Register Already an agent ? Login

លោក អូន ព័ន្ធមុនីរ័ត្ន៖ ការជំរុញចលនាទេសចរណ៍ផ្ទៃក្នុង គឺដើម្បីលើកស្ទួយកំណើនសេដ្ឋកិច្ចពីវិបត្តិជំងឺកូវីដ-១៩

ភ្នំពេញលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ បានថ្លែងបញ្ជាក់ថា គោលនយោបាយជំរុញចលនាទេសចរណ៍ផ្ទៃក្នុងឆ្នាំ២០២១-២០២៣ ជាការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា និងអាចចាប់យកកាលានុវត្តភាពពីវិបត្តិកូវីដ-១៩ សំដៅប្រែក្លាយកម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព សុវត្ថិភាព និងចីរភាព ព្រមទាំងផ្តល់ផ្លែផ្កាចូលរួមទ្រទ្រង់ការងើបឡើងវិញនៃកំណើនសេដ្ឋកិច្ចផងដែរ។

ការលើកឡើងដូចនេះរបស់ លោក អូន ព័ន្ធមុនីរ័ត្ន នៅក្នុងពិធីប្រកាសផ្សព្វផ្សាយការដាក់ឱ្យអនុវត្ត «គោលនយោបាយជំរុញចលនាទេសចរណ៍ផ្ទៃក្នុង» កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ ដោយមានការចូលរួមពីលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ ព្រមទាំងមានមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ដែលបានធ្វើឡើង តាមប្រព័ន្ធវីដេអូពីចម្ងាយ។

លោក អូន ព័ន្ធមុនីរ័ត្ន បានឱ្យដឹងថា វិធានការគោលនយោបាយជំរុញចលនាទេសចរណ៍ផ្ទៃក្នុង ឆ្នាំ២០២១-២០២៣ រៀបចំឡើងដោយឈរលើគោលការណ៍រក្សាបាននូវតុល្យភាពរវាងសកម្មភាពសង្គម-សេដ្ឋកិច្ច និងការធានាសុវត្ថិភាព និងសុខភាពសាធារណៈសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។ ការជំរុញចលនាទេសចរណ៍ផ្ទៃក្នុង នឹងផ្តោតសំខាន់ទៅលើការបង្កលក្ខណៈងាយស្រួលឱ្យប្រជាពលរដ្ឋ អាចធ្វើដំណើរបានទូទាំងប្រទេសប្រកបដោយសុវត្ថិភាព សំដៅពង្រឹងបន្ថែមទៀតនូវស្មារតីស្នេហាជាតិ ស្របតាមទិសស្លោក «ស្រលាញ់ជាតិ ត្រូវស្គាល់ទឹកដី»។

លោក បានបន្តថា គិតមកដល់បច្ចុប្បន្ន ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩នៅកម្ពុជា ស្ថិតនៅក្រោមការគ្រប់គ្រងបានល្អប្រសើរ ដោយអត្រានៃការឆ្លង និងអត្រាស្លាប់ស្ថិតនៅកម្រិតទាប។ លទ្ធផលនេះជាមូលដ្ឋានគ្រឹះដ៏ចាំបាច់បំផុត សម្រាប់ការឈានការជំរុញចលនាទេសចរណ៍ផ្ទៃក្នុង ដែលជាផ្នែកដ៏សំខាន់មួយនៃការបើកឱ្យដំណើរការពេញលេញឡើងវិញជាបណ្តើរៗ នូវរាល់សកម្មភាពសង្គម សេដ្ឋកិច្ច ស្របតាមគន្លងប្រក្រតីភាពថ្មី។

លោក រដ្ឋមន្រ្តី ក៏បានណែនាំដល់ក្រសួងទេសចរណ៍ ត្រូវសហការឱ្យបានជិតស្និទ្ធជាមួយរដ្ឋបាលខេត្ត និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ជំរុញការវាយតម្លៃទេសចរក្នុងស្រុក ដើម្បីធ្វើយ៉ាងណាធានាបានសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរ និងខិតខំរៀបចំគោលដៅទេសចរណ៍នានា ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យមានភាពទាក់ទាញ និងសុវត្ថិភាព ស្របតាមវិធីសាស្រ្តនៃការកំណត់តំបន់ ឬគោលដៅទេសចរណ៍សុវត្ថិភាពក្នុងការទាក់ទាញភ្ញៀវទេសចរផ្ទៃក្នុង និងភ្ញៀវទេសចរអន្តរជាតិ។

នៅក្នុងពិធីខាងលើ លោក ថោង ខុន បានបញ្ជាក់ថា ជារួមវិធានការគោលនយោបាយជំរុញចលនាទេសចរណ៍ផ្ទៃក្នុង ឆ្នាំ២០២១-២០២៣ មានចំណុចសំខាន់ៗដូចជា៖

