការប្រាស្រ័យទាក់ទងរវាងប្រជាជន និងប្រជាជន។

រដ្ឋមន្រ្តីការបរទេស លោក ប្រាក់ សុខុន បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលអូស្ដ្រាលី ដែលបានគាំទ្រ​ដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា តាមរយៈការផ្ដល់ជំនួយអភិវឌ្ឍន៍ផ្លូវការ ជាពិសេស ការផ្ដល់ជំនួយប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលកម្ពុជាកំពុងតែត្រូវការជាចាំបាច់។

លោក រដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនអូស្ត្រាលីកាន់តែច្រើនថែមទៀតមកវិនិយោគនៅកម្ពុជា ខណៈពេលកម្ពុជាទើបអនុម័តច្បាប់វិនិយោគថ្មី ដែលនឹងផ្តល់នូវបរិយាកាសវិនិយោគដ៏ប្រសើរ។ ជាការឆ្លើយតប លោកស្រី ម៉ារីស ផេន បានគូសបញ្ជាក់ថា ខណៈដែលកម្ពុជា និងអូស្រ្តាលី កំពុងងើបចេញពីជំងឺរាតត្បាតដូចគ្នា មានកាលានុវត្តភាពជាច្រើនសម្រាប់ប្រទេស​ទំាងពីរធ្វើការជាមួយគ្នា​ ក្នុងការជំរុញពាណិជ្ជកម្ម​ និងការវិនិយោគឱ្យមានភាពរីកចម្រើន។

សម្រាប់កិច្ចសហប្រតិបត្តិការក្រោមក្របខ័ណ្ឌភាពជាដៃគូមេគង្គ-អូស្ដ្រាលី លោករដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរចំពោះចក្ខុវិស័យរបស់អូស្រ្តាលី នៅក្នុងអនុតំបន់មេគង្គ​ តាមរយៈការលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស ភាពធន់ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការ​វិនិយោគ និងការពង្រឹងប្រព័ន្ធអ៊ិនធឺណេត និងថាមពលសំខាន់ៗ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)