Register Already an agent ? Login

រាជរដ្ឋាភិបាល បញ្ឈប់ឱ្យមានគម្រោងសាងសង់រោងចក្រអគ្គិសនីប្រើធ្យូងថ្មថ្មីទៀតហើយ ដើម្បីការពារបរិស្ថាន

ភ្នំពេញ៖ លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានថ្លែងបញ្ជាក់ឱ្យដឹងថា «រាជរដ្ឋាភិបាល បានបញ្ឈប់ការអនុម័តលើកម្រោងអភិវឌ្ឍន៍រោងចក្រអគ្គិសនីប្រើធ្យូងថ្មថ្មីបន្ថែមទៀតហើយ ក្រៅពីគម្រោងដែលរាជរដ្ឋាភិបាលសម្រេចរួចតាំងពីឆ្នាំ២០១៩ ពីព្រោះដើម្បីការពារបរិស្ថាន។

នៅក្នុងជំនួបជាមួយ លោកស្រី Tina Redshaw ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ មុនពេលចាប់ផ្តើមនៃកិច្ចប្រជុំកំពូលលើកទី២៦ ស្តីពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិ លោក ស៊ុយ សែម បានថ្លែងបន្តថា ការបញ្ឈប់គម្រោងសាងសង់រោងចក្រអគ្គិសនីប្រើធ្យូងថ្មថ្មីបន្ថែមទៀត ដោយប្តូរមកប្រើប្រាស់ប្រភពថាមពលកាបូនទាប ដូចជាឧស្ម័នធម្មជាតិនាំចូលប្រភេទ LNG ឬអ៊ីដ្រូសែនជំនួសវិញ។

រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានថ្លែងបន្តទៀតថា រាជរដ្ឋាភិបាលបានបន្តលើកទឹកចិត្តចំពោះការវិនិយោគលើវិស័យថាមពលស្អាត និងការឆ្លើយតបចំពោះការប្រែប្រួលអាកាសធាតុ។ ជាមួយគ្នា រាជរដ្ឋាភិបាលក៏បាន ប្តេជ្ញាចិត្តចំពោះការអនុវត្តអនុសញ្ញាក្របខណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) ដោយផ្អែកលើគោលការណ៍ទទួលខុសរួម តែមានកម្រិតផ្សេងៗ និងតាមសមត្ថភាពរៀងៗខ្លួន។

លោក រដ្ឋមន្រ្តី បានបន្ថែមថា រាជរដ្ឋាភិបាល បានប្តេជ្ញាចិត្តអនុវត្តវិធានការលម្អិតនានាក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុ ដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់បញ្ចូលនៅក្នុងផែនការសកម្មភាព ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុក្នុងវិស័យថាមពល (២០២១-២០២៣) និងផែនការអភិវឌ្ឍន៍ជាតិ (២០១៩-២០២៣) ស្របតាមយុទ្ធសាស្ត្រចតុកោណ និងផែនការអាទិភាពជាតិ។

បើតាម​ជំនួបដដែល លោក រដ្ឋមន្ត្រី ក៏បានបង្ហាញអំពីគោលជំហរសំខាន់ៗរបស់កម្ពុជាក្នុងវិស័យថាមពល ដែលពាក់ព័ន្ធនឹងបញ្ហាអាកាសធាតុសកលនេះ ដោយមានការបង្កើនការប្រើប្រាស់ថាមពលកកើតឡើងវិញនិងប្រភពថាមពលផ្សេងទៀតដែលមិនគ្រោះថ្នាក់ដល់បរិស្ថាន។