ទី១៖ ការអនុវត្តសម្រេចឱ្យបាននូវវិធានការគោលនយោបាយ ជំរុញចលនាទេសចរណ៍ផ្ទៃក្នុង ឆ្នាំ២០២១-២០២៣នេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់ អាស្រ័យលើការប្តេជ្ញាចិត្ត និងការចូលរួមពីសំណាក់ក្រសួង-ស្ថាប័នពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុងការអនុវត្តស្របតាមតួនាទី ភារកិច្ច និងការទទួលខុសត្រូវរៀងៗខ្លួន។

ទី២៖ ដើម្បីសម្រេចបានកំណើនភ្ញៀវទេសចរផ្ទៃក្នុងឡើងវិញប្រកបដោយជោគជ័យ ចាំបាច់ត្រូវពឹងផ្អែកលើកត្តាកំណត់សំខាន់ៗ ដូចជា ល្បឿននៃការចាក់វ៉ាក់សាំងកូវីដ១៩ ស្ថានភាពនៃការគ្រប់គ្រងកូវីដ១៩ ការត្រៀមខ្លួនរបស់អាជីវកម្មទេសចរណ៍តាមគន្លងប្រក្រតីភាពថ្មី និងកត្តាចិត្តសាស្ត្រ។

ទី៣៖ ដើម្បីធានាថាសកម្មភាពទេសចរណ៍ក្នុងស្រុកអាចមានដំណើរការឡើងវិញ ប្រការសំខាន់បំផុតគឺការបង្កើនទំនុកចិត្តរបស់សាធារណជនក្នុងការសម្រេចចិត្ត ធ្វើដំណើរកម្សាន្ត។ បន្ថែមលើនេះ ភាពងាយស្រួលក្នុងការធ្វើដំណើរ ឬរៀបចំសកម្មភាពកម្សាន្តផ្សេងទៀត ក៏ជាកត្តាចាំបាច់ដើម្បីជំរុញសកម្មភាពទេសចរណ៍ក្នុងស្រុក និងការត្រៀមខ្លួនរួចជាស្រេចនៃអាជីវករ-ប្រតិបត្តិករទេសចរណ៍នានា។

ទី៤៖ វិធានការគោលនយោបាយដោយបានដាក់ចេញនូវគោលដៅធំៗចំនួន៥ រួមមាន៖

-ការលើកកម្ពស់ទំនុកចិត្ត និងភាពជឿជាក់របស់ភ្ញៀវទេសចរផ្ទៃក្នុង តាមរយៈការរៀបចំផែនការ និងគ្រប់គ្រងគោលដៅទេសចរណ៍ក្នុងស្រុក ដែលមានសុវត្ថិភាពនៅតាមរាជធានី-ខេត្ត។

-ការជំរុញដំណើរការឡើងវិញរបស់អាជីវកម្ម-ប្រតិបត្តិករទេសចរណ៍ តាមគន្លងប្រក្រតីភាពថ្មី តាមរយៈការបន្តអនុវត្តការគាំទ្រហិរញ្ញប្បទានលើកទឹកចិត្ត និងសិក្សារៀបចំវិធានការទ្រទ្រង់ថ្មីៗ និងរៀបចំវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពជំនាញទេសចរណ៍។

-ការបង្កលក្ខណៈងាយស្រួលដល់ចលនាទេសចរណ៍ផ្ទៃក្នុង រួមមានអាជីវកម្ម-ប្រតិបត្តិករទេសចរណ៍ ភ្ញៀវទេសចរជាតិ-ភ្ញៀវបរទេសផ្ទៃក្នុង

-អភិវឌ្ឍន៍ផលិតផលទេសចរណ៍បម្រើឱ្យចលនាទេសចរណ៍ផ្ទៃក្នុង តាមរយៈការបន្តខិតខំរៀបចំ និងបង្កើតនូវផលិតផលទេសចរណ៍ថ្មីៗ ទាក់ទាញចលនាទេសចរណ៍ផ្ទៃក្នុងនៅតាមប៉ូលសំខាន់ៗ។

-ការផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងជាសាធារណៈ តាមរយៈការដាក់ចេញយុទ្ធសាស្រ្តលើកកម្ពស់ការយល់ដឹងជាសាធារណៈនៅក្នុងក្របខណ្ឌនៃយុទ្ធនាការ «ទស្សនាស្រុកយើង» ក្រោមស្មារតី «ស្រលាញ់ជាតិ ត្រូវស្គាល់ទឹកដី»៕

ដោយ៖ មឿន ឌីណា (Moeun Dyna)