Register Already an agent ? Login

កម្ពុជា ទទួលបានចំណូលជាង ៤ពាន់លានដុល្លារ ពីការនាំចេញកសិផល រយៈពេល ១០ខែឆ្នាំ២០២១

ភ្នំពេញ៖ តាមការប៉ាន់ស្មានតម្លៃនៃការនាំចេញកសិផល (ដោយមិនបានរាប់បញ្ចូលផលិតផលជលផល ផលិតផលសត្វ និងព្រៃឈើ ហើយនិងឈើកៅស៊ូ) របស់កម្ពុជា ទៅកាន់គោលដៅទីផ្សារ ៦៨ប្រទេស ក្នុងរយៈពេល ១០ខែ ឆ្នាំ២០២១ មានចំនួន ៤,០៧១,៥៧១,០៩៨.៣៧ដុល្លារ ដែលក្នុងនោះ៖ អង្ករមានចំនួន ៣៩២,៩៨៤,៣២៦ដុល្លារ, ស្រូវមានចំនួន ៤៦៥,៤៩៨,២៥០ដុល្លារ, កសិផលក្រៅពីស្រូវ-អង្ករមានចំនួន ២,៨៣៣,៧០០,៦១៣.៣៧ដុល្លារ។

យោងតាមប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ (National Phytosanitary Database) របស់អគ្គនាយកដ្ឋានកសិកម្ម បានឱ្យដឹងបន្តថា ក្នុងរយៈពេល ១០ខែ ឆ្នាំ២០២១នេះ ការនាំចេញកសិផលទៅក្រៅប្រទេស មានបរិមាណសរុបចំនួន ៦,៣៦៤,៦០៧.២៤តោន ទៅកាន់ទិសដៅ ៦៨ប្រទេស គឺមានការកើនឡើងចំនួន ២,៩៧០,៦៩១.៦០តោនស្មើនឹង ៨៧.៥៣% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលទទួលបានត្រឹមតែ ៣,៣៩៣,៩១៥.៦៤តោន។ កសិផលសំខាន់ៗដែលបាននាំចេញមានដូចខាងក្រោម៖

១-ការនាំចេញអង្ករ

បរិមាណអង្ករនាំចេញមានចំនួន ៤៦០,១៦៩តោន មានការថយចុះចំនួន ៧៦,១៣៦តោន (-១៤,២០%) បើធៀបនឹងបរិមាណនាំចេញក្នុងរយៈពេល ១០ខែឆ្នាំ២០២០ ដែលមានចំនួន ៥៣៦,៣០៥តោន។

ការនាំចេញអង្ករក្នុងខែតុលា ឆ្នាំ២០២១ មានចំនួន ៤៩,៤៧១តោន កើនឡើងចំនួន ១,៩៤១តោន (៤,០៨%) បើធៀបនឹងខែតុលា ឆ្នាំ២០២០ ដែលមានចំនួន ៤៧,៥៣០តោន។

អង្ករក្រអូបគ្រប់ប្រភេទមានចំនួន ៣២៧,០៣២តោន ស្មើនឹង ៧១.០៧% អង្ករសគ្រប់ប្រភេទមានចំនួន ១២៤,៧១៤តោន ស្មើនឹង ២៧.១០% និងអង្ករចំហុយមានចំនួន ៨,៤២៣តោន ស្មើនឹង ១.៨៣%។

បរិមាណអង្ករបាននាំចេញទៅកាន់ទិសដៅសហភាពអឺរ៉ុបចំនួន ២២ប្រទេស មានបរិមាណសរុបចំនួន ១១៥,៤៧៦តោន (ថយចុះចំនួន ៥៨,៩១៥តោន ស្មើនឹង -៣៣.៧៨%) ទិសដៅប្រទេសចិនមានបរិមាណសរុបចំនួន ២២៩,១៧៧តោន (កើនឡើងចំនួន ៣៤,៧២៦តោន ស្មើនឹង ១៧.៨៦%) ទិសដៅអាស៊ានចំនួន ៧ប្រទេស មានបរិមាណសរុបចំនួន ៤៣,៧៩០តោន(ថយចុះចំនួន ២៨,០៩២តោន ស្មើនឹង -៣៩.០៨%) និងទិសដៅដទៃទៀតចំនួន ២៣ប្រទេស មានបរិមាណសរុប ៧១,៧២៦តោន (ថយចុះចំនួន ២៣,៨៥៥តោន ស្មើនឹង -២៤.៩៦%)។