យោងតាមការសិក្សាផែនការមេអភិវឌ្ឍន៍ថាមពលថ្មីរបស់កម្ពុជា ដែលកំពុងរៀបចំជាមួយធនាគារ ADB ចំពោះការចូលរួមដោះស្រាយគោលដៅបរិស្ថានជាតិ និងការបេ្តជ្ញាចិត្តជាសកលក្នុងវិស័យថាមពលនេះ គឺសមាមាត្រនៃអនុភាពនៃប្រភពថាមពលកកើតឡើងវិញទៅក្នុងប្រភពថាមពលចម្រុះសរុបរបស់កម្ពុជា នឹងមានចំនួនប្រមាណ ៥៩% ហើយអាំងតង់ស៊ីតេនៃការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ក្នុងផែនការថ្មី ធៀបនឹងសេណារីយ៉ូចាស់តាមទម្លាប់ដែលកម្ពុជាធ្វើការអភិវឌ្ឍពីមុនមក គឺនឹងបន្ថយចំនួន ៣៤% ធៀបទៅនឹងការអភិវឌ្ឍតាមទម្លាប់ចាស់។ បើតាមការថ្លែងបន្ថែមទៀតរបស់ លោក ស៊ុយ សែម។

បើតាម លោក ស៊ុយ សែម ក៏បានលើកឡើងឱ្យដឹងទៀតថា គិតត្រឹមពេលបច្ចុប្បន្ន ការផ្គត់ផ្គង់អគ្គិសនីពីប្រព័ន្ធបណ្តាញជាតិ មានភូមិចំនួន ៩៧% ទទួលបានការផ្គត់ផ្គង់អគ្គិសនីពីបណ្តាញចែកចាយអគ្គិសនី និងលំនៅដ្ឋានចំនួនជាង ៨៤% ទទួលបានការភ្ជាប់បណ្តាញប្រើប្រាស់។

នៅក្នុងជំនួបខាងលើ លោកស្រី ឯកអគ្គរាជទូត បានសាទរចំពោះវឌ្ឍនភាពនៃការអភិវឌ្ឍថាមពលរបស់កម្ពុជា ដែលមានការរីកចម្រើនគួរឱ្យកត់សម្គាល់។ លោកស្រី ក៏បានលើកឡើងអំពីជំនួយហិរញ្ញវត្ថុក្នុងគម្រោងអភិវឌ្ឍន៍ថាមពលសម្រាប់កម្ពុជា ក៏ដូចជាស្នើឱ្យក្រសួងចែករំលែកបទពិសោធន៍ និងការអនុវត្តល្អៗ ដែលខ្លួនបាននិងកំពុងអនុវត្តក្នុងវិស័យនេះទៅក្នុងថ្នាក់តំបន់ផងដែរ ក្នុងនាមកម្ពុជាជាប្រធានអាស៊ាននាពេលខាងមុខ។

ទន្ទឹមនឹងនេះ លោកស្រី ក៏ស្នើសុំឱ្យក្រសួង ពិនិត្យនិងគាំទ្រគម្រោងវិនិយោគថាមពលដើរដោយពន្លឺព្រះអាទិត្យរបស់ក្រុមហ៊ុនអង់គ្លេសនៅកម្ពុជាផងដែរ។

សូមបញ្ជាក់ថា កម្ពុជា បានចូលរួមចំណែកយ៉ាងច្រើនរួចមកហើយក្នុងការផលិតថាមពលអគ្គិសនីពីថាមពលកកើតឡើងវិញ ហើយយើងបេ្តជ្ញាចិត្តបន្តទៀតក្នុងការផលិតថាមពលអគ្គិសនីពីថាមពលកកើតឡើងវិញឱ្យបានយ៉ាងតិច ២៥% ក្នុងល្បាយថាមពលនៅឆ្នាំ២០៣០។ កម្ពុជា ក៏នឹងបន្តជំរុញនិងលើកកម្ពស់បន្ថែមលើការកែច្នៃគម្រោងមុនៗដែលប្រើឥន្ធនៈហ្វូស៊ីល ឱ្យមានលក្ខណៈស្អាតជាងមុន ដោយប្រើប្រាស់បច្ចេកវិទ្យាថ្មីៗផងដែរ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)