Register Already an agent ? Login

អគារទីស្តីការក្រសួងមហាផ្ទៃថ្មី ចំណាយថវិកាប្រមាណ ៦០លានដុល្លារ នឹងធ្វើពិធីចុះបឋមសិលាសាងសង់នៅទីតាំងចាស់ នៅថ្ងៃទី១១ ខែវិច្ឆិកា

ភ្នំពេញ៖ អគារទីស្តីការក្រសួងមហាផ្ទៃថ្មី ចំណាយថវិកាសាងសង់ប្រមាណ ៦០លានដុល្លារ ដែលនឹងធ្វើពិធីចុះបឋមសិលាសាងសង់នៅទីតាំងចាស់ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១។ បើតាមការថ្លែងឱ្យដឹងពី សម្ដេចតេជោ ហ៊ុន សែន ក្នុងពិធីបើកសម្ពោធអគារទីស្តីការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១។

សម្តេចតេជោ បានលើកឡើងថា ក្នុងឆ្នាំនេះមានក្រសួងចំនួន ៣ បានដាក់សម្ពោធឱ្យដំណើរដូចជា ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងក្រសួងដែលនឹងត្រូវសម្ពោធខួបលើកទី២៣ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១នោះ គឺក្រសួងការពារជាតិ។

ប្រមុខរាជរដ្ឋាភិបាល បានលើកឡើងបន្តថា តាមសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃបានឱ្យដឹងថា នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខ នឹងធ្វើពិធីបញ្ចុះបឋមសិក្សាធ្វើក្រសួងមហាផ្ទៃថ្មី ដែលចំណាយថវិកាអស់ប្រមាណ ៦០លានដុល្លារ។

សម្ដេចតេជោ នាយករដ្ឋមន្រ្តីបានលើកឡើងបន្ថែមថា យើងមានថវិការួចទៅហើយ ដើម្បីសាងសង់ពីព្រោះដល់ពេលដែលយើងត្រូវមានកន្លែងធ្វើការ។ សម្ដេច មានប្រសាសន៍ថា ចំណុចនេះ យើងទាំងអស់គ្នាបានមើលឃើញ បានដឹងអំពីដំណើរវិវត្តន៍របស់ជាតិ នៅពេលដែលយើងចូលមកដល់ភ្នំពេញតើយើងមានអ្វីខ្លះ។ សម្រាប់ក្រសួង ដែលកាន់កាប់ក្រសួងចាស់ ក្នុងនោះ មានក្រសួងការពារជាតិ ក្រសួងការបរទេសជាដើម៕

ដោយ៖ មឿន ឌីណា (Moeun Dyna)