Register Already an agent ? Login

រយៈពេល ១ខែតុលា ភ្ញៀវទេសចរជាង ១លាន៤៨ម៉ឺននាក់ បានដើរកម្សាន្តនៅទូទាំងប្រទេស ក្នុងវិបត្តិកូវីដ-១៩

រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានបន្តថា រាជធានី និងខេត្តចំនួន៧ ដែលជាគោលដៅទេសចរណ៍ដ៏សំខាន់ក្នុងខែតុលាកន្លងទៅនេះមាន *ខេត្តកំពត ២៣០,០៤៦នាក់,*ខេត្តព្រះសីហនុ ១៩៨,៩៦៥នាក់, *ខេត្តកែប ១៤៨,២១៣នាក់, *រាជធានីភ្នំពេញ ១២២,៣១៥នាក់, *ខេត្តពោធិ៍សាត់ ១០៨,១៤០នាក់, *ខេត្តសៀមរាប ៨៣,៣៩៤នាក់, *ខេត្តបាត់ដំបង ៧៤,៣៧១នាក់, *ខេត្តកំពង់ចាម ៧២,១២៩នាក់។

រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៩-៣១ ខែតុលា ឆ្នាំ២០២១ នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរសរុបចំនួន ១៩៣,៤១៧នាក់ កើនឡើង ៣៨.២៨% ធៀបនឹងចុងសប្តាហ៍ទី៣ នៃខែតុលា។ បើតាមការថ្លែងបន្តទៀតរបស់ លោក ថោង ខុន បានបន្ថែមថា ក្នុងចំណោមភ្ញៀវទេសចរសរុបទាំងនោះមានភ្ញៀវជាតិ ១៨៨,៤៧២នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៤,៩៤៥នាក់។ ចំនួនភ្ញៀវទេសចរបរទេសផ្ទៃក្នុងនៅចុងសប្ដាហ៍ទី៤ នៃខែតុលានេះ គឺមានការកើនឡើងគួរឱ្យកត់សម្គាល់។

លោក រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានបង្ហាញការកត់សម្គាល់ដែរថា ចំនួនទេសចរណ៍ផ្ទៃក្នុងដែលមានចំនួនច្រើនក្នុងខែតុលានេះ គឺបានមកអាស្រ័យដោយរាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យរមណីយដ្ឋាន និងគោលដៅទេសចរណ៍ទូទាំងប្រទេសបើកដំណើរការឡើងវិញតាមគន្លងប្រក្រតីភាពថ្មី ខណៈដែលវិធានការរដ្ឋបាលដោយឡែករបស់រាជធានី-ខេត្ត ពាក់ព័ន្ធនឹងការផ្អាកដំណើរការរមណីយដ្ឋាន និងគោលដៅទេសចរណ៍នានាក៏ត្រូវបានបិទបញ្ចប់ ស្របពេលដែលខែតុលានេះមានថ្ងៃឈប់សម្រាកច្រើន ពិសេសពិធីបុណ្យភ្ជុំបិណ្ឌ។

លោក ថោង ខុន បានថ្លែងបន្ថែមទៀតថា មូលដ្ឋានអាជីវកម្មនៅតាមគោលដៅដែលធ្លាប់រងផលប៉ះពាល់ខ្លាំងពីវិបត្តិកូវីដ-១៩ ដូចជានៅខេត្តសៀមរាប និងខេត្តបាត់ដំបងជាដើម បានផ្តើមប្រតិបត្តិការឡើងវិញជាបណ្តើរៗ ដែលជាមួយក្តីសង្ឃឹមប្រកបដោយសុទិដ្ឋិនិយម ខណៈដែលគោលដៅដែលពេញនិយម ពិសេសគោលដៅខេត្តតំបន់ឆ្នេរសមុទ្រ នៅតែជាគោលដៅដែលស្រូបទាញលំហូរភ្ញៀវទេសចរបានច្រើន។

បើតាមការអះអាងរបស់ លោក ថោង ខុន រមណីយដ្ឋានទេសចរណ៍ និងគោលដៅទេសចរណ៍ ព្រមជាមួយមូលដ្ឋានអាជីវកម្មទេសចរណ៍សំខាន់ៗ ដូចជា សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ជាដើម បានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដារអប្បបរមា (SOP) ស្របពេលដែលក្រសួងទេសចរណ៍កំពុងរៀបចំ និងដាក់ចេញនាពេលឆាប់ៗនេះនូវវិធានសុវត្ថិភាពទេសចរណ៍ និង SOP សម្រាប់សេវាសំខាន់ៗផ្សេងទៀត ដូចជាស្ប៉ា និងម៉ាស្សា បៀរហ្កាឌិន សេវាកម្សាន្តផ្សេងៗទៀតជាដើម ស្របតាមផែនការយុទ្ធជំរុញចលនាទេសចរណ៍ផ្ទៃក្នុង (២០២១-២០២៣)៕

ដោយ៖ មឿន ឌីណា (Moeun Dyna)