Register Already an agent ? Login

លោក ថោង ខុន ជំរុញក្រុមហ៊ុនសាងសង់ព្រលានយន្តហោះអន្តរជាតិតារាសារគរ ឱ្យបានឆាប់រហ័ស ដើម្បីបើកការហោះហើរនៅឆ្នាំ២០២២

កោះកុង៖ លោក ថោង ខុន ក៏បានជំរុញក្រុមហ៊ុនវិស្សមកាលតារាសាគរ ពន្លឿននូវការសាងសង់ព្រលានយន្តហោះអន្តរជាតិតារាសារគរនេះ ឱ្យបានឆាប់រហ័ស ដើម្បីឈានទៅបើកជើងហោះហើរក្នុងស្រុក ក្នុងតំបន់ និងអន្តរជាតិផងដែរ ពិសេសតភ្ជាប់ពីខេត្តសៀមរាបអង្គរ ដែលនឹងចាប់ផ្តើមដំណើរការ នៅក្នុងខែមករា ឆ្នាំ២០២១ខាងមុខនេះ។

ការជំរុញពន្លឿនខាងលើ នៅក្នុងកិច្ចប្រជុំត្រៀមបើកទទួលទេសចរណ៍វ៉ាក់សាំង នៅក្នុងតំបន់វិស្សមកាលតារាសាគរ នាចុងខែវិច្ឆិកានេះ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ ដែល ដឹកនាំដោយ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដើម្បីស្តារនិងលើកស្ទួយវិស័យទេសចរណ៍ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩។

នៅក្នុងកិច្ចប្រជុំខាងលើនេះ លោក ថោង ខុន ក៏បានណែនាំលម្អិតពីផែនការរបស់រាជរដ្ឋាភិបាល ក្នុងការត្រៀមបើកដំណើរការទទួលទេសចរណ៍វ៉ាក់សាំង ដើម្បីទទួលភ្ញៀវទេសចរអន្តរជាតិ ពីប្រភពទីផ្សារដែលមានសក្តានុពល និងមានហានិភ័យទាប និងការត្រៀមអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា ជាគោលដៅទេសចរណ៍ ប្រកបដោយគុណភាព សុវត្ថិភាព និងនិរន្តរភាពតាមគន្លងប្រក្រតីភាពថ្មី ស្របតាមទស្សនទាន «ប្រែក្លាយបញ្ហាប្រឈមទៅជាកាលានុវត្តភាព» ដល់តំណាងក្រុមហ៊ុន និងមន្ត្រីជំនាញ នៅក្នុងតំបន់វិស្សមកាលតារាសាគរ។

លោក រដ្ឋមន្ត្រី ក៏បានណែនាំដល់ក្រុមហ៊ុនវិស្សមកាលតារាសាគរ ត្រូវខិតខំពង្រីកសេវាកម្មរបស់ខ្លួន ឱ្យបានកាន់តែសំបូរបែបបន្ថែមទៀត ដើម្បីអាចទាក់ទាញ ភ្ញៀវទេសចរមកទស្សនាឱ្យបានកាន់តែច្រើន ជាមួយនឹងសេវាកម្មល្អ និងមានតម្លៃសមរម្យ ដែលមិនត្រឹមតែទទួលនូវភ្ញៀវទេសចរអន្តរជាតិនោះទេ ភ្ញៀវទេសចរផ្ទៃក្នុង ក៏អាចមកសម្សាន្តកន្លែងដែលមានផាសុកភាពនេះផងដែរ ខណៈពេលបច្ចុប្បន្ន ភ្ញៀវទេសចរផ្ទៃក្នុងកំពុងតែចាប់ផ្តើមធ្វើដំណើរកម្សាន្ត តាមតំបន់គោលដៅទេសចរណ៍ផងដែរ។

ជាការឆ្លើយតប តំណាងក្រុមហ៊ុនសាងសង់ ក៏បានប្តេជ្ញាខិតខំធ្វើឱ្យបានឆាប់រួចរាល់ ដើម្បីត្រៀមទទួលភ្ញៀវទេសចរ បច្ចុប្បន្ន បានសាងសង់ជិតរួចរាល់ហើយ នៅតែហេដ្ឋារចនាសម្ព័ន្ធមួយចំនួនក្នុងអគារអ្នកដំណើរតែប៉ុណ្ណោះ ក្នុងនោះអគារនេះអាចមានលទ្ធភាពទទួលអ្នកដំណើរចេញ-ចូល និងឆ្លងកាត់ ជិត១លាននាក់ក្នុងមួយឆ្នាំផងដែរ។

ការសាងសង់ទាំងមូលគឺសម្រេចបានប្រមាណ ៩៥ភាគរយហើយ ដោយក្រុមហ៊ុនបាននិយាយថា ការងារទាក់ទងនឹងការសាងសង់ស្ថានីយកំពុងដំណើរការ ហើយក្រុមហ៊ុននឹងពន្លឿនការងារដើម្បីបញ្ចប់ស្ថានីយនៅចុងឆ្នាំនេះ។ ក្រុមហ៊ុនបានបញ្ជាក់ នៅក្នុងកិច្ចប្រជុំថា ការសាកល្បងជើងហោះហើរនេះ គ្រោងនឹងធ្វើឡើងក្នុងខែមករា ឬខែកុម្ភៈ ឆ្នាំក្រោយ ដើម្បីឱ្យក្រុមហ៊ុនអាចចូលរួមចំណែកក្នុងការគ្រប់គ្រងអ្នកដំណើរតាមផ្លូវអាកាសទៅកាន់រមណីយដ្ឋានតារាសាគរ ស្របតាមការបើកដំណើរការឡើងវិញនៃប្រទេសរបស់រដ្ឋាភិបាល​ដល់ភ្ញៀវទេសចរដែលបានចាក់វ៉ាក់សាំងរួច»។

ទាក់ទងនឹងតំបន់វិស្សមកាលតារាសាគរវិញ តំណាងក្រុមហ៊ុន ក៏បានសន្យាខិតខំពង្រីកសេវាកម្មក្នុងតំបន់របស់ខ្លួនឱ្យកាន់តែសំបូរបែប ជាមួយនឹងតម្លៃសមរម្យ ដែលអាចផ្តល់ភាពងាយស្រួលទាំងភ្ញៀវជាតិ និងអន្តរជាតិមកម្សាន្ត ស្របជាមួយនឹងទីតាំងដែលមានផាសុកភាពសម្រាប់ភ្ញៀវផងដែរ។

សូមបញ្ជាក់ថា គម្រោងសាងសង់នេះ​មាន​តម្លៃ ៣៥០លាន​ដុល្លារ ​គ្រប​ដណ្តប់​លើ​ផ្ទៃដី ៤.​៥ហិកតា​នៅ​ស្រុក​បទុមសាគរ ក្បែរ​ឈូង​សមុទ្រ​ថៃ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)