ក្រុមហ៊ុន ដែលបាននាំចេញអង្ករមានចំនួន ៦០ក្រុមហ៊ុន ហើយបរិមាណអង្ករដែលបាននាំចេញដោយក្រុមហ៊ុនធំៗចំនួន១០ មានរហូតដល់ ៣៣៨,៥៩៤តោន (៧៣,៥៨%) និងក្រុមហ៊ុន ៥០ដទៃទៀត បាននាំចេញត្រឹមតែ ១២១,៥៧៥តោន (២៦,៤២%)។

២-ការនាំចេញស្រូវ

ការនាំចេញស្រូវមានចំនួន ២,៦៥៩,៩៩០តោន ក្នុងរយៈពេល ១០ខែឆ្នាំ២០២១ ទៅកាន់ប្រទេសវៀតណាម (មានវិញ្ញាបនបត្រភូតគាមអនាម័យចំនួន ១,៦៨៣,២៨៥,០២តោន) ដែលមានការកើនឡើងចំនួន ១,២៣២,៧៦៤តោន (៨៦.៣៧%) បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០ ដែលមានចំនួន ១,៤២៧,២២៦តោន។

៣-ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករ 

ក្នុងរយៈពេល ១០ខែ ឆ្នាំ២០២១ ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករ មានចំនួន ៤,២២១,១៥៣.២២តោន កើនឡើងចំនួន ១,៣៦៣,៥៤២.៥៨តោន ស្មើនឹង ៤៧.៧២% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលមានចំនួន ២ ៨៥៧,៦១០.៦៤តោន ដែលក្នុងនោះរួមមាន៖

ចំណិតដំឡូងមីក្រៀម, ដំឡូងមីស្រស់, ម៉្សៅដំឡូងមី, កាកសំណល់ដំឡូងមី, គ្រាប់ស្វាយចន្ទី, គ្រាប់ពោត, គ្រាប់សណ្តែកបាយ, គ្រាប់សណ្តែកសៀង, ផ្លែចេកស្រស់, ផ្លែក្រូចថ្លុង, ផ្លែស្វាយស្រស់, ដំណាប់ស្វាយ, ទឹកស៊ីរ៉ូស្វាយ, ដូងប្រេង, ម្រេច, ថ្នាំជក់, បន្លែចម្រុះ, ម្ទេសក្រៀម, ម្ទេសស្រស់។

ជាមួយគ្នា ផលិតផលចំនួន ៨៤មុខ ផ្សេងទៀតមានចំនួន ១៦៥,៧៤០.០០៦តោន។

តាមការបញ្ជាក់របស់ អគ្គនាយកដ្ឋានកសិកម្មថា ការនាំចេញកសិផលសរុបក្នុងរយៈពេល ១០ខែឆ្នាំ២០២១ មានកំណើនចំនួន ៨៧.៥៣% ក្នុងនោះកសិផល ក្រៅពីអង្ករមានការកើនឡើងចំនួន ១០៦.៦២% រីឯការនាំចេញអង្ករមានការថយចុះចំនួន -១៤.២០% ដោយសារ តម្លៃនៃការដឹកជញ្ជូនទៅកាន់គោលដៅមានការកើនឡើងទ្វេដង និងជួបប្រទះបញ្ហានឹងកង្វះទូរកុងតេន័រ ទំហំ ២០ហ្វិត សម្រាប់ផ្ទុកអង្ករ នាំចេញ ដោយបច្ចុប្បន្ន សម្បូរទៅដោយទូរកុងតេន័រដែលមានទំហំ ៤០ ហ្វិត ដែលមិនអាចប្រើប្រាស់បានឱ្យស្របតាមបទដ្ឋានគតិយុត្តនៃការដឹកជញ្ជូន ព្រោះផ្ទុកទៅនឹងលើសទម្ងន់កំណត់៕

ដោយ៖ មឿន ឌីណា (Moeun Dyna